បណ្តាញសង្គម

មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និងសំណង់ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា

ដោយផ្តើមជីវិត នៅក្នុងគ្រួសារ មានសន្តានព្រះធម៌ ពេញខ្លួន លោកជំទាវ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានថ្វាយជីវិត របស់ខ្លួន ទៅនឹងព្រះពុទ្ធសាសនា ស្ទើរពេញមួយជីវិត ទៅហើយ ហើយនៅជីវិតចុងក្រោយនេះ ស្ត្រីដែលលះបង់កិលេស មិនយកគ្រួសារ ដើម្បីសាសនារូបនេះ បាននិងកំពុងលះបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងកៀរគរ ពុទ្ធសាសនិកទាំងអស់ សាងសង់នូវ មហាសំណង់ប្រាសាទ ដ៏អស្ចារ្យបំផុត មានកម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ នៅលើស្ថានសួគ៌បៃតង ភ្នំគិរីរម្យ ដោយដាក់ឈ្មោះថា «មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជា»។ 

លោកជំទាវ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា អាយុ ៦៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្វាយជ្រំ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកជំទាវ ឧកញ៉ា មហាឧបាសិកា បានរើផ្ទះមករស់នៅភ្នំពេញ ក្រោយរបប ប៉ុល ពត ត្រូវបានផ្តួលរំលំ ហើយ លោកជំទាវ ឧកញ៉ា មហាឧបាសិកា ក៏បានចូលបម្រើការងារ រដ្ឋផ្នែកគយ នៅក្រសួងពាណិជ្ជកម្ម ហើយ លោកជំទាវ ឧកញ៉ា មហាឧបាសិកា ត្រូវបានគេដឹងថា ជាមនុស្សដ៏មានឥទ្ធិពលម្នាក់ នៅជំនាន់លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។

ប៉ុន្តែលោកជំទាវ ឧកញ៉ា មហាឧបាសិកា រូបនេះ បានសម្រេចចិត្ត ដើរចេញពីការងាររដ្ឋ ក៏ងាកមករកស៊ីធ្វើជំនួញ ដោយខ្លួនឯងនៅ ឆ្នាំ១៩៩១ ដោយធ្វើជំនួញ នាំចេញនាំចូលអីវ៉ាន់ គ្រប់ប្រភេទ នៅព្រំដែន ខេត្តកោះកុង ហើយក្រោយមក លោកជំទាវ ឧកញ៉ា មហាឧបាសិកា ក៏បានផ្លាស់ប្តូរ មករកស៊ីផ្នែកអចលនទ្រព្យ ទិញលក់ដីធ្លី និងលក់ជួលផ្ទះសម្បែង សល់ទ្រព្យ មិនតិចនោះទេ តែយ៉ាងណា លោកជំទាវ ឧកញ៉ា មហាឧបាសិកា ក៏មិនភ្លេចការធ្វើបុណ្យទាន នោះដែរ។

លោកជំទាវ ឧកញ៉ា មហាឧបាសិកា បញ្ជាក់ថា៖ «ដោយសារតែ ខ្ញុំមានឈាមជ័រ ឪពុកម្តាយ ដូនតាជា អ្នកធម៌អាថ៌ ធ្វើបុណ្យទាន ទោះបីរវល់ ការងារយ៉ាងណា ក៏ខ្ញុំមិនភ្លេច ការធ្វើបុណ្យដែរ។ ដំបូងឡើយខ្ញុំ ធ្វើការ ៧០ ភាគរយ តែក្រោយ ឆ្នាំ១៩៩៤ មកខ្ញុំធ្វើបុណ្យ ៧០ ភាគរយ ធ្វើការតែ ៣០ ភាគរយទេ»។

ដោយមើលឃើញ ពីកិលេសតណ្ហា និងភាពឈឺផ្សា នៅក្នុងសង្គម កាន់តែកើតឡើងនោះ លោកជំទាវ ឧកញ៉ា មហាឧបាសិកា ក៏បានពិចារណា ឃើញថា មានតែព្រះធម៌ប៉ុណ្ណោះ ជាផ្លូវស្ងប់ អាចនាំជីវិតរបស់លោកស្រី ទៅកាន់ទីសុខ រំលត់ទុក្ខនោះ ដូច្នេះតាំងពី ឆ្នាំ១៩៩៥ មក លោកជំទាវ ឧកញ៉ា មហាឧបាសិកា ក៏បានដើរលើផ្លូវព្រះធម៌ រៀនសូត្រគម្ពីរពុទ្ធវចនៈ និងគម្ពីរ ព្រះត្រៃបិដកទាំង ១១០ ភាគចប់ ២ លើក។ ជាមួយនឹង ចំណេះដឹងយ៉ាងជ្រៅជ្រះ លោកជំទាវ ឧកញ៉ា មហាឧបាសិកា ក៏បានក្លាយជាបុគ្គល ដ៏មានឥទ្ធិពល និងកេរ្តិ៍ឈ្មោះមួយរូប លើផ្លូវពុទ្ធសាសនា ហើយលោកស្រី បានទទួលងារ ជាឧកញ៉ាមហា ឧបាសិកា ធម្មបណ្ឌិត និងស្នាដៃជាច្រើន ផ្នែកសាសនា។ សព្វថ្ងៃ លោកជំទាវ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ជាប្រធាននាទី ស្វែងយល់ ព្រះពុទ្ធសាសនា។ អ្វីដែល ជាមោទនភាពបំផុតនោះ គឺលោកជំទាវ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា បានទទួលពាន មគ្គុទេ្ទស ក៍ពុទ្ធសានិកឆ្នើម ពិភពលោក ដែលពាននេះ ត្រូវបានគេដឹងថា មានតែសម្តេច ជួន ណាត តែមួយអង្គគត់ បានទទួលនោះ។

ដោយប្រាស្រ័យជីវិត គ្មានគ្រួសារ ប្តីកូននោះ នៅជីវិតចុងក្រោយនេះ លោកជំទាវ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា នឹងប្រើទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទាំងអម្បាលម៉ាន ដែលខ្លួនមាន ដើម្បីសម្រេចបំណង ប្រាថ្នាមួយ គឺការកសាង «មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជា» ដើម្បីជាប្រយោជន៍រួម របស់មនុស្សជាតិកម្ពុជា ទាំងមូល។

លោកជំទាវ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា បានមានប្រសាសន៍ថា៖ «នៅពេលនាងខ្ញុំ ទៅបំពេញបុណ្យ និងចូលរួម សន្និបាតថ្នាក់អន្តរជាតិ ជាច្រើនប្រទេសមក ខ្ញុំឃើញថា ប្រទេសគេមាន មជ្ឈមណ្ឌលវប្បធម៌ បែបសាសនានេះ អស់ហើយ ដូច្នេះខ្ញុំចង់ឲ្យកម្ពុជា មានដែរ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់មនុស្សជាតិ»។

«មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជា» ត្រូវសាងសង់ឡើង នៅលើផ្ទៃដី ១២៦ ហិកតា ស្ថិតនៅក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយការចាប់ផ្តើម ១០០ ភាគរយនឹងធ្វើនៅ ខែតុលា ដោយសារតែ មានភាពយឺតយ៉ាវ ផ្នែកសិក្សាប្លង់ និងការធ្វើស្ពាន ផ្លូវឡើងភ្នំ។ គម្រោងប្លង់នេះ មានរាងសណ្ឋាន ជាស្លឹកពោធិ៍ ហើយនៅក្នុងបរិវេណ ទាំងក្រៅ និងក្នុងនឹង សាងសង់ទិដ្ឋភាព ចម្រុះពាក់ព័ន្ធ ព្រះពុទ្ធសាសនា។

លោកជំទាវ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានឲ្យដឹងថា នៅលើផ្ទៃដី ១២៦ ហិកតា នោះ នៅចំកណ្តាលយើង នឹងសាងសង់ ព្រះមហាចុល្លាមុនីចេតិយ ព្រះសមណគោតម ដ៏ធំបំផុតមានទទឹង ៨០ ម៉ែត្រ និងកម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ សម្រាប់តម្កល់ ព្រះអដ្ឋិធាតុព្រះពុទ្ធអង្គ ដែលបានសុំមកពី ប្រទេសឥណ្ឌា។ ព្រះមហាចេតិយនេះ មានកម្ពស់ ១១ ជាន់ដែល ក្នុងនោះមាន សាលសន្និសីទ សាលប្រជុំ សាលពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និងកន្លែងជាច្រើនទៀត។

លោកជំទាវ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បន្តថា បន្ទាប់មក យើងមាន មហាប្រាសាទចំនួន ១២ បែងចែកជាពីរជួរព័ទ្ធជុំវិញ។ ជួរ ទី១ ប្រើសម្រាប់ តម្កល់គម្ពីរ ក្បួនច្បាប់សាសនា និងផ្ទាំងថ្មចារគម្ពីរ ព្រះត្រៃបិដកទាំង ១១០ ភាគ។ មហាប្រាសាទជាន់ ទី២ ប្រើសម្រាប់ តម្កល់ព្រះពុទ្ធរូបចំនួន ៤០០០០ ព្រះអង្គ សង់ឡើងពីថ្មភ្នំ។ បន្ទាប់មកយើង នឹងមានគូទឹកព័ទ្ធជុំវិញ សម្រាប់ធ្វើពិធីសាសនា ធំៗ។

ក្រៅពីនោះ «មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជា» មានសាងសង់ កន្លែងទាក់ទិននឹង ប្រវត្តិរបស់ ព្រះពុទ្ធអង្គ កប់នៅក្នុងព្រៃ ដើម្បីឲ្យមហាជន បានស្វែងយល់បន្ថែម មានសាងសង់ ព្រះពុទ្ធអង្គដ៏ធំចំនួន ៤ ទិស មានសាងសង់វត្តអារាម កន្លែងសំណាក់ធម៌ របស់លោកតា លោកយាយ កន្លែងដាំផ្កាសម្រាប់ ជាតង្វាយព្រះ និងក្បួនប្រាសាទ ជាច្រើនទៀត។

លោកជំទាវ ឧកញ៉ា មហាឧបាសិកា រូបនេះ មានប្រសាសន៍ថា៖ «គម្រោងមជ្ឈមណ្ឌលនេះ ធ្វើឡើង តាមរចនាប័ទ្ម ខ្មែរសុទ្ធសាធ ហើយប្រាសាទនីមួយៗ គឺមានរចនាប័ទ្ម ផ្សេងៗគ្នាទៅតាម សម័យកាល របស់ខ្មែរ»។ លោកជំទាវ ឧកញ៉ា មហាឧបាសិកា បានបញ្ជាក់ថា៖ «តាមការសិក្សា គម្រោងនេះ អាចនឹងចំណាយថវិកា ប្រមាណជាង ១០ លានដុល្លារអាមេរិក ហើយត្រូវប្រើពេល កសាងប្រហែលពី ៥ ទៅ ៧ ឆ្នាំ ទើបរួចរាល់»។

ការកសាងសំណង់ ដ៏ធំស្កឹមស្កៃនេះ ត្រូវបាន លោកជំទាវ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បញ្ជាក់ថា ធ្វើឡើងក្នុង គោលបំណង ដើម្បីលើកតម្កើង ព្រះពុទ្ធសាសនា ទ្រទ្រង់ពុទ្ធវចនៈ ឲ្យគង់នៅ។ ទី២ គឺដើម្បីបុណ្យ កុសលមនុស្ស ទូទៅ និងខ្លួនឯង និង ទី៣ គឺដើម្បីទុកជា ទ្រព្យសម្បត្តិ របស់ប្រទេសជាតិ។

ទោះបីជានៅពេលនេះ លោកជំទាវ ឧកញ៉ា មហាឧបាសិកា មានថវិកាផ្ទាល់ខ្លួនតែ ២ ទៅ ៣ លានដុល្លារ តែលោកជំទាវ ឧកញ៉ា មហាឧបាសិកា បញ្ជាក់ថា គម្រោងដ៏ធំនេះ នឹងអាចបញ្ចប់ ដោយជោគជ័យ ដោយសារតែកម្លាំង សទ្ធារបស់ពុទ្ធសាសនិក នៅពេលនេះ មានសន្ទុះខ្លាំងក្លា។ មនុស្ស ដ៏មានសទ្ធាជ្រះថ្លារូបនេះ បន្តថា៖ «ក្រៅពីថវិកាផ្ទាល់ខ្លួន យើងពឹងផ្អែកលើ សទ្ធារបស់ ពុទ្ធបរិស័ទ ហើយខ្ញុំគិតថា ពួកគេពិតជា មានសទ្ធា ព្រោះពេលនេះ មានពុទ្ធបរិស័ទជួយ កសាងផ្ទាំងសិលាចារ គម្ពីរព្រះត្រៃបិដក ចំនួន ១០០០ ផ្ទាំងហើយ»។

លោកជំទាវ ឧកញ៉ា មហាឧបាសិកា បានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា ពលរដ្ឋកម្ពុជា នឹងមានសទ្ធាជ្រះថ្លា និងជួយចូលរួម ជាបច្ច័យនៅ ក្នុងដំណើរការកសាងនេះ ជាក់ជាមិនខាន ដើម្បីទទួលបាន នូវផលបុណ្យ ទាំងអស់គ្នា»៕