បណ្តាញសង្គម

រាជរដ្ឋាភិបាល ចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាង៣ម៉ឺននាក់ ដែលបានព្យួរកិច្ចសន្យាការងារ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់បងប្អូនកម្មករនិយោជិតចំនួន៣៣,២៣១នាក់ ដែលបម្រើការងារនៅរោងចក្រ សហគ្រាសចំនួន១១១ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភានេះ បានបញ្ជាក់ថា ការចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនេះ ធ្វើឡើងស្របតាមស្មារតី នៃសេចក្តីណែនាំលេខ០៤៥/២០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួង និងស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ឱ្យត្រៀមទៅបើកប្រាក់ឧបត្ថម្ភតាមសាខាណាមួយរបស់ភ្នាក់ងារវីង (Wing) ដែលនៅជិតបំផុត ទូទាំងប្រទេស ដោយមិនតម្រូវឱ្យបង់សេវាបន្ថែមណាមួយ ទៅភ្នាក់ងារវីងនោះឡើយ។

តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា ធនាគារឯកទេសវីងនឹងផ្ញើសារទៅលេខទូរស័ព្ទ ដែលបងប្អូនកម្មករធ្លាប់ បានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមកជាបន្ថែមទៀត។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទឹកប្រាក់ដែលរាជរដ្ឋាភិបាលនឹងបើកជូនកម្មករក្នុងជុំទី១នេះមានប្រមាណ ៦៨៤,២៩៥ដុល្លារ។

កម្មករដែលត្រូវបើកប្រាក់ឧបត្ថម្ភជូននេះ មកពីរោងចក្រកាត់ដេរចំនួន ៨៣រោងចក្រ និងមកពីសណ្ឋាគារ ភោជនីយដ្ឋានចំនួន២៨។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ទុក្ខលំបាករបស់កម្មករ និយោជិត បម្រើការងារក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបាត់បង់ការងារក្នុងកំលុងពេលរងវិបត្តិដោយសារជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល បានសម្រេចឧបត្ថម្ភថវិកាដល់ដល់កម្មករ និយោជិតក្នុងមួយខែចំនួន ៤០ដុល្លារ៕

ដកស្រង់ពី៖ Fresh News