Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភាជាតិ បោះឆ្នោតផ្ដល់ សេចក្ដី​ទុកចិត្ត រួចហើយ នូវគណៈកម្មការជំនាញ ទាំង១០

  • បោះពុម្ព

ភ្នំពេញ៖ សមាជិករដ្ឋសភា ចំនួន១២២រូប ក្នុងចំណោម១២៣រូប បានបោះឆ្នោត បំពេញបន្ថែម រួចហើយនូវ សមាសភាព គណៈកម្មការ ទាំង១០ នៃរដ្ឋសភា ខណៈប្រធានគណៈកម្មការ ចំនួនពីររូបរបស់ គណបក្សសង្គ្រោះជាតិ មិនជាប់ជាប្រធាន ដូចការគ្រោងទុកនោះទេ។

យោងតាមលទ្ធផល នៃការបោះឆ្នោត នៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០១៤ បានបង្ហាញថា ប្រធានគណៈកម្មការ ២រូប គឺលោកជំទាវ មូរ សុខហួរ និង ឯកឧត្តម យឹម សុវណ្ណ មិនបានជាប់ជា ប្រធានគណៈកម្មការ នោះទេ។

លោកជំទាវ មូរ សុខហួរ ត្រូវបានធ្លាក់ពី ប្រធានគណៈកម្មការទី៨ គឺគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដោយអ្នកតំណាងរាស្រ្ត ទាំង១២២រូប បានបោះឆ្នោតគាំទ្រ ឲ្យតែ ៥៦សំឡេង ដែលមិនគ្រប់គ្រាន់នូវ សំឡេងគាំទ្រ ៦៣ឡើងទៅ។ ក្នុងនោះ៦៣ រូប មិនព្រម និង ៣ រូប អនុប្បវាទ។

ឯកឧត្តម យឹម សុវណ្ណ ត្រូវបានអ្នកតំណាងរាស្រ្ត សរុបទាំងអស់ ១២២រូប បោះឆ្នោតគាំទ្រតែ ៥៦ សំឡេង តែប៉ុណ្ណោះ ខណៈ ៦៣សំឡេងទៀត មិនគាំទ្រ ឲ្យក្លាយជា ប្រធានគណៈកម្មការ ទី១០ គឺគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ និង៣ទៀត អនុប្បវាទ។

បន្ទាប់ពីសម្រាក១៥នាទី ប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានឡើងប្រកាស នៅក្នុងកិច្ចប្រជុំ វគ្គ២ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះថា លោកជំទាវ កែ សុវណ្ណរ័ត្ន ឡើងជំនួស លោកជំទាវ មូរ សុខហួរ ចំណែក ឯកឧត្តម ហូ វ៉ាន់ ឡើងជំនួស ឯកឧត្តម យឹម សុវណ្ណ។

ក្រោយបិទបញ្ចប់ ការបោះឆ្នោត នៅថ្ងៃដដែលនេះ ប្រធានគណបក្សសង្រ្គោះជាតិ ឯកឧត្តម សម រង្ស៊ី បានថ្លែងថា ការបោះឆ្នោតជ្រើសរើស ប្រធានគណៈកម្មការ ទាំង១០ របស់រដ្ឋសភា នៅព្រឹកមិញនេះ មានភាពរអាក់រអួល មិនស្របតាម កិច្ចព្រមព្រៀង របស់គណបក្សទាំងពីរ។

ឯកឧត្តម សម រង្ស៊ី បន្តថា "កិច្ចប្រជុំបោះឆ្នោតថ្ងៃនេះ មានភាពរអាក់រអួលបន្តិច ធ្វើឲ្យយើង មានការសោកស្ដាយ។ តែយើង នឹងជំរុញឲ្យមាន ដំណោះស្រាយ សមស្របទៅនឹងស្មារតី នៃកិច្ចព្រមព្រៀង នយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក។ ថ្ងៃនេះ យើងមិនបាន អនុវត្តទៅតាម កិច្ចព្រមព្រៀង ឲ្យបានពេញលេញនោះទេ។ តែជឿជាក់ថា នឹងមានដំណោះស្រាយ ដ៏សមស្របនៅពេល ដ៏ខ្លីខាងមុខ"។

ឈរទន្ទឹមគ្នា ជាមួយ ឯកឧត្តម សម រង្ស៊ី ឯកឧត្តម យឹម សុវណ្ណ បេក្ខជនធ្លាក់ពីតំណែង ប្រធានគណៈកម្មការ ទី១០ ថ្លែងថា លោកមិនបានសោកស្តាយ ចំពោះតំណែង ដែលបានបាត់បង់នោះទេ។

ឯកឧត្តម ថា "ទោះបីខ្ញុំជា តំណាងរាស្ត្រធម្មតា ក៏ខ្ញុំនៅតែសប្បាយចិត្ត និងមានមោទកភាព ព្រោះ ប្រជាពលរដ្ឋ បានបោះឆ្នោតគាំទ្រខ្ញុំ! ខ្ញុំនឹងបំពេញ កាតព្វកិច្ច របស់ខ្ញុំបន្តទៀត"។

ឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការ ទី៥ (គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិ ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) បានថ្លែងឲ្យដឹងថា ចំពោះការធ្លាក់ពី ប្រធានគណៈកម្មការ ទី៨ របស់លោកជំទាវ មូរ សុខហួរ និង ឯកឧត្តម យឹម សុវណ្ណ ពីប្រធានគណៈកម្មការ ទី១០ នោះ គណបក្សប្រជាជនកម្ពុជា (CPP) មិនបានដឹងអ្វីទាំងអស់។

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ ឯកឧត្តម ឈាង វុន បន្តថា "ជារឿងធម្មតា ព្រោះនេះជា ការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត។ មានសំណួរសួរថា ជាការរៀបចំទុក ដែលលោកជំទាវ មួរ សុខ ហួរ និង ឯកឧត្តម យឹម សុវណ្ណ មិនជាប់ជា ប្រធានគណៈកម្មការ។ ខ្ញុំសូមបញ្ជាក់ថា សភាកម្ពុជាមាន ភាពចាស់ទុំ ហើយគ្មានអ្នកណាបញ្ជា បានទេ។ដូច្នេះសំណួរនេះ ខ្ញុំទទួលយកអត់បាន ក្នុងនាមជា អ្នកនាំពាក្យរដ្ឋសភា"។

បើតាមឯកឧត្តម ឈាង វុន ការមិនជាប់ជា ប្រធានគណៈកម្មការរបស់ ឯកឧត្តម យឹម សុវណ្ណ និង លោកជំទាវ មួរ សុខហួរ មិនប៉ះពាល់ដល់ កិច្ចព្រមព្រៀង នយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នោះទេ។

សូមបញ្ជាក់ថា សមាជិករដ្ឋសភា ទាំង១២២រូប បានបោះឆ្នោតគាំទ្រ គណៈកម្មការ ទាំង១០ រួមមាន៖

១- ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ គឺគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ ទំនងរដ្ឋសភា ព្រឹទ្ធសភា

២- ឯកឧត្តម ជាម យៀប ប្រធាបគណៈកម្មការទី២ គឺគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម

៣- ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការទី៣ គឺគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិសា្ថន និងធនធានទឹក

៤- ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ គឺ គណៈកម្មការ មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារសាធារណៈ

៥- ឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការទី៥ គឺគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន

៦- ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ គឺគណៈកម្មការ នីតិកម្ម និងយុត្តិធម៌

៧- ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ គឺគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ និងសាសនា វប្បធម៌ និងទេសចរណ៍

៨- លោកជំទាវ កែវ សុវណ្ណរ័ត្ន ប្រធានគណៈកម្មការទី៨ គឺគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី

៩- លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ គឺគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

១០- ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០ គឺគណៈកម្មកា រអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។

សូមជម្រាបថា តាមកិច្ចព្រមព្រៀងនយោបាយ រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ចំពោះរដ្ឋសភា គឺបាននិយាយត្រឹមតែ ការបែងចែង កូតាគ្នារវាង គណបក្សទាំងពីរ តែប៉ុណ្ណោះ មិនបាននិយាយដល់ ឈ្មោះរបស់បុគ្គលឡើយ។ ដូច្នេះ ការបោះឆ្នោតនេះ គឺអនុវត្តទៅតាម កិច្ចព្រមព្រៀងនយោបាយ នោះហើយ៕