បណ្តាញសង្គម

ក្រសួងអប់រំបន្តបិទសាលារៀនដដែល តែមិនឲ្យលើសពីខែវិច្ឆិកាឡើយ

រាជធានីភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ក្រសួងនៅតែបន្តបិទសាលារៀននៅទូទាំងប្រទេស ប៉ុន្តែមិនអាចហួសពីខែវិច្ឆិកា នោះទេ ។

យោងតាមលិខិតមួយច្បាប់របស់លោក ហង់ ជួនណារ៉ុន ដាក់សំណើរទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១២ ឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងអប់រំបានតាមដានយ៉ាងយកចិត្តទុកដាក់ជាប្រចាំនៃការវិវត្តន៍នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងសកលលោក ជាពិសេសនោះផលប៉ះពាល់ដោយជំងឺនេះលើវិស័យអប់រំទាំងសាធារណៈ និងឯកជន ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ខ្ញុំយល់ថា គ្រឹះស្ថានសិក្សាគ្រប់កម្រិតគ្រប់ប្រភេទគួរបន្តពន្យាពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីតាមដានស្ថានភាពជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍ ជាពិសេសបង្ការរលកទី២» ។

ជាមួយគ្នានោះ ក្រសួងក៏បានដាក់ចេញវិធានការជាច្រើនផងដែរ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងថា ក្រសួងមិនប្រងើយកណ្តើយចំពោះបញ្ហាសេដ្ឋកិច្ច និងការបើកឲ្យដំណើរការសាលារៀនឡើងវិញផងដែរ ។ ក្រសួងនឹងពិចារណាបន្ថែមទៀតក្នុងការបើកសាលារៀនឡើងវិញ ឲ្យបានមុន ខែវិច្ឆិកា ឆ្នាំ២០២០។

បញ្ជាក់ ៖ ក្រសួងអប់រំយុវជន និងកីឡាបន្តបិទសាលារៀនទូទាំងប្រទេសដដែល តែមិនអោយហួសខែវិច្ឆិកា 2020ឡើយ បើស្ថានភាពកូវីដ-19បានធូរស្រាល ៕

ដកស្រង់ពី៖ កោះសន្តិភាព