បណ្តាញសង្គម

អា​មេ​រិក​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ៧,៥ លាន​ដុល្លារ​សម្រាប់​កម្ពុជា​ស្តា​សម្បទាសេដ្ឋកិច្

រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលខ្លួនដល់កម្ពុជាដើម្បីស្តាសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក Patrick Murphy ជាឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានជំរាបជូនថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ចំនួន ៧,៥ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៥លានដុល្លារអាមេរិក សម្រាប់ការស្តាសម្បទាសេដ្ឋកិច្ចឡើងវិញ» ។

លោក Patrick បានបន្តថា «ហើយចំនួន ២,៥លានដុល្លារអាមេរិកទៀតនោះ ជាហិរញ្ញប្បទានសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាព ប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា» ។

ក្នុងឱកាសនោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា «ជំងឺកូវីដ១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកគំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជាប្រទេសដ៏ទៃទៀតដែរបានទទួលរងនូវផលប៉ះពាល់នេះ» ៕

ដកស្រង់ពី៖ កោះសន្តិភាព