Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃនេះអ្នកដំណើរពីចិន និងកូរ៉េ ត្រឡប់មកកម្ពុជា ៦ជើងហោះហើរ, ក្រសួងសុខាភិបាលត្រៀមវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សម្រាប់ជាកន្លែងពិនិត្យសុខភាព

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកស្រី យក់ សម្បត្ដិ បានថ្លែងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកដំណើរមកពីក្រៅប្រទេសត្រឡប់ចូលមកកម្ពុជា មានចំនួន៦ជើងហោះហើរ ពីកូរ៉េ និងចិន តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រី យក់ សម្បត្ដិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ទៀតថា «មន្ដ្រីក្រុមការងារអន្ដរក្រសួង បានធ្វើការងារជាមួយសាលារាជធានីភ្នំពេញ ទៅពិនិត្យទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន កាលពីម្សិលមិញរួចហើយ ដើម្បីត្រៀមរៀបចំទទួលអ្នកដំណើរមកពីបណ្ដាប្រទេសនានា ក្នុងនោះ ក៏មានពលករខ្មែរធ្វើការនៅកូរ៉េផងដែរ ក្នុងចំណោម៦ជើងហោះហើរនៅថ្ងៃនេះ»។

ដើម្បីការពារ ទប់ស្កាត់ នូវជំងឺកូវីដ១៩ ចូលមកកម្ពុជា ដោយកន្លងមកអ្នកជំងឺកូវីដ១៩ សុទ្ធសឹងជាករណីនាំចូល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានត្រៀម វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័នមួយកន្លែងបន្ថែមទៀត សម្រាប់ត្រួតពិនិត្យសុខភាពអ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជាវិញ តាមអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រីបានថ្លែងបញ្ជាក់ថា «កន្លងមកនៅរាជធានីភ្នំពេញ យើងមានកន្លែងត្រួតពិនិត្យសុខភាព នៅក្នុងទ័ពអាកាស ជាប់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលមានចំនួន១០០គ្រែ និងមណ្ឌលសុខភាពនៅចាក់អង្រែក្រោមចំនួន១០០គ្រែ ហើយសម្រាប់វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មានចំនួន២០០គ្រែ ដូចនេះយើងមានចំនួន៤០០គ្រែ សម្រាប់ទទួលអ្នកដំណើរ ដែលត្រូវមកពិនិត្យសុខភាព»។

លើសពីនោះ លោកស្រី យក់ សម្បត្ដិបានថ្លែងបន្ដថា «ក្នុងនោះអ្នកដំណើរជាជនជាតិខ្មែរ មិនតម្រូវឱ្យមានការបង់ប្រាក់ទេ ដោយឡែកជនបរទេស តម្រូវឱ្យគាត់បង់ថ្លៃស្នាក់នៅ និងចំណាយផ្សេងៗពេលបញ្ជូនពួកគាត់ ឱ្យស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារ»។

តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួងបានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេស

មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ មកគិតត្រឹមថ្ងៃទី០១ ខែមិថុនានេះ អ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជា ប្រមាណជាង២,០០០នាក់ហើយ៕

ដកស្រង់ពី៖ Fresh News