បណ្តាញសង្គម

រសៀលនេះសម្តេចតេជោ អញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។

ភ្ជាប់នឹងការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃនេះ ក៏នឹងរៀបចំពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៦ និងការពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីផងដែរ។

«វប្បធម៌» ជាមែកធាងមួយនៃអរិយធម៌ ដែលទាក់ទងនឹងការបណ្តុះបណ្តាលចំណេះវិជ្ជាប្រាជ្ញាសារតី ទំនៀមទម្លាប់ សីល្បៈ វិទ្យាសាស្ត្រ អក្សរសាស្ត្រ... ឱ្យបានលូតលាស់រីកចម្រើន។

ដោយឡែកគណៈកម្មការវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យនិយមន័យវប្បធម៌ថា ជាការបណ្តុះចំណេះវិជ្ជា, ប្រាជ្ញា, សារតី និងរបៀបរស់នៅរបស់មនុស្សឱ្យបានលូតលាស់ចម្រើន ដើម្បីសម្របសម្រួលទៅនឹងបរិស្ថាន និងការអភិវឌ្ឍសង្គមដោយវិទ្យាសាស្ត្រ ឬដោយសិល្បៈផ្សេងៗជាដើម។

«វប្បធម៌» ត្រូវបានបុព្វបុរសខ្មែរផ្តល់តម្លៃខ្ពស់បំផុត និងចាត់ជាធាតុដ៏សំខាន់សម្រាប់សង្គមជាតិ រហូតបានតាក់តែងជាពាក្យមួយឃ្លាថា «វប្បធម៌រលត់ ជាតិរលាយ» ថែមទៀតផង។

ដោយយល់ថា វប្បធម៌គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ និងជាស៊ីម៉ង់តិ៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលជាមធ្យោបាយនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជាតិទាំងមូលស្របតាមទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌» ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យរៀបចំទិវាវប្បធម៌ជាតិ៣មីនា រៀងរាល់ឆ្នាំ។

ទិវាវប្បធម៌ជាតិ៣មីនា ត្រូវបានចាត់ទុកជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប ដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ និងជាទិវាបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀបទម្លាប់ ប្រពៃណីជាតិ ពីសំណាក់ប្រជាពលរដ្ឋ។

ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន មានកាតព្វកិច្ចចូលរួមថែរក្សាការពារនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ និងខេមរបុត្រមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានអញ្ជើញចូលរួមក្នុងទិវាវប្បធម៌ជាតិ៣មីនាជារៀងរាល់ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋខ្មែរ។

ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឱ្យសិ្ថតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ នៃសហគមន៍ជាតិ នៅកម្ពុជា សំដៅរក្សាឱ្យបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

ដោយមើលឃើញថា ក្រុមយុវវ័យជាចលករដ៏សំខាន់ក្នុងការថែរក្សា និងលើកកម្ពស់ចំពោះវប្បធម៌ជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានកំណត់ឱ្យប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ជារៀងរាល់ឆ្នាំផងដែរ។

សូមបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យចូលរួមអនុវត្តឱ្យកាន់តែសកម្មថែមទៀត នូវចំណុចជាសារវន្តមួយចំនួនដូចខាងក្រោម៖

* លើកកម្ពស់មនសិការ និងស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះ នៃសហគមន៍ជនជាតិនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាចលករនៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។

* បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយថាមពលខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។

* លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឲ្យបានគង់វង្សល្អនូវរាល់ ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ។

* លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្តភាព ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ឲ្យខិតខំបង្កបង្កើន ស្នាដៃវប្បធម៌ថ្មីៗប្រកបដោយគុណភាព។

* ជំរុញឲ្យមានការចូលរួម ដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនានិងពណ៌សម្បុរ៕

ដកស្រង់ពី៖ Fresh News