បណ្តាញសង្គម

ធនាគារជាតិនៃកម្ពុជា ណែនាំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជៀសវាងដាច់ខាតការរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល ក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង ត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានអំពាវនាវ យ៉ាងទទូចដល់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ ដោះស្រាយបំណុល ជាមួយកូនបំណុល និងមិនត្រូវរឹបអូសទ្រព្យ បញ្ចាំរបស់កូនបំណុល ខ្លួននោះឡើយ ក្នុងពេលដែលកំពុង មានការរីករាលដាលនៃជំងឺកូវីដ១៩ ។

ថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ លោក គិត សុវណ្ណារិទ្ធ បានបញ្ជាក់ថា «សូមអំពាវនាវ ដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ ដោះស្រាយបំណុល ជាមួយកូនបំណុល តាមការណែនាំ របស់ធនាគារជាតិ នៃកម្ពុជា និងជៀសវាងដាច់ខាត ក្នុងការរឹបអូសទ្រព្យ បញ្ចាំដូចជា ផ្ទះសំបែងរបស់ អតិថិជន ក្នុងកំឡុងពេល ពួកគាត់កំពុងទទួលរង ផលប៉ះពាល់ ពីការរីករាលដាល នៃជំងឺកូវីដ១៩នេះ » ។

លោក បានបន្ថែមថា ធនាគារជាតិ នៃកម្ពុជា ក៏បានបង្កើត ប្រព័ន្ធទូរស័ព្ទ HOTLINE ដើម្បីទទួលព័ត៌មាន ពីផលវិបាក របស់អតិថិជនដែល បានជួបប្រទះ ក្នុងការប្រើប្រាស់ សេវាហិរញ្ញវត្ថុ ។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានដាក់ដំណើរការ លេខទូរស័ព្ទទំនាក់ទំនង ប្រចាំទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខា ធនាគារជាតិ នៃកម្ពុជារាជធានី-ខេត្ត ដើម្បីទទួលការហៅ ទូរស័ព្ទពីសាធារណជន ដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធ នឹងការប្រើប្រាស់ សេវាហិរញ្ញវត្ថុ នៅកម្ពុជា ។ សាធារណជនអាចទូរស័ព្ទ មកកាន់លេខនីមួយៗ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ៕