បណ្តាញសង្គម

សម្តេច ហ៊ុន សែន អនុញ្ញាឲ្យ សិស្សនិទ្ទេស "A" ១១នាក់ ចូលជួបសំណេះសំណាល និងទទួលរង្វាន់លើកទឹកចិត្ត

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត ដល់យុវសិស្ស ដែលបានខិតខំ សិក្សារៀនសូត្រ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អំណោយឧបត្ថម្ភ ក្នុងម្នាក់ៗ ទទួលបាន ម៉ូតូ ១គ្រឿង កុំព្យូទ័រយូរដៃ ម៉ាកអេផល ១គ្រឿង តម្លៃ១២៥០ដុល្លារ និង អាយផេត ១គ្រឿង រួមទាំង អាហារូបករណ៍ពិសេស របស់ សម្តេច នាយករដ្ឋមន្រ្តី និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសដែល សម្តេច អនុញ្ញាតឲ្យ សិស្សឆ្នើមទាំង១១រូប ចូលជួបសម្តែង ការគួរសម នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានឧបត្ថម្ភថវិកាផ្ទាល់ របស់សម្តេច ក្នុងម្នាក់ទទួលបាន ១,០០០ដុល្លារ និង ២,០០០ដុល្លារទៀត បានមកពីការជួយ ឧបត្ថម្ភពីសំណាក់ សប្បុរសជននានា។ យុវសិស្សពូកែ ទាំង១១នាក់ នឹងទទួលបាន ការបំប៉នភាសា បរទេសបន្ថែម ក្នុងថ្នាក់ឧត្តមសិក្សា ផងដែរ។

ក្នុងចំណោមសិស្ស ទទួលបាននិទ្ទេស «A» ៖ រាជធានីភ្នំពេញ ៣នាក់ សៀមរាប ២នាក់ កណ្តាល ២នាក់ កំពង់ឆ្នាំង ១នាក់ កំពង់ចាម ១នាក់ ព្រៃវែង ១នាក់ កំពង់ស្ពឺ ១នាក់។

សិស្សទាំង ១១នាក់នោះរួមមាន៖ ១. យុវជន ចាន់ ពិចិត្រ រៀននៅវិទ្យាល័យ ព្រះសុរាម្រិត ខេត្តកំពង់ឆ្នាំង មាន មធ្យម ភាគ ១០០.០០, ២. យុវជន វណ្ណ លីដា រៀននៅវិទ្យាល័យ «១០ មករា ១៩៧៩» ខេត្តសៀមរាប មាន មធ្យមភាគ ៩៩.៩៩៩, ៣. យុវជន ផាង វ៉េងអាន រៀននៅវិទ្យាល័យ ឬស្សីកែវ រាជធានីភ្នំពេញ  មានធម្យមភាគ ៩៩.៩៩៨, ៤. យុវតី  អិត ស្រីពៅ រៀននៅវិទ្យាល័យ សម្តេចជូនណាត ខេត្តកំពង់ចាម មានមធ្យមភាគ ៩៩.៩៩ ៧, ៥. យុវតី យាន សោភា រៀននៅវិទ្យាល័យ ព្រះអង្គឌួង ខេត្តព្រៃវែង មានមធ្យមភាគ ៩៩.៩៩៦, ៦. យុវតី សម្បត្តិ វិបុលរ័ត្ន រៀននៅវិទ្យាល័យ ស៊ីសុវត្ថិ រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៩៦, ៧. យុវជន ឈីវ ស៊ី សាង រៀននៅវិទ្យាល័យ សេរីភាព ខេត្តកណ្តាល មានធម្យមភាគ ៩៩.៩៩៦, ៨. យុវតី ចាន់ កិត្យាភារ៉ា រៀននៅ វិទ្យាល័យ កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ មានមធ្យមភាគ ៩៩.៩៩៦, ៩. យុវតី អ៊ុត សុខផល្គុន រៀននៅវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ខេត្តសៀមរាប មានមធ្យមភាគ ៩៩.៩៩១, ១០. យុវជន រ៉េន សុខពេជ្រ រៀននៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ខេត្តកណ្តាល មានមធ្យមភាគ ៩៩.៩៩១ និងទី១១. យុវជន នាង បូរា រៀននៅវិទ្យាល័យ បាក់ទូក រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៨៩៕