បណ្តាញសង្គម

ក្រុមប្រឹក្សារាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរ មានវិធានការឲ្យខ្លាំងក្លាបន្ថែមទៀត លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ

(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ មានវិធានការឲ្យបានខ្លាំងក្លាបន្ថែមទៀត លើការទប់ស្កាត់ ក៏ដូចជាការបង្ក្រាប ទៅលើបទល្មើសព្រហ្មទណ្ឌ ខណៈដែរនៅក្នុងខែមេសា កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌ មិនមានការថយចុះនោះទេ។

ការស្នើឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងវិធានការបង្ក្រាប ដូចជាការទប់ស្កាត់នូវបទល្មើសព្រហ្មទណ្ឌ ក៏ដូចជាបទល្មើសផ្សេងៗទៀត អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ក្នុងការបង្ក្រាប ដើម្បីរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសលើការបម្រើល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា បទល្មើសផ្សេងៗកន្លងមកនេះ មានការថយចុះច្រើន ខណៈដែរក្លឹបកម្សាន្ត ក៏ដូចជាកន្លែងសប្បាយភាពនានា ត្រូវបានបិទដោយសារការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងការស្នើឡើង របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យមជ្ឈមណ្ឌលឯកជន សម្រាប់កែប្រែជនរងគ្រោះ ដោយគ្រឿងញៀន ក្រោយពីមានព័ត៌មានលេចលឺថា មជ្ឈមណ្ឌលឯកជនទាំងនោះ តម្រូវឲ្យមានការបង់ថ្លៃច្រើន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់អាណាព្យាបាល

ជនរងគ្រោះនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឯកជន សម្រាប់ការកែប្រែជនរងគ្រោះដោយគ្រឿងញៀន ហើយខាងមជ្ឈមណ្ឌលយកតម្លៃខ្ពស់នោះ គឺជាតម្លៃដែលអាណាព្យាបាល និងមជ្ឈមណ្ឌលឯកជនទាំងនោះ និយាយត្រូវគ្នា ទៅនឹងការកំណត់តម្លៃទាំងនោះហើយ មានន័យថា មុននឹងយកជនរងគ្រោះ ទៅដាក់នៅមជ្ឈមណ្ឌលឯកជនទាំងនោះ គឺអាណាព្យាបាលបានឯកភាព ទៅនឹងតម្លៃដែលខាងមជ្ឈមណ្ឌលឯកជននោះ ដាក់ជូនរួចហើយ។

ដោយឡែក សម្រាប់មជ្ឈមណ្ឌលឱកាសខ្ញុំ គឺមិនមានការបង់ថ្លៃសម្រាប់ការកែប្រែជនរងគ្រោះ ដោយគ្រឿងញៀននោះទេ ហើយមជ្ឈមណ្ឌលអាកាសខ្ញុំ ក៏ជាកន្លែងកែប្រែមួយ ដែលមានលក្ខណៈស្តង់ដារផងដែរ ដែលអាចឲ្យកូនចៅប្រជាពលរដ្ឋ ដែលមានបញ្ហាគ្រឿងញៀន ទៅបន្សាបនៅទីនោះ បាននិងគួរឲ្យជឿទុកចិត្ត។

ក្រៅពីបញ្ហាដែលស្នើឡើងខាងលើ ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានស្នើដល់មន្ទីរជំនាញ ធ្វើការជួសជុលក្បាលនាគចែកទ្រូងផ្លូវ ពេលដែលមានការបុក ឬប៉ះដោយ យានយន្ត ដោយកុំទុកចោលយូរពេក នាំឲ្យបង្កគ្រោះថ្នាក់បន្ថែមទៀត។

ជាងនេះទៅទៀត បញ្ហាជំងឺកូវីដ-១៩ ឃើញថា មកដល់ពេលនេះ ប្រជាពលរដ្ឋមានការ ប្រមូលផ្ដុំខ្លះឡើងវិញ នៅតាមបណ្ដាលមូលដ្ឋានមួយចំនួន ដូច្នេះស្នើឲ្យអាជ្ញាធរមូលដ្ឋានមានវិធានការណែនាំ ពង្រឹងនិងមានការផ្សព្វផ្សាយបន្ថែមទៀត។

ចំពោះបញ្ហានេះ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ទោះបីប្រជាពលរដ្ឋឃើញថា មានការប្រមូលផ្ដុំ ដោយហាក់មិនមានការភ័យខ្លាចពីជំងឺកូវីដ-១៩ក៏ដោយ តែក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ មិនបានបន្ធូរដៃជុំវិញការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នោះទេ ដោយយើងបានធ្វើការផ្សព្វផ្សាយ

ទៅដល់ថ្នាក់មូលដ្ឋាន ដូចជានៅតាមទីផ្សារនានា មិនថាផ្សាររដ្ឋ និងឯកជន ដោយយើងបានផ្សព្វផ្សាយ ពីការធ្វើអនាម័យ គ្រប់ពេលវេលាទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល៕

ដកស្រង់ពី៖ Fresh News