បណ្តាញសង្គម

ពិធីប្រកាស ផ្លាស់ប្តូរតំណែង ស្នងការនគរបាល ខេត្តក្រចេះ ជំនួសដោយ ស្នងការរងនគរបាល ខេត្តកណ្តាល

ក្រចេះ៖ អគ្គស្នងការ នគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បានអញ្ជើញ ផ្លាស់ប្តូរតំណែង ស្នងការនគរបាល ខេត្តក្រចេះ ពីលោកឧត្តមសេនីយ៍ ជួង ស៊ាងហាក់ មកដាក់ជំនួស  ដោយលោកឧត្តមសេនីយ៍ លន់ សុផាត អតីតស្នងការរង ខេត្តកណ្តាល ខណៈប្រជាពលរដ្ឋ ទទូចឲ្យស្នងការថ្មី បង្កើន វិធានការ ដើម្បីសន្តិសុខ លុបបំបាត់ អំពើចោរកម្ម និងបញ្ហាគ្រឿងញៀន។

ក្នុងពិធីប្រកាសបញ្ចប់តំណែង ស្នងការនគរបាល ខេត្តក្រចេះនេះ ក៏មានការអញ្ជើញ ចូលរួមផងដែរ ពីឯកឧត្តម អភិបាល  ខេត្តក្រចេះ សរ ចំរ៉ុង រួមនិងមន្រ្តីនគរបាល នៃស្នងការដ្ឋា នគរបាលខេត្ត ជាច្រើនរូបផ្សេងទៀត។

បើតាមការបញ្ជាក់ពីមន្រ្តីនគរបាល បានឲ្យដឹងថា លោក ជួង ស៊ាងហាក់ បន្ទាប់ពីបញ្ចប់ការងារ ជាស្នងការនគរបាល ខេត្តក្រចេះ ត្រូវបានដំឡើង ឋានន្តរស័ក្តិពីផ្កាយ១ ទៅផ្កាយ២ និងតែងតាំងជា នាយករងសេនាធិការ អគ្គស្នងការ នគរបាលជាតិ។

ក្នុងពិធីប្រកាស ផ្ទេរតំណែង ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រកាសថា កាផ្លាស់ប្តូរនេះ ធ្វើឡើងដើម្បីកែ សម្រួល និងពង្រឹងការងារបន្ថែម នៅក្នុងជួរកងកម្លាំង នគរបាលជាតិ។ ឯកឧត្តម បានសម្តែង ការរំពឹងទុកថា ស្នងការថ្មី  នឹងខិតខំ បំពេញការងារ ដើម្បីនាំមកនូវសន្តិសុខ និងទប់ស្កាត់រាល់ បទល្មើសនានា នៅក្នុងខេត្តក្រចេះ។

ជាមួយនឹងដំណឹងតែងតាំង ស្នងការថ្មីនេះ ប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តក្រចេះ ដែលភាគច្រើន ជាប្រជាកសិករនោះ  បានថ្លែងអំពាវនាវ ឲ្យលោកឧត្តមសេនីយ៍ លន់ សុផាត ចាត់វិធានការ ឲ្យបានតឹងរឹង ដល់មន្រ្តីនគរបាល ក្រោមឱវាទ  របស់ខ្លួន ដើម្បីបង្កើន ការទប់ស្កាត់នូវ អំពើចោរកម្ម លួចគោក្របី ក៏ដូចជាចរាចរណ៍ គ្រឿងញៀន នៅក្នុងខេត្តមួយនេះ  ផងដែរ។

អ្នកស្រី កង យ៉ាន ប្រជាពលរដ្ឋ រស់នៅក្នុងភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ជាប្រជាកសិករ បានថ្លែងថា កាលពីឆ្នាំ  ២០១២កន្លងទៅនេះ ក្របីរបស់ គាត់មួយក្រោល ត្រូវចោរលួច អស់ត្រឹមតែមួយយប់។ ក្រុមគ្រួសារគាត់ ខិតខំដើររក  ស្ទើរសោះខ្យល់ តែរកមិនឃើញឡើយ។

អ្នកស្រីបានថ្លែងថា គាត់មិនបានដឹងពី ការដោះដូរ តំណែងស្នងការអីទេ ប្រជាពលរដ្ឋ តូចតាចនោះ តែអ្វីដែលសំខាន់  នោះគឺ ការយកចិត្តទុកដាក់ តើអ្នកថ្មី នឹងមានប្រសិទ្ធភាព ការងារជាង អ្នកចាស់កម្រិតណាទៅ។ «ខ្ញុំមិនខ្វល់នឹងការ  ដោះដូរតំណែង អ្នកធំ អ្នកតូចអីនោះទេ តែខ្ញុំដឹងថា នៅក្នុងភូមិឋាន របស់ខ្ញុំចោរ កើតច្រើនណាស់ ជាពិសេសចោរលួចគោ លួចក្របី ស្ទើរតែរាល់ថ្ងៃ គ្មានឃើញ លោកសមត្ថកិច្ចណា មានវិធានការ ឬបង្រ្កាបក្រុមចោរ នោះទេ។ ជា ពិសេសនគរបាល ក្នុងឃុំហ្នឹង ទោះប្រជាពលរដ្ឋប្តឹង និងបង្ហើបម្រុយចោរ យ៉ាងណាក្តី តែគ្មានអើពើ អ្វីទាំងអស់ ប្រជា ពលរដ្ឋមួយយប់ៗ ដេកយាមតែគោ ក្របី។ បើធ្វេសប្រហេស ប្រាកដជាអត់ គោ ក្របី ធ្វើស្រែជាមិនខាន»។

អ្នកស្រីបានបន្តអំពាវនាវ ឲ្យលោកស្នងការថ្មី ចាត់វិធានការ ឲ្យបានតឹងរឹង រឿងចោរកម្មនេះ។

ដោយឡែកលោក ហ្លួង ដារ៉ា ដែលជាប្រជាកសិករ រស់នៅក្នុងភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរដែរនោះ បានថ្លែងថា  គាត់ក៏មិនចាប់អារម្មណ៍ ជាមួយការផ្លាស់ប្តូរ តំណែងអ្វីដែរ តែគាត់ចាំមើល ប្រសិទ្ធភាពការងារ តើគេអាចធ្វើបានទេ ជាពិសេសបញ្ហា ចរាចរណ៍គ្រឿងញៀន។

លោក ហ្លួង ដារ៉ា បានបញ្ជាក់ថា នៅក្នុងភូមិឋាន របស់គាត់ពីមុនមក មិនដែលមាន បញ្ហាគ្រឿងញៀន ចូលមកនោះ ទេ តែបច្ចុប្បន្នកំប៉ុងទឹកសុទ្ធ ទុយោសម្រាប់ សេពថ្នាំញៀនឃើញ នៅពេញតែព្រៃក្រោយផ្ទះ គ្មានសមត្ថកិច្ចណាអើ ពើធ្វើការ បង្រ្កាបឡើយ។

លោក ដារ៉ា បានបន្តថា «ការផ្លាស់ប្តូរ ដើម្បីប្រសិទ្ធភាព ការងារជូនប្រជាពលរដ្ឋ ជារឿងសំខាន់ តែបើប្តូរមន្រ្តីដើម្បីតែ  ស្វែងរក ផលប្រយោជន៍ ផ្ទាល់ខ្លួន មិនបាច់ប្តូរក៏បានដែរ។ ប្តូរមកបន្តិចមានលុយ ដូរឡានគ្រប់គ្នា តែទុក្ខកង្វល់ ការ  ភ័យព្រួយរបស់ ប្រជាពលរដ្ឋនៅដដែល តើផ្លាស់ប្តូរ មានប្រជយោជន៍អ្វី»។

លោក ដារ៉ា បានថ្លែងថា គាត់នឹងរងចាំមើល ពីប្រសិទ្ធភាព ការងាររបស់ស្នងការ លន់ សុផាត៕

ដកស្រង់ពី៖ ដើមអម្ពិល