បណ្តាញសង្គម

មន្ទីរសុខាភិបាលខេត្ដសៀមរាប៖ ឆាប់ៗនេះអ្នកជំងឺកូវីដ១៩ នឹងជាសះស្បើយបន្ដទៀត បន្ទាប់ពីបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ បានជាសះស្បើយចេញពីមន្ទីរពេទ្យម្សិលមិញ

ប្រធានមន្ទីរ សុខាភិបាល ខេត្ដសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងថា នៅពេលឆាប់ៗ ខាងមុខនេះ អ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ដែលកំពុងសម្រាក ព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្ដសៀម រាបចំនួនទាំង ៦នាក់ និងអាចជាសះស្បើយ ជាបន្ដបន្ទាប់ បន្ទាប់ពីបុរស ជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ បានព្យាបាល ជាសះស្បើយ ត្រឡប់ទៅកាន់ លំនៅដ្ឋានរបស់ ខ្លួនកាលពីម្សិលមិញនេះ ។

លោកវេជ្ជបណ្ឌិត បានថ្លែងប្រាប់ អង្គភាព ព័ត៌ភាពមាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ទៀតថា រហូតមក ដល់ពេលនេះ នៅខេត្ដសៀមរាប មានករណី វិជ្ជមានកូវីដ១៩ ចំនួន៧នាក់ ( ២នាក់ ជនជាតិឥណ្ឌូនេស៊ី និង ៥នាក់ ជាជនជាតិខ្មែរ ) ដែលបូកបញ្ជូលទាំង ករណីថ្មី ២នាក់ម្ដាយ និងកូនប្រុស បន្ថែមទៀត ដែលក្រសួង បានប្រកាសនៅព្រឹកមិញនេះ ដែលបានឆ្លងពីបុរសម្នាក់ មានផ្ទុកកូវីដ១៩ ក្រោយពេលត្រឡប់ ពីចូលរួមបុណ្យសាសនា នៅប្រទេសម៉ាឡេស៊ី ។

ដូច្នេះក្នុងចំណោម អ្នកជំងឺកូវីដ១៩ ទាំង ៧នាក់នេះ ក៏មានបុរសជនជាតិ ខ្មែរម្នាក់ បានជាសះស្បើយ និងចេញពីពេលមន្ទីរពេទ្យ ត្រលប់ទៅគេហដ្ឋានរបស់ខ្លួនកាលរសៀលម៉ោង៣ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះផងដែរ។ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បានគូសបញ្ជាក់ថា « សម្រាប់អ្នកជំងឺកូវីដ១៩ ទាំង៦នាក់នេះ គឺបានដាក់ដោយ ឡែក ដើម្បីថែទាំព្យាបាល ពីក្រុមគ្រូពេទ្យ ជំនាញរបស់យើង ដែលបានបែងចែក ជាបីក្រុមយ៉ាង ម៉ត់ចត់ ហើយយើងនឹងសង្ឃឹមថា ពួកគាត់នឹង ជាសះស្បើយឆាប់ៗនេះ » ។

សូមជម្រាបថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ ១០៩នាក់ បើគិតត្រឹមព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ។ បើគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុង ប្រទេសកម្ពុជា បានកើនដល់ ២៣នាក់ហើយ ក្នុងនោះមាន ជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស ៣នាក់ ជនជាតិបារាំង១នាក់ និងជនជាតិខ្មែរ ១៨នាក់។ ពេលនេះមាន អ្នកជំងឺកូវីដ១៩ ចំនួន៨៦នាក់ កំពុងសម្រាក ព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៨នាក់ ។

ខាងក្រោមជា សកម្មភាពអ្នកជំងឺកូវីដ១៩  នៅខេត្តសៀមរាប ហាត់ប្រាណ ដើម្បីសុខភាព ព្រមទាំងជួយក្នុងការព្យាបាល ឆាប់ជាសះស្បើយ ៖

ដកស្រងពី ៖ Fresh News