Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការរួមគ្នាបង្កើតសហគមន៍ដាំបន្លែកំពុងកាក់កប​

  • បោះពុម្ព

ខេត្តពោធិ៍សាត់ ៖ ដើម្បីបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ ក៍ដូចជាការបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ផងនោះ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងពោធិ៍សាត់ និងតាមបណ្ដាស្រុកទាំងអស់ នាំគ្នាដាំបន្លែសុវត្ថិភាពឲ្យបានច្រើន ដើម្បីតម្រូវការទីផ្សារក្នុងខេត្តឲ្យបានគ្រប់គ្រាន់ និងនាំចេញទៅលក់នៅក្រៅខេត្តទៀត ចៀសវាងនាំចូលពីប្រទេសជិតខាងដែលប្រើប្រាស់សារធាតុគីមី នាំឲ្យប៉ះពាល់ដល់សុខភាព។

គ្រួសារកសិករមួយគ្រួសាររស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលប្ដីឈ្មោះ ភី កំសត់ អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ឯក ចន្ថា អាយុ៤២ឆ្នាំ មានកូន៥នាក់ បានរៀបរាប់ប្រាប់ឱ្យដឹងថា គ្រួសារគាត់ពុំមានដីសម្រាប់ដាំដុះច្រើនទេ តែដោយមើលឃើញការដាំបន្លែ ទាំងយកផ្លែ ស្លឹក មើម និងដើម ទទួលបានប្រាក់ចំណូលគួរសម ហើយដោយសារគាត់បានទទួលការបណ្ដុះបណ្ដាលលើការងារដាំដុះពីមន្ត្រីជំនាញមន្ទីរកសិកម្ម និងអង្គការអឹបដូផងនោះ គាត់បានសម្រេចចិត្តជួលដីចំការពីគេចំនួន២ហិកតា ដោយកុងត្រាក្នុងរយៈពេល៥ឆ្នាំ ក្នុងមួយឆ្នាំ១លានរៀលដើម្បីដាំដំណាំសុវត្ថិភាព នៅដើមឆ្នាំ២០២០។

ក្នុងរយៈពេល៤ខែកន្លងមកនេះ ពួកគាត់បានត្រួសត្រាយដីកន្លះហិកតាដាំ ត្រសក់ ម្រះ ននោង និងត្រប់ ទទួលបានផលលក់ជាបណ្ដើរៗហើយ និងកំពុងពង្រីកដីដាំដុះបន្ថែមទៀតដោយមិនទុកដីឲ្យនៅសល់នោះឡើយ។

ចំណែកលោក ជា សេងលឿន អាយុ៤៥ឆ្នាំ ជាម្ចាស់ចំការនិងតំណាងសហគមន៍បន្លែនៅក្នុងភូមិអូរថ្កូវ សង្កាត់រលាប បានឲ្យដឹងថា កាលពីដើមឡើយ លោកដាំដំណាំបន្តិចបន្តួចជាលក្ខណៈគ្រួសារ ដើម្បីទុកហូបខ្លួនឯងនៅដីជុំវិញផ្ទះតែប៉ុណ្ណោះ។

លុះនៅឆ្នាំ២០០០ ក្រោយពីទទួលបានការបណ្តុះបណ្តាលជំនាញក្នុងការដាំដុះពីមន្ទីរកសិកម្មខេត្ត និង អង្គការអឹបដូ លោកបានពង្រីកការដាំដុះ ដោយបានចាត់ទុកថា ការដាំបន្លែយកផ្លែ ជាមុខរបរមួយយ៉ាងសំខាន់និងងាយស្រួលសម្រាប់រកប្រាក់ចំណូលក្នុងគ្រួសារ។

គិតមកដល់ពេលនេះ មានផ្ទៃដី៦ហិកតា សម្រាប់ដាំដុះជាលក្ខណៈវិលជុំបាន៤រដូវក្នុងមួយឆ្នាំ គឺក្នុងមួយរដូវចាប់ពី៣ទៅ៤ខែ ដោយផ្តោតសំខាន់ដាំត្រសក់ ននោង និងត្រឡាច។

ជាក់ស្តែងពេលនេះកំពុងដំណើរការដាំបន្លែត្រប់ក្រាម និងត្រប់វែង នៅលើផ្ទៃដីកន្លះហិកតាអាចទទួលផលចាប់ពី១០តោនទៅ១៥តោន និងកំពុងពង្រីកដាំបន្លែបន្ថែមទៀត។ លោកបានបញ្ជាក់ថា មូលហេតុដែលលោកជ្រើសរើសដាំបន្លែយកផ្លែដូចជាត្រប់នេះ ព្រោះវាងាយស្រួលក្នុងការដាំ ថែទាំនិងទទួលផលបានលឿន។

ដោយមើលឃើញពីផលប្រយោជន៍ក្នុងការដាំដំណាំបន្លែងាយស្រួលរកប្រាក់ចំណូលប្រចាំក្នុងគ្រួសារនេះ ទើបធ្វើឲ្យបងប្អូនប្រជាកសិករ រស់នៅក្នុងតំបន់នេះមានការចាប់អារម្មណ៍ ក៏រួមគ្នាចងក្រងជាសហគមន៍ដាំបន្លែយកផ្លែនេះឡើងមានចំនួន២៧គ្រួសារ អនុវត្តនៅលើផ្ទៃដី៣៥ហិកតា ពេលនេះកំពុងទទួលផលគ្រប់ៗគ្នា ។

បន្លែសុវត្ថិភាពទាំងអស់គឺក្រុមឈ្មួញកណ្ដាលមកប្រមូលទិញដល់កន្លែង ព្រមទាំងមានហាងឆេងទីផ្សារល្អប្រសើរ គឺបន្លែត្រប់ក្នុងមួយគីឡូក្រាមតម្លៃចាប់ពី១៨០០ទៅ២០០០រៀល ហើយតម្លៃនេះធ្វើឲ្យពួកគាត់ទាំងអស់គ្នាសប្បាយចិត្តដោយបន្តការខិតខំដាំដុះមិនទុកឲ្យដីនៅសល់ទំនេចោលនោះឡើយ។

លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលតែងតែចុះពិនិត្យមើលការដាំដុះបន្លែនៅតាមសហគមន៍នោះ បានកោតសរសើរដល់បងប្អូនប្រជាកសិករដែលបានចាប់យកមុខរបរដាំបន្លែសុវត្ថិភាពនេះទទួលបានផលល្អប្រសើរ

ស្របតាមគោលបំណងរបស់លោកអភិបាលខេត្ត ដែលចង់ឃើញជីវភាពរស់នៅរបស់បងប្អូនមានការរីកចម្រើន ហើយបើអ្នកខ្ជិលច្រអូសនិងគ្មានគោលការណ៍ច្បាស់លាស់ មិនអាចទទួលបានផលនោះទេ។

លោកសូមឲ្យប្រជាកសិករកុំប្រើជីគីមី ត្រូវប្រើជីធម្មជាតិដូចជា កំទេចកំទីស្លឹកឈើរលួយ លាមកគោក្របី លាមកព្រាប មាន់ ឬប្រចៀវជាដើម។

រដ្ឋបាលខេត្តនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មានសកម្មភាពចម្បងៗជាយុទ្ធសាស្ត្រក្នុងការពង្រឹងសមត្ថភាពកសិករ និងធានារកទីផ្សារជូនផងដែរ។

លោកបន្តថា ពិតណាស់នៅក្នុងរដូវនេះតម្លៃកសិផលរបស់ប្រជាកសិករនៅតាមបណ្តាសហគមន៍កំពុងមានតម្លៃខ្ពស់ ដែលអាចឲ្យពួកគាត់មានឱកាសក្នុងការដាំបន្លែបង្ការផ្សេងៗសម្រាប់ជាតម្រូវការទីផ្សារក្នុងខេត្តនិងក្រៅខេត្ត ។

នេះដោយសារតែរាជរដ្ឋាភិបាល កម្ពុជា បានផ្អាកនូវការនាំចូលបន្លែបង្ការពីប្រទេសជិតខាងទើបជាឱកាសដ៏ល្អសម្រាប់ប្រជាកសិករដែលប្រកបមុខរបរដាំដំណាំ ទទួលបានតម្លៃសមរម្យដូចពេលបច្ចុប្បន្ននេះ។

លោកក៏បានណែនាំដល់ប្រជាកសិករក្នុងសហគមន៍ថា នៅពេលធ្វើការដាំដុះសូមពិនិត្យទៅលើប្រភេទដី និងបែងចែកក្នុងការដាំដុះសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារព្រោះថា រដូវនេះឈានចូលរដូវវស្សា ហើយយើងមានទឹកគ្រប់គ្រាន់មិនដូចរដូវប្រាំងនោះទេ ។

ស្របពេលជម្ងឺកូវីដ១៩កំពុងរីករាលដាលនេះ លោកបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋបន្តចូលរួមបង្ការទប់ស្កាត់ទាំងអស់គ្នា។

ចំពោះការដាំដុះត្រូវចេះជ្រើសរើសនិងប្រើប្រាស់ពូជសុទ្ធល្អស្របទៅតាមទីផ្សារ ហើយគ្រប់ក្រុមគ្រួសារនិមួយៗត្រូវមានសួនបន្លែតាមខ្នងផ្ទះ និងចិញ្ចឹមសត្វ ដែលជាប្រភពចំណូលធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង ៕

ដកស្រង់ពី៖ កោះសន្តិភាព