បណ្តាញសង្គម

​កសិករ​ក្នុង​ឃុំ​ឆ្នុកទ្រូ​រីករាយ ព្រោះ​បន្លែ​បាន​ថ្លៃ​នៅ​ចុងរដូវ​ប្រមូល​ផល

ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករដែលដាំបន្លែតាមខ្នងកោះជាប់មាត់បឹងទន្លេសាប ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌មានសេចក្តីរីករាយដោយសារតែបន្លែរបស់ពួកគាត់ឆ្នាំនេះថ្លៃជាងឆ្នាំទៅមុន ទោះស្ថិតក្នុងស្ថានភាពនៃការរាតត្បាតនៃវីរុសកូវី ១៩ យ៉ាងណាក្តី ។

ចំណែកលោកមេឃុំឆ្នុកទ្រូបានបញ្ជាក់ថានេះដោយសារនៅចុងរដូវ ដែលប្រជាកសិករប្រមូលផលចង់អស់ទៅហើយដែរ ហើយនៅសល់តែបន្តិចទឹកទន្លេនឹងឡើងលិចខ្នងកោះហើយ ។

អាជីវករអ្នកទិញបន្លែនៅមាត់កំពង់ទឹកផ្សារឆ្នុកទ្រូ ក្នុងឃុំឆ្នុកទ្រូ បានឲ្យដឹងថា បច្ចុប្បន្នគាត់បានទទួលទិញបន្លែពីប្រជាកសិករដោយមួយផ្នែកឈ្មួញបានទិញទៅលក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលបន្លែទាំងនោះ គឺសម្រាប់យកទៅទទួលទានមានដូចជា ៖ ត្រសក់ ត្រប់ ននោង ត្រឡាចខ្ចី និងល្បៅជាដើម ។

ដោយសម្រាប់ផ្លែត្រឡាទុំ ត្រូវបានឈ្មួញកុម្ម៉ង់ទិញបន្តយកទៅលក់នៅឯប្រទេសថៃ ដោយគេយកទៅធ្វើទឹកត្រឡាចកំប៉ុង ។

ពួកគាត់បានបញ្ជាក់ថា ឆ្នាំនេះត្រឡាចខ្ចីលក់បានថ្លៃ ៨០០រៀលក្នុង ១គីឡូក្រាម ចំណែកផ្លែត្រឡាចទុំលក់បានត្រឹម ៦០០រៀល ក្នុង ១គីឡូក្រាម ដែលក្នុង ១ផ្លែអាចលក់បានពីជាង ២ពាន់ទៅ ៣ពាន់រៀលតាមទម្ងន់ផ្លែនីមួយៗ ។

សម្រាប់ល្ពៅទុំគេយកទៅធ្វើចំណីត្រី ចំណីក្រពើ ក៏បានថ្លៃ ៦០០រៀលដែរក្នុង ១គីឡូក្រាម ។ និយាយជារួមគ្រប់មុខបន្លែទាំងអស់ គឺមានតម្លៃប្រើសើជាឆ្នាំមុន ។

ដោយឡែកលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា តាមពិតបន្លែទើបតែឡើងថ្លៃ ដោយ សារតែប្រជាកសិករបានប្រមូលពីចម្ការនៅតាមខ្នងកោះចង់អស់ទៅហើយ គឺស្បើយបន្លែយកមកលក់ទើបបានឡើងថ្លៃបែបនេះ ។

លោកបានបញ្ជាក់ទៀតថា នៅសល់មិនដល់ប៉ុន្មានថ្ងៃទៀត ទឹកទន្លេចាប់ផ្តើមឡើងហើយ ព្រោះចូលដល់រដូវវស្សា ដូចឆ្នេះហើយទើបប្រជាកសិករយើងប្រមូលបន្លែចេញពីចម្ការរបស់ខ្លួនឱ្យ អស់មុនពេលទឹកទន្លេឡើងដល់ ។

លោកមេឃុំឆ្នូកទ្រូ ក៏បានបញ្ជាក់ដែរថា សម្រាប់ប្រជាកសិករដែលរស់នៅក្នុងឃុំឆ្នុកទ្រូ ក្រៅពីនេសាទ គឺដាំបន្លែបង្ការសម្រាប់យកទៅបំពេញតម្រូវការទីផ្សារនានាផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព