បណ្តាញសង្គម

សិក្ខាសាលា ផ្សាព្វផ្សាយ បទពិសោធន៍ល្អៗ របស់គម្រោងកែលម្អអប់រំ កម្រិតមូលដ្ឋាន នៅកម្ពុជា និងពិគ្រោះយោបល់ អំពីសាលារៀនថ្មី

កំពង់ចាម៖ ក្រសួងអប់រំបាន ពង្រឹងវិស័យអប់រំ ដោយមានរៀបចំបើក សិក្ខាសាលា ពិគ្រោះយោបល់សម្រាប់ សាលារៀន អ្នកជំនាន់ថ្មី និងបង្ហាញបទពិសោធន៍ល្អៗ ក្នុងគម្រោងកែលម្អ អប់រំកម្រិតមូលដ្ឋាន នៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី ២៥.២៦ ខែសីហា ឆ្នាំ ២០១៤ នៅសាលាគរុកោសល្យ និងវិក្រិតការ ខេត្តកំពង់ចាម ។

លោក ស៊ឹម សុខព្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ចំពោះវិស័យអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម មានសាលាសរុប ទូទាំងខេត្តចំនួន៧២១ សាលា ក្នុងនោះមត្តេយសិក្សា ១៩៨ កន្លែង បថមសិក្សា ៤០៣ កន្លែង អនុវិទ្យាល័យ សរុបចំនួន ៨២ កន្លែង វិទ្យាល័យ សរុបចំនួន ៣៨ កន្លែង អគារសិក្សាចំនួន ១.៣៥៥ ខ្នង បន្ទប់ចំនួន ៦.១២២បន្ទប់ ថ្នាក់ចំនួន ៥.៥៩១ ថ្នាក់ ។ សិស្សសរុប ចំនួន ២១៨.១២៤ នាក់ ស្រី ១០៥.៧៤១ នាក់ ។ បុគ្គលិក សិក្សាសរុបចំនួន ៧.៥៣២ នាក់ ស្រី ៣.៦៤៥ នាក់ ។

ដោយឡែក វិស័យអប់រំ មានកំណែទម្រង់ប្រកបដោយ គុណភាព របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណ្ណត្តិទី៥ ដំណាក់ កាល ទី៣ នៃយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល កម្ពុជា លទ្ធផលពិតជា នឹងទទួលបាន នូវធនធានមនុស្ស ប្រកបដោយ គុណភាព ឆ្លើយតបនឹងការអភិវឌ្ឍ ប្រទេសជាតិនាពេល អនាគតជាមិនខាន ។ ទាំងនេះ មិនអាចកាត់ផ្តាច់ បានពីការចូលរួម ឧបត្តម គាំទ្រគ្រប់ បែបយ៉ាង ពីរាជរដ្ឋាភិបាល សហគមន៍ជាតិ-អន្តរជាតិ អាជ្ញាធរដែនដី សាលារៀន គ្រួសារសប្បុរសជន និងដៃគូអភិវឌ្ឍទាំងអស់ យ៉ាង សកម្មក្នុង ការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា ដោយឡែកខេត្តកំពង់ចាម ក្នុងស្មារតី «ការអប់រំសម្រាប់ ទាំងអស់គ្នា ទាំងអស់គ្នា សម្រាប់ ការអប់រំ» បានសម្រេចលទ្ធផល ដូចបានរំពឹងទុក ។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងជំនាញ មិនស៊ីគ្នា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឲ្យប្រើនូវ ផែនការយុទ្ធសាស្រ្តវិស័យ អប់រំ ២០១៤-២០១៨ ដោយផ្អែកលើ គោលនយោបាយបី ៖ -ផ្តល់ការចូលរៀន ដោយសមធម៌ -កែលម្អគុណធម៌ និងភាពឆ្លើយតប ដោយបង្កើត មជ្ឈមណ្ឌលឧត្តមភាព (ការអាន គណិតវិទ្យា វិទ្យាសាស្រ្ត និង បំណិន) ឲ្យត្រូវតាមតម្រូវការ ទីផ្សារពលកម្ម -ពង្រឹងសមត្ថភាពស្ថាប័ន និងវិជ្ជាជីវៈនិយម របស់អ្នកគ្រប់គ្រង គ្រប់ កម្រិត ថ្នាក់ជាពិសេស នាយកសាលារៀន ។ ការអប់រំត្រូវតែឆ្លើយតប នឹងទិសដៅអនាគត នៃសេដ្ឋកិច្ចកម្ពុជា (ទំនើបកម្មកសិករ ពលករជំនាញ និងវិស្វករ) ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា វត្ថុបំណង នៃកំណែទម្រង់គឺបង្កើត សាលារៀនជំនាន់ថ្មី ពិនិត្យកម្មវិធី សិក្សាតាមរយៈ គោលនយោបាយ ផ្លាស់ប្តូរ៖ ១-ផ្តោតលើបំណិន ដូចជា បំណិនមូលដ្ឋាន (អក្សរ និងលេខ) បំណិនបច្ចេកទេសនិងវិជ្ជាជីវៈ និងបំណិន អាចផ្ទេរបាន ២-ណែនាំការរៀន ផ្អែកលើគម្រោង ដើម្បីប្រែក្លាយពីអ្នកអប់រំ ទៅជាជំនួយការដល់សិស្សរៀន ៣-ផ្តលការផ្សារ ភ្ជាប់ កម្មវិធីបណ្តុះ បណ្តាលគ្រូ សៀវភៅសិស្ស និងសម្ភារសិក្សានិង យន្តការវាយតម្លៃ និងការតម្រឹម និងកែតម្រូវខ្លឹមសារកម្មវិធីសិក្សា ទៅនឹងតម្រូវការកើតមាន ជាពិសេស គោលវិធីគរុកោសល្យ និងការបង្រៀនគណិតវិទ្យា និងវិទ្យាសាស្រ្ត ដែលចាំបាច់សម្រាប់ ពិពិធកម្មសេដ្ឋកិច្ច ៕