បណ្តាញសង្គម

ឯកឧត្តម កឹម សុខា អះអាងថា ឯកឧត្តម និងឯកឧត្តម សម រង្ស៊ី ចុះចេញពីតំណែងបក្ស លុះត្រាមានអ្នកខ្លាំងជាង

ភ្នំពេញ៖ អនុប្រធាន គណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា បានថ្លែងថា រូបឯកឧត្តម និងឯកឧត្តម សម រង្ស៊ី នឹងចុះចេញតំណែងបក្ស ប្រសិនបើមាននរណា ដែលមានសមត្ថភាពខ្លាំង ជាងរូបឯកឧត្តម ទាំងពីរនាក់ ហើយទទួលបានការ គាំទ្រពី ប្រជារាស្រ្តនោះ។

ឆ្លើយតបទៅនឹង សំណួររបស់ មិត្តអ្នកស្តាប់ម្នាក់ មកពីខេត្តក្រចេះ ក្នុងវេទិកា «មិត្តអ្នកស្តាប់» របស់ស្ថានីយ៍វិទ្យុ អាស៊ីសេរី ផ្សាយជាសំឡេង ខេមរភាសា នារាត្រីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម កឹម សុខា បានថ្លែងថា ឯកឧត្តម និង ឯកឧត្តម សម រង្ស៊ី នឹងចុះចេញពី តំណែងគ្រប់គ្រងបក្ស ប្រសិនបើមាន នរណាម្នាក់ ដែលមានសមត្ថភាព ជាងរូប ឯកឧត្តម ទាំងពីរ។

ការឆ្លើយតបរបស់ ឯកឧត្តម កឹម សុខា បានធ្វើឡើងបន្ទាប់ពី មិត្តអ្នកស្តាប់វិទ្យុ អាស៊ីសេរី មកពីខេត្តក្រចេះ បានសម្តែង ការខឹងសម្បាជាមួយនឹង គណបក្សសង្រ្គោះជាតិ ដែលបានចូលទៅធ្វើការ នៅក្នុងរដ្ឋសភា ហើយថា ការចូលនោះ មិនទាន់ដោះស្រាយ បញ្ហាធំៗរបស់ជាតិ បាននៅឡើយនោះទេ។ ឯកឧត្តម បានបញ្ជាក់ទៀត ប្រសិនបើ ឯកឧត្តម កឹម សុខា និង ឯកឧត្តម សម រង្ស៊ី មិនអាចសម្រេច កិច្ចការធំរបស់ជាតិ បានដូចការទាមទារ នាពេលកន្លងបានទេនោះ គួរតែចុះចេញ ពីតំណែង ជាគំរូតាម មេដឹកនាំធំៗ នៃបណ្តាប្រទេស ប្រកាន់របបលទ្ធិប្រជាធិបតេយ្យ មួយចំនួន។

ឯកឧត្តម កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «បា! អស់លោកថា ឥឡូវឯកឧត្តម កឹម សុខា ឯកឧត្តម សម រង្ស៊ី ចុះចេញ ទៅមាននរណា មកប្តូរបានទេ? បើសិនមាននរណា ប្រាកដថាដូរបាន ប្រជារាស្រ្តបោះឆ្នោតឲ្យ ចេញមក បា! ប្រជារាស្រ្ត បោះឆ្នោតឲ្យ ហើយចេញមក។ អាហ្នឹងល្អណាស់ ខ្ញុំសប្បាយចិត្ត ប្រសិនបើមានអ្នកខ្លាំង ជាងពួកខ្ញុំអាចប្តូរ បាននោះ»។

បើតាមការបញ្ជាក់របស់ ឯកឧត្តម កឹម សុខា មានន័យថា ប្រសិនបើគ្មាន អ្នកខ្លាំងជាងរូបឯកឧត្តម និង ឯកឧត្តម សម រង្ស៊ី ទេ តំណែងថ្នាក់ ដឹកនាំបក្សប្រឆាំង នៅកម្ពុជាមួយនេះ នឹងគ្មាន ការផ្លាស់ប្តូរនោះទេ។ បើតំណែងថ្នាក់ គ្រប់គ្រងបក្ស មិនផ្លាស់ប្តូរ ដូច្នេះបេក្ខភាព ក្នុងការគ្រប់គ្រងតំណែង ប្រធានរដ្ឋសភា ឬតំណែង នាយករដ្ឋមន្រ្តី ក៏មិនមាន ការផ្លាស់ប្តូរនោះដែរ ប្រសិនបើបក្សប្រឆាំង មានសំណាងឈ្នះឆ្នោត នៅកម្ពុជាមែននោះ។

ឯកឧត្តម កឹម សុខា និងឯកឧត្តម សម រង្ស៊ី ជារឿយតែង បានធ្វើការរិះគន់ យ៉ាងខ្លាំង ទៅលើសម្តេចតេជោ ហ៊ុន សែន ដែលកំពុងគ្រង តំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាបេក្ខភាព នាយករដ្ឋមន្រ្តីគ្រប់អាណត្តិ មកពីគណបក្ស ប្រជាជនកម្ពុជាថា ជាអ្នកក្រាញ ឬស្រឡាញ់អំណាច មិនព្រមចុះចេញពី តំណែងជាដើម។

ឆ្លើយតបនឹងការរិះគន់នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជារឿយថា ការកាន់តំណែង របស់សម្តេច ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពី ការបោះឆ្នោតគាំទ្ររបស់ ប្រជាពលរដ្ឋខ្មែរ មិនមែនបានមកពី ការកំណត់ បក្សប្រឆាំងនោះឡើយ ដូច្នេះសម្តេច នឹងចុះចេញពីតំណែងនេះ ដរាបប្រជាពលរដ្ឋ ឈប់គាំទ្រសម្តេច។

ដូច្នេះការលើកហេតុផល របស់ ឯកឧត្តម កឹម សុខា ដែលអះអាងខាងលើ និងការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន មិនមានអ្វី ខុសគ្នានោះទេ គឺគោរពទៅតាម ឆន្ទៈរាស្រ្ត និងអនុវត្តន៍តាមប្រទេស ដែលប្រកាន់របបលទ្ធិ ប្រជាធិបតេយ្យ គោរពច្បាប់ជាធំ៕

 

ដកស្រង់ពី៖ ដើមអម្ពិល