បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន៖ ឧបករណ៍ចាប់សំឡេងទូរស័ព្ទ នៅតែបន្តប្រើតាមដានសកម្មភាពទុច្ចរិត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ឧបករណ៍សម្រាប់ចាប់សំឡេងទូរស័ព្ទ នៅតែត្រូវដាក់ឲ្យបន្តប្រើប្រាស់ ដើម្បីតាមដានសម្មភាពរបស់ក្រុមទុច្ចរិតទាំងឡាយ ដែលនិយាយមិនពិត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសនោះ សម្តេចក៏បានព្រមានចាប់ខ្លួនក្រុមមនុស្ស ដែលបានកាឡៃប្រសាសន៍សម្តេចថា សម្តេចត្រៀមកាត់ប្រាក់ខែ ៥០ភាគរយ។ សម្តេចរំលឹកថា សម្តេចគ្រាន់តែកាត់បន្ថយ ការចំណាយពី២៥ ទៅ៥០ភាគរយ នៅតាមក្រសួង-ស្ថាប័នតែប៉ុណ្ណោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងការចាប់សម្លេង ខ្ញុំនិយាយពីការកាត់បន្ថយការចំណាយ ៥០ភាគរយ នៃក្រសួង-ស្ថាប័ន វាទៅកាឡៃថាយើងកាត់បន្ថយប្រាក់ខែ ៥០ភាគរយ។

ពួកអាចង្រៃអស់នេះ ខ្ញុំថាល្មមប្រើបច្ចេកវិទ្យាតាមចាប់យកមកតែម្តង»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការចាប់សំឡេងនិយាយទូរស័ព្ទ ដើម្បីស្តាប់សកម្មភាពទុច្ចរិតនៅតែបន្តធ្វើ។ សម្តេចតេជោ បានអះអាងថា ការចាប់សំឡេងនេះ មិនមែនមានតែកម្ពុជានោះទេ សូម្បីសម្តេចក៏ត្រូវបានប្រទេសនានាចាប់សំឡេងដែរ។

សម្តេចមានប្រសាសន៍បន្តថា «ប្រទេសនានាគេស្តាប់យើងនិយាយទាំងអស់ហ្នឹង រាល់ថ្ងៃសូម្បីតែខ្ញុំនៅក្នុងភ្នំពេញ ស្មានតែប្រទេសនានាគេអត់ប្រដាប់ស្តាប់ឬ?»៕

ដកស្រង់ពី៖ Fresh News