បណ្តាញសង្គម

គម្រោងវិនិយោគធំៗចំនួន១៥ ទុនវិនិយោគសរុប៥៣៩លានដុល្លារ កំពុងស្នើសុំការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» ពិនិត្យពិភាក្សាលើកមតិសុំការពិនិត្យ សម្រេចពីរាជរដ្ឋាភិបាល នូវសំណើវិនិយោគចំនួន១៥គម្រោង ក្នុងគម្រោងទុនវិនិយោគសរុបប្រមាណ៥៣៩លានដុល្លារអាមេរិក ដែលគ្រោងនឹងប្រើប្រាស់ កម្លាំងពលកម្មសរុបប្រមាណ៧,៦២៦កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគដែលអង្គប្រជុំ «ច្រកចេញ-ចូលតែមួយ» នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យសម្រេចខាងលើនេះ មានការកត់សម្គាល់ ដូចខាងក្រោម៖

១៖ គម្រោងវិនិយោគផលិត និងផ្គុំដំឡើងបន្ទះសូឡា Transformer, Switchboard, ខ្សែភ្លើង និងសម្ភារៈបរិក្ខារអគ្គិសនីមានចំនួន៤គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាមេរិក។

២៖ គម្រោងវិនិយោគផលិតសម្បកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ៣៣លានដុល្លារអាមេរិក នៅខេត្តកំពង់ស្ពឺ។

៣៖ គម្រោងវិនិយោគសណ្ឋាគារថ្នាក់ផ្កាយ៣ចំនួន៧១០បន្ទប់ ១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ៥៩លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ។

៤៖ គម្រោងបង្កើតកសិដ្ឋានដាំចេក១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ១២លានដុល្លារអាមេរិក នៅខេត្តកំពង់ចាម។

៥៖ គម្រោងបង្កើតបង្កើតរោងចក្រកែច្នៃ និងផលិតម្សៅមីចំនួន២គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ១៣លានដុល្លារអាមេរិក នៅខេត្តបន្ទាយមានជ័យ និងនៅខេត្តស្ទឹងត្រែង។

៦៖ គម្រោងបង្កើតបង្កើតរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ១៦១លានដុល្លារអាមេរិក នៅខេត្តកណ្តាល។

៧៖ គម្រោងមជ្ឈមណ្ឌលទិន្នន័យ១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ១០២លានដុល្លារអាមេរិក នៅរាជធានីភ្នំពេញ។

៨៖ គម្រោងលើវិស័យផ្សេងៗទៀតដូចជា៖ គម្រោងសាងសង់មន្ទីរពហុព្យាបាលចំនួន៥០គ្រែ រោងចក្រកែច្នៃដែក រោងចក្រផលិតសម្ភារៈតុបតែងសក់ និងរោងចក្រផលិតស្បោងប្លាស្ទីកគ្រប់ប្រភេទ មានចំនួន៤គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ ១២៩លានដុល្លារអាមេរិក៕

ដកស្រង់ពី៖ Fresh News