បណ្តាញសង្គម

សម្ដេច ស ខេ​ង ថា​ការ​ស្នើ​ពន្យារពេល​សងបំណុល​ធនាគារ​មិន​អាច​ទៅ​រួច

រាជធានីភ្នំពេញ ៖ បន្ទាប់ពីអតីតមន្ដ្រីគណបក្សប្រឆាំងនៅក្រៅប្រទេសស្នើឲ្យរាជរដ្ឋាភិបាលផ្អាកសងបំណុលធនាគារ រយៈពេល៣ខែ សម្រាប់ប្រជាពលរដ្ឋ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឆ្លើយតបវិញថា ការស្នើនេះមិនអាចធ្វើទៅបានឡើយ ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង អភិបាលខេត្តកែប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា សព្វថ្ងៃកម្ពុជាកំពុងកើតជំងឺកូវីដ-១៩ ធ្វើឲ្យអ្នកនយោបាយនៅក្រៅប្រទេសបានយកឱកាសកូវីដ-១៩ មកវាយប្រហាលរាជរដ្ឋាភិបាលកម្ពុជា ។

សម្ដេចលើកឡើងថា ប្រជាពលរដ្ឋខ្មែរចាកចេញទៅរកការងារនៅក្រៅប្រទេសជាពិសេសនៅថៃ ហើយមានប្រមាណជិត១០ម៉ឺននាក់ ត្រឡប់មកកម្ពុជាវិញ ដោយសារកូវីដ-១៩ ធ្វើឲ្យពលរដ្ឋមួយចំនួនគ្មានការងារ ។

សម្ដេចថា បញ្ហាជីវភាពរស់របស់ពលរដ្ឋ រាជរដ្ឋាភិបាលបាន និងគិតគូរ និងខិតខំយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ជាបន្ដបន្ទាប់ ។

សម្ដេចបន្តថា «ទន្ទឹមនឹងនេះ គេបំផុសបញ្ហាបំណុលការជំពាក់បំណុល ហើយរហូតដល់ទាមទារមិនឲ្យសង ។

អានេះជាការឃោសនាមិនអាចធ្វើទៅបានទេ ព្រោះការណា ជំពាក់គេត្រូវតែសងគ្រាន់តែថា ឥឡូវពន្យារពេលណាមួយសមស្រប ដើម្បីគ្នាមានលទ្ធភាពសង» ។

សម្ដេចគូសបញ្ជាក់ថា «បើខ្ចីគេមិនសង់ អាហ្នឹងទៅមិនរួចទេ ហើយកន្លែងណាក៏ទៅមិនរួចដែល ហើយបញ្ហានេះ ខ្ញុំចង់បញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយ គឺចាំបាច់យើងត្រូវតាមដានគ្រប់គ្រងឲ្យជាប់ជាប្រចាំ ហើយធ្វើបកស្រាយបំភ្លឺសាធារណៈមតិជាពិសេសប្រជាពលរដ្ឋឲ្យលោកយល់អំពីបញ្ហានេះ (បញ្ហាខ្ចីលុយធនាគារ)» ។

សម្ដេចបន្ថែមថា បើមិនពន្យល់ប្រជាពលរដ្ឋទេ ពួកគាត់នឹងមានការយល់ច្រលំជាមួយ ធនាគារ ហើយប៉ះពាល់ជាស្ថេរភាពនយោបាយផងដែរ ។ សម្ដេចថា សមត្ថកិច្ចត្រូវបន្ដដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋមិនត្រូវមើលស្រាលឡើយត្រូវរកមូលហេតុឲ្យបានច្បាស់ និងដោះស្រាយតាមនីតិវិធីច្បាប់ ។

សម្ដេចបញ្ជាក់ថា បើមិនដោះស្រាយត្រឹមត្រូវទេ អ្នកប្រឆាំងនឹងវាយប្រហាលមកលើរាជ រដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ប៉ុន្ដែការដោះស្រាយត្រូវប្រកាន់នូវគោលការណ៍ ដោះស្រាយសន្ដិវិធីដោយមិនប្រើប្រាស់អំពីហិង្សាដែលនាំឲ្យមានបញ្ហាវែងឆ្ងាយតទៅ ទៀតដែលមិនអាចបញ្ចប់បញ្ហាបាន ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះវិទ្យុអាស៊ីសេរីបានចេញផ្សាយថា អតីតមន្ដ្រីបក្សប្រឆាំងនៅក្រៅប្រទេសបានទទូចឲ្យរាជរដ្ឋាភិបាលចាត់វិធានការឲ្យមានប្រសិទ្ធិភាពក្នុងការពន្យារពេល ឬផ្អាកការសងបំណុលរបស់ប្រជាពលរដ្ឋខ្មែររយៈពេលយ៉ាងតិច៣ខែ ទៅមុខទៀត ខណៈពលរដ្ឋខ្មែររាប់លាននាក់កំពុងជួបទុក្ខលំបាកផ្នែកជីវភាពដោយសារជំងឺកូវីដ-១៩ ៕

ដកស្រង់ពី៖ កោះសន្តិភាព