បណ្តាញសង្គម

ក្រសួងយុត្តិធម៌ នឹងជ្រើសមន្ត្រី៤រូប ទទួលខុសត្រូវ ការបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងជ្រើសរើស យកមន្ត្រី ៤រូប មកពីស្ថាប័ន យុត្តិធម៌ និងតុលាការ ដែលមានភារកិច្ចចម្បង ក្នុងការរៀបចំប្រកប ដោយការទទួលខុសត្រូវ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។

ថ្លែងនៅក្នុងកិច្ចប្រជុំ លើកដំបូង របស់គណៈកម្មការ រៀបចំការបោះឆ្នោត នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ នាទីស្តីការ ក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា នៅក្នុងនីតិវិធី នៃការបោះឆ្នោត លើកទី១ សម្រាប់ជ្រើសតាំង សមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសេចក្តីសម្រេច នឹងប្រព្រឹត្តទៅ បានតាមការកំណត់ និងទទួលជោគជ័យ។

ឯកឧត្តម បន្តថា “ការតែងតាំង សមាសភាពគណៈកម្មការ រៀបចំការបោះឆ្នោត លើកទី១ សម្រាប់ការ ជ្រើសតាំង សមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងអនុលោម តាមបទប្បញ្ញត្តិ នៃមាត្រា ២៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដែលបានចូលជា ធរមានកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ”។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្ថែមថា គណៈកម្មការនេះ មានភារកិច្ចចម្បង ក្នុងការរៀបចំ ប្រកបដោយ ការទទួលខុសត្រូវ សម្រាប់ ការបោះឆ្នោតជ្រើស តាំងសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដែលត្រូវជ្រើសចេញពី ចៅក្រម នៃសាលាជម្រះក្តី ជាន់ខ្ពស់ ១រូប, ព្រះរាជអាជ្ញា នៃមហាអយ្យការ អមសាលាជម្រះក្តីជាន់ខ្ពស់ ឬការងារនៅក្រសួង យុត្តិធម៌ ១រូប, ចៅក្រមពេញសិទ្ធិ នៃសាលាដំបូង ១រូប និងព្រះរាជអាជ្ញា ពេញសិទ្ធិ នៃអយ្យការ អមសាលាដំបូង ១រូប ដែលទាំង៤រូបនេះ តំណាងឲ្យចៅក្រម ព្រះរាជអាជ្ញាទាំងអស់៕