បណ្តាញសង្គម

កម្ពុជា-ចិន នឹងបញ្ជូនមន្ត្រីជំនាញជាបន្ទាន់ឲ្យជួបពិភាក្សាគ្នា ដើម្បីសិក្សាស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩

(ភ្នំពេញ)៖ កម្ពុជា-ចិន នឹងបញ្ជូនមន្ត្រីជំនាញរៀងៗខ្លួនជាបន្ទាន់ដើម្បីពិភាក្សាគ្នា គោលបំណងស្តារសេដ្ឋកិច្ចប្រទេសកម្ពុជាក្រោយវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់។

នេះជាការបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល

តាមរយៈវីដេអូ Video Conference ជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន សហប្រធានខាងភាគីចិន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានសម្រេចចិត្តនឹងបញ្ជូនមន្ត្រីបន្ទាន់រវាងកម្ពុជា និងចិន (ចិនមកកម្ពុជា ឬកម្ពុជាទៅចិន)

 

ដើម្បីអនុវត្តគម្រោងជាចាំបាច់ ហើយសំខាន់ យើងមិនគ្រាន់តែនិយាយតែមាត់ទេ យើងនឹងបញ្ជូនមន្ត្រីនៅក្រសួងនានា ស្ថាប័ននានា ដែលពាក់ព័ន្ធទៅប្រទេសចិន ដើម្បីអនុវត្តគម្រោងជាបន្ទាន់ ដើម្បីស្តារសភាពការណ៍កម្ពុជា វិបត្តិកូវីដ១៩នេះ»។

ភាគីទាំងពីរឯកភាពគ្នាថា ចាប់តាំងពីការផ្ទុះ រាលដាលនៃជំងឺកូវីដ១៩ កម្ពុជា-ចិន បានជួយគ្នាទៅវិញទៅមក ពុះពារហែលឆ្លងទុក្ខលំបាកទាំងឡាយ ដែលឆ្លុះបញ្ចាំងពីស្មារតីរួមសុខរួមទុក្ខជាមួយគ្នា ក្នុងសហគមន៍វាសនារួម។

តាមរយៈសមិទ្ធផលដ៏ត្រចះត្រចង់ នៃការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ជាកត្តាជំរុញឱ្យភាគីទាំងពីរកាន់តែមានទំនុកចិត្ត ថានឹងទទួលជ័យជម្នះទ្វេទិសទាំងលើមុខព្រួញប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះផង ទាំងលើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផង។

ភាគីកម្ពុជា វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ភាគីចិន ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញមកកម្ពុជា, ផ្តល់នូវសម្ភារក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជួយសម្រាលបញ្ហាកង្វះ វត្ថុធាតុដើមសម្រាប់ផលិតកម្មនៅកម្ពុជា។

ភាគីចិននឹងបន្តផ្តល់ជំនួយ និងការគាំទ្រនានាជូនកម្ពុជាតាមលទ្ធភាព។ ភាគីទាំងពីរ ឯកភាពគ្នាថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាកាលានុវត្តភាពថ្មី សម្រាប់ឆ្នាំនេះ ដែលជាខួប១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួប១ឆ្នាំ នៃផែនការសកម្មភាព ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន។

ភាគីទាំងពីរ សន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងការបង្កើនសន្ទុះថ្មី ដល់ការកសាង សហគមន៍វាសនារួម។ ភាគីទាំងពីរ ឯកភាពគ្នាតម្លើងកម្រិត ភារកិច្ចនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីលើកកម្ពស់ សមត្ថកិច្ចរបស់គណៈកម្មាធិការនេះមួយកម្រិតទៀត។

បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ និងស្ថានភាពត្រឡប់ មកជាធម្មតាវិញ កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា នឹងត្រូវបានជំរុញបន្ថែមទៀត រួមទាំងការអនុវត្តតាមផែនការសកម្មភាព ដើម្បីកសាងសហគមន៍វាសនារួម ដែលជាគោលការណ៍ចំបង៕

ដកស្រង់ពី៖ Fresh News