បណ្តាញសង្គម

ទូតអាមេរិក ចូលរំលែកមរណទុក្ខចំពោះមរណភាពរបស់ឪពុកលោកបណ្ឌិត សុខ ទូច

(ភ្នំពេញ)៖ លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខ និងបានសម្តែងនូវសេចក្តីក្រៀមក្រំជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងអំពីមរណភាពរបស់ លោក យ៉ុង សុខន ដែលជាឪពុកបង្កើតរបស់ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោក សុខ ទូច, លោក Patrick Murphy បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកសៅជាទីបំផុត ដែលបានទទួលដំណឹងមរណភាព របស់ឧបាសក យ៉ុង សុខន ត្រូវជាឪពុករបស់លោកបណ្ឌិត។

តំណាងឱ្យស្ថានទូូតអាមេរិក ប្រចាំប្រទេសកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះចំពោះអ្នក និងក្រុមគ្រួសាររបស់អ្នក សម្រាប់ការបាត់បង់ ឪពុកជាទីស្រឡាញ់របស់អ្នក»។

សូមបញ្ជាក់ថា លោក យ៉ុង សុខន បានទទួលមរណភាព នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

សពលោក យ៉ុង សុខន នឹងត្រូវបូជានៅថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ៤៖០០រសៀល នៅភូមិស្វាយឧត្ដម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក យ៉ុង សុខន កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

លោកមានកូនប្រុសស្រីសរុបចំនួន៧រូប។ លោក យ៉ុង សុខន បានចូលរួមចំណែកកសាងសង្គមជាតិ និងបន្សល់ទុកស្នាដៃជាច្រើនសម្រាប់ជាតិ តាមរយៈតួនាទីជាមន្ត្រីរាជការតាំងពីឆ្នាំ១៩៧៩។

លោក សុខន ធ្លាប់បានធ្វើការនៅគណៈឃោសនាអប់រំមជ្ឈិមបក្ស, ជាចៅហ្វាយខេត្តសៀមរាប, ជាចៅហ្វាយស្រុកវារិន, ជាអនុប្រធានពាណិជ្ជកម្ម ខេត្តសៀមរាប, ជាប្រធានសំណង់ខុទ្ទកាល័យមជ្ឈិមបក្សនៅភ្នំពេញ, ជាប្រធានសាឡាងព្រែកក្ដាម នៃក្រសួងសាធារណការ, ធ្វើការនៅក្រសួងគមនាគមន៍ ក្នុងផ្នែកការដ្ឋានស្ពានថ្នល់ និងធ្វើជាអនុប្រធានការិយាល័យអត្តសញ្ញាណកម្មជាដើម៕

ដកស្រង់ពី៖ Fresh News