បណ្តាញសង្គម

ប្រមុខ​រាជរដ្ឋាភិបាល​ផ្ញើ​សារ​ដាស់តឿន​ឲ្យ​ប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​កូ​វី​ដ​១៩ ខណៈ​ប្រទេស​២១៦​ឆ្លង​ជាង​៧​ម៉ឺន​នាក់

រាជជានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារដាស់តឿនក្រើនរំឮកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺកូវីដ១៩ ខណៈប្រទេស២១៦ បានឆ្លងជំងឺជាង៧ម៉ឺននាក់ សម្តេចតេជោបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១០ មិថុនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា ៖

 

ជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពឲ្យបានល្អចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង ។

ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ។ ដូចបងប្អូនបានឃើញស្រាប់ហើយ មានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ ។

សម្តេចបញ្ជាក់ថា៖« ទោះបីកម្ពុជាយើងចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើងខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាល បណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ» ។

សម្តេចលើកឡើងទៀតថា មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩ គ្មានថ្មាំព្យាបាលទេ ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេស គឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ 7,039,918 នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 404,399 នាក់ដែរ ។

ប្រមុខរាជរដ្ឋាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនជនរួមជាតិឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថា មិនមានអ្វីឆ្លងទេ ឬគិតថា ស្រុកយើងសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបាន គឺគិតបែបនេះមិនត្រឹមត្រូវទេ គឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតនេះហើយ ។

សំខាន់ពេលនេះត្រូវថែរក្សាសុខភាពខ្លួនឯង កូនចៅ និងសមាជិកក្នុងគ្រួសារកុំអោយឆ្លងរោគកូវីដនេះ ទោះបីរស់នៅទីក្រុង ឬរស់នៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច ។

សម្តេចក៏ស្នើដល់ប្រជាពលរដ្ឋ សូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានចម្ងល់ ឬការសង្ស័យអ្វីមួយអំពីជំងឺឆ្លងកូវីដ១៩ សូមខលទាក់ទងទៅលេខ ១១៥ ជាបន្ទាន់៕

ដកស្រង់ពី៖ កោះសន្តិភាព