បណ្តាញសង្គម

សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនបើមានការដាក់ប្រទេសក្នុងគ្រាអាសន្នអាចមានពីរកម្រិត ហើយពេលនេះមិនទាន់សម្រេចដាក់នៅឡើយទេ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានអះអាងថា ការដាក់ប្រទេស ក្នុងគ្រាអាសន្ន អាចមានពីរកម្រិត គឺកម្រិតធ្ងន់ និងកម្រិតស្រាល ប៉ុន្ដែកម្ពុជា មិនទាន់សម្រេចថា យកកម្រិតណា មួយច្បាស់លាស់នៅឡើយទេ គឺកំពុងសិក្សា ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យថ្មី ស្ដីពីការផាកពិន័យ អន្ដរការណ៍ ចំពោះអ្នកល្មើសច្បាប់ ចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ការប្រកាសអាសន្ន កម្រិតធ្ងន់ គឺគ្រប់សិទ្ធិទាំងអស់ត្រូវបានដាក់ហូត ។ ដោយឡែកការ ប្រកាសកម្រិតស្រាល គឺគ្រាន់តែមិនអនុញ្ញាត ឲ្យប្រជាពលរដ្ឋចេញ ពីផ្ទះប៉ុណ្ណោះ ដែលគេហៅថា Lock Down ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា « ការប្រកាសដាក់ ភាពអាសន្ន បើតាមការស្រាវជ្រាវ ទៅអាចមានពីរយ៉ាង កម្រិតធ្ងន់ និងកម្រិតស្រាល ។ បើកម្រិតធ្ងន់ គឺទាំងអស់ទាក់ទង នឹងការដើរហើរ ការជួបប្រជុំ ឬការទាក់ទងនឹង ការងារផ្សេងៗជាច្រើន ប៉ុន្ដែមិនដឹងថាថៃ ដាក់ក្នុងកម្រិតណាទេ ។

មួយទៀត គ្រាន់តែឃុំ នៅក្នុងផ្ទះទេ មានន័យថា គ្រប់គ្រងគាត់ នៅផ្ទះមិនឲ្យចេញពីផ្ទះ Lock Down។ សម្ដេចតេជោ លោកបង្ហើបដែរទាក់ទង រឿងប្រកាសអាសន្ន ប៉ុន្ដែថាយកជម្រើស ណាយើងមិនទាន់ដឹងទេ ហើយខ្ញុំក៏មិន ទាន់ដឹងដែរ » ។

ស្របពេលកម្ពុជា កំពុងប្រឈមជាមួយជំងឺ COVID-19 ហើយរាជរដ្ឋាភិបាល កំពុងសិក្សារឿងដាក់ ប្រទេសក្នុងគ្រាអាសន្ននេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាទៅ អគ្គស្នងការដ្ឋាន នគរបាលជាតិ  ត្រូវរៀបចំវាយតម្លៃ សភាពការណ៍ និងត្រៀមរៀបចំ ផែនការដើម្បីបង្ការ កុំឲ្យមានការអុកឡុកផ្សេងៗ របស់ជនឆ្លៀតឱកាស ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា អ្នកឆក់ឱកាស គឺនៅពេលមាន បញ្ហាច្របូកច្របល់ ពួកគេនឹងធ្វើ សកម្មភាពភ្លាមៗ ដូច្នេះហើយមិនត្រូវមើល ស្រាលសភាពការណ៍នោះទេ ពោលត្រូវតែម្ចាស់ការ ដើម្បីគ្រប់គ្រងសភាពការណ៍ ។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយ សូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេស ឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃ បានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌា ក៏បានប្រកាសរួចហើយ ។

សម្តេចតេជោ បញ្ជាក់ថា សម្តេចកំពុង ឲ្យមានការសិក្សា អំពីវិសាលភាព នៃការដាក់ប្រទេស ក្នុងគ្រាមានអាសន្ននេះ ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រសួងរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មី ចំនួន០២នាក់ទៀត សរុបកើនដល់៩៨នាក់ ខណៈអ្នកជំងឺ១នាក់ បានជាសះស្បើយ សរុបកើនដល់ ១១នាក់ ៕

ដកស្រងពី ៖ FreshNews