Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រឡងបាក់ឌុប លើកទី២ នៅតែតឹងដដែល គ្មានការបន្ធូរបន្ថយ

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី២ សម្រាប់សិស្សធ្លាក់ ដែលធ្វើឡើង នៅថ្ងៃទី១៣-១៤ ខែតុលា ខាងមុខនេះ នៅតែតឹងរឹង ដដែល គ្មានការបន្ធូរបន្ថយ ដើម្បីជាប់នោះទេ ទាំងគ្រូ និងក្រសួង ត្រូវតែរក្សានូវ ការរឹតបន្តឹង ដើម្បីចម្រាញ់ យកធនធានពិត។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ ជាផ្លូវការ នូវ « គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច » នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នេះ សម្តេចតេជោ ហ៊ុន សែន បានហៅកំណែទម្រង់ នៃការប្រឡង នាឆ្នាំ២០១៤ថា ជាការចម្រាញ់ទឹក១០ យកទឹក១។

សម្តេចតេជោ បានអំពាវនាវ ដល់សិស្សានុសិស្ស ដែលត្រូវប្រឡងលើកទី២ ត្រូវប្រឹងប្រែង រៀនសូត្រ ឬត្រូវរៀនបំប៉នបន្ថែម ក្នុងរយៈពេលជាង ១ខែនេះ ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងលើកទី២។

សម្តេច បានបញ្ជាក់យ៉ាងដូច្នេះ «ការប្រឡងលើកទី២ គ្មានទេការបន្ធូរបន្ថយ ដាក់ឲ្យពិន្ទុជាប់ ហើយលោកគ្រូ អ្នកគ្រូ ក្រសួង ក៏មិនបន្ធូរឲ្យ ប្រឡងលើកទី២ ជាប់ទេ មានន័យថា នៅតែតឹងដូចប្រឡងលើកទី១។ ប្រសិនបើយើង ចេះតែឲ្យជាប់ ជាប់មានចំនួនច្រើន ទីបំផុតពេលបញ្ចប់ ការសិក្សាទៅធ្វើការងារ គេអត់កើតចឹងទេ គុណភាពអប់រំ ត្រូវដើរតួនាទីសំខាន់ ដើម្បីឲ្យធនធាន មនុស្សយើងចេញទៅ ធ្វើការងារឲ្យគេបាន ធ្វើការតាមក្រសួង ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ គឺគេព្រមទទួលយកយើង ព្រោះសមត្ថភាព យើងអាចទទួលយកបាន»។

សម្តេច នាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់ ក្រសួងអប់រំផងដែរថា កំណែទម្រង់ មិនអាចធ្វើសម្រាប់តែ ពេលប្រឡង បាក់ឌុបនោះទេ ត្រូវតែធ្វើតាំងពីរ ថ្នាក់បឋម រហូតដល់ធម្យមសិក្សា មិនមែនការខិតខំតែ នៅថ្នាក់ទី១២ ធ្វើឲ្យប្រឡង ជាប់នោះឡើយ។ សម្តេចតេជោ បានជំរុញឲ្យ អណាព្យាបាលទាំងអស់ ត្រូវខិតខំជួយ ជំរុញកូនៗបន្ថែម ដើម្បីឲ្យការសិក្សា ទទួលបានជោគជ័យ និងប្រឡងជាប់។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី១ មានបេក្ខជនប្រឡងជាប់ ត្រឹមតែ ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ ក្នុងចំណោមបេក្ខជន ប្រឡងសរុប ៨៩.៩៣៧នាក់។ បេក្ខជនជាប់និទ្ទេស (A) ទូទាំងប្រទេសមានចំនួន ១១នាក់, (B) ២៨០នាក់។

លទ្ធផលប្រឡងបាក់ឌុប នាឆ្នាំ២០១៤ ក្រោមកំណែទម្រង់ ពង្រឹងគុណភាព ដ៏ស៊ីជម្រៅរបស់ ក្រសួងអប់រំ ក្រោមការគ្រប់គ្រងរបស់ ឯកឧត្តម រដ្ឋមន្រ្តី ហង់ ជូនណារ៉ុន បានបង្ហាញថា មានភាពខុសប្លែកគ្នាឆ្ងាយ ពីជំនាន់ ឯកឧត្តម រដ្ឋមន្រ្តី អ៉ឺម សិទ្ធី ដែលមានចំនួនបេក្ខជនជាប់ រហូតដល់ទៅជាង ៨០ភាគរយ និងមានអ្នកទទួល និទ្ទេសល្អៗ ច្រើនលើសលប់ តែបែរជារងការនិន្ទាថា គុណភាពធ្លាក់ស្ទើរ ដល់កម្រិតសូន្យ៕