បណ្តាញសង្គម

ប្រជាពលរដ្ឋ​​មិន​ត្រូវ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​ឡើយ​នៅ​ពេលទប់ស្កាត់​កូ​វី​ដ​១៩

ខេត្តបន្ទាយមានជ័យ ៖ លោកជំទាវ ម៉ៅ ម៉ាល័យ បានណែនាំដល់ប្រជាពលរដ្ឋជាប់ជាយដែនមិនត្រូវឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាងឡើយ ស្របពេលកំពុងទប់ស្កាត់កូវីដ១៩ ។

លោកជំទាវបានមានប្រសាសន៍បែបនេះក្នុងឱកាសប្រគល់ផ្លូវ១ខ្សែប្រវែងជាង១គីឡូម៉ែត្រនៅស្រុកអូរជ្រៅកាលពីពេលថ្មីៗនេះ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ផ្លូវ១ខ្សែប្រវែង១.០៨៩ម៉ែត្រ និងទទឹង៦ម៉ែត្រ ដែលតភ្ជាប់ពីភូមិប៉ោយចារ ឃុំចង្ឆា ស្រុកអូរជ្រៅ ទៅកាន់ទីទួលប្រាសាទដងខ្ចាស់ដែលជាអំណោយលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវ១ខ្សែជាង១.០០០ម៉ែត្រដែលតភ្ជាប់ពីភូមិដល់ទីទួលប្រាសាទបូរាណគឺផ្តល់ប្រយោជន៍បាន២គឺប្រព័ន្ធធរាសាស្គ្រសម្រាប់ផ្កត់ផ្គង់ទឹកដាក់កសិផល និងផ្លូវសម្រាប់ដឹកកសិផល ក្រោយបានផ្លូវហើយត្រូវចូលរួមថែរក្សាអោយបានគង់វង្ស មិនត្រូវកាប់ផ្លូវបូមទឹក បណ្តាលឱ្យខូចខាត។

លោកជំទាវ ម៉ៅ ម៉ាល័យ បានមានប្រសាសន៍ថា ដោយឃើញជាក់ស្តែង ផ្លូវនេះកសាងសម្រាប់តភ្ជាប់ពីភូមិទៅទីទួលប្រាសាទ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅកំសាន្តនៅថ្ងៃបុណ្យ ឬថ្ងៃសំរាកនិងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិបានស្គាល់។

លោកជំទាវតឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវចាញ់បោកមេខ្យល់ទៅចំណាកស្រុកដោយខុសច្បាប់ ហើយប្រថុយប្រថានដែលប្រឈមគ្រោះថ្នាក់គ្រប់ពេលនៅពេលដែលប្រទេសជិតខាងត្រូវបិទព្រំដែនការពារនិងទប់ស្កាត់កូវីដ១៩ យើងត្រូវរកការងារធ្វើក្នុងស្រុក ឬដាំដំណាំកសិកម្មបង្កើនជីវិភាពគ្រួសារប្រសើរជាងចំណាកស្រុកខុសច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព