បណ្តាញសង្គម

ទិវាអំណានជាតិធ្វើនៅវិទ្យាល័យ ហ៊ុន សែន តាគោក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីរំលឹកស្នាដៃរបស់សម្តេចសង្ឃរាជ ជួន ណាត

(ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណាននៅថ្ងៃ១១ ខែមីនា ឆ្នាំ២០២០ វិទ្យាល័យហ៊ុន សែន តាគោក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រារព្ធទិវាជាតិអំណាន នៅវិទ្យាល័យ ដោយមានការប្រកួតអានសម្រាប់សិស្សានុសិស្ស។

តាមរយៈព្រឹត្តិការណ៍នេះនាំដោយលោក អាំ សុផល នាយកវិទ្យាល័យ ហ៊ុន សែន តាគោក ដោយមានគោលបំណងលើកកម្ពស់វប្បធម៌ នៃការអាន និងបំផុសឲ្យគ្រាប់គ្នា ចូលចិត្តការអានសៀវភៅ ឡើងវិញ។

ទិវាជាតិអំណាននេះដែរ ក៏មានចូលរួមពីលោកគ្រូ អ្នកគ្រូ ក៏ដូចជា គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សទាំងមូល នៅវិទ្យាល័យ ហ៊ុន សែន តាគោក និងមកពីការិយាល័យអប់រំ យុវជន និងកីឡា ស្រុកព្រះស្តេចផងដែរ។

លោក អាំ សុផល បានឲ្យដឹង ការប្រកួតប្រជែងអាន មានសិស្សមកពីថ្នាក់នីមួយៗ ត្រូវបានជ្រើសរើសជាចុងក្រោយសម្រាប់រង្វាន់ទី១ ហើយនឹងបានទទួលរង្វាន់លើកទឹកចិត្ត។

ហើយសិស្សដែល បានចូលរួមក្នុងការប្រកួតប្រជែង ទទួលបានសៀវភៅអានមួយចំនួន ដែលលើកទឹកចិត្តឱ្យពួកគេអានបន្ថែម និងចែករំលែកជាមួយសិស្សដទៃទៀតនៅក្នុងថ្នាក់។ សូមបញ្ជាក់ថា កម្ពុជាបានកំណត់ថ្ងៃទី១១ ខែមីនា ជាទិវាជាតិអំណាន ក្រោយពេលអនុក្រឹត្យមួយបានចេញនៅខែកញ្ញា ឆ្នាំ២០១៥។

កាលបរិច្ឆេទនេះ បានកំណត់ឡើងឱ្យត្រូវនឹងថ្ងៃខែកំណើតរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកជំនាញអក្សរសាស្ត្រខ្មែរ។ ក្នុងឆ្នាំ២០១៦ កម្ពុជា បានប្រារព្ធទិវាជាតិអំណានជាលើកទីមួយ ហើយបាននឹងកំពុងបន្តការប្រារព្ធនេះមកទល់បច្ចុប្បន្ន ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។

គោលបំណងរបស់រដ្ឋាភិបាល ក្នុងការប្រារព្ធពិធីនេះគឺទីមួយ ដើម្បីរំលឹកពីស្នាដៃ និងកិច្ចការងាររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ហើយទីពីរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអាន និងលើកកម្ពស់ទម្លាប់ នៃការអានរបស់សិស្ស មន្ត្រីរាជការ និងសាធារណៈជនទូទៅ៕

ដកស្រង់ពី៖ Fresh News