បណ្តាញសង្គម

កម្ពុជាប្រើពេល៦ឆ្នាំ ដើម្បីរំដោះកាតលឿង នាំចេញបន្លែស្រស់ទៅសហគមន៍អឺរ៉ុប ខណៈវៀតណាម និងថៃ នៅជាប់កាតក្រហម (Video inside)

(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានប្រើពេលអស់៦ឆ្នាំ ដើម្បីរំដោះកាតលឿង នាំចេញបន្លែស្រស់ ទៅកាន់សហគមន៍អឺរ៉ុប ខណៈប្រទេសវៀតណាម និងថៃ មិនអាចនាំចូលបានទេ ដោយសារជាប់កាតក្រហម។

ការបញ្ជាក់របស់លោក ងិន ឆាយ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក ងិន ឆាយ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំធ្វើការ៦ឆ្នាំបានដោះកាតលឿងបានរួច [...] ឥឡូវកម្ពុជា កាតលឿងក៏អត់ ស្អឺក៏អត់ដែរ សម្រាប់បន្លែស្រស់យើងអាចនាំចេញទៅអឺរ៉ុបបាន ប៉ុន្ដែនៅប្រទេសទាំងពីរនោះ

[វៀតណាម និងថៃ] នៅកាតក្រហមនៅឡើយទេ ដោយមិនទាន់នាំចូលបាននោះទេ»។

បើតាមលោក ងិន ឆាយ បានឲ្យដឹងថា ប្រទេសវៀតណាម និងប្រទេសថៃ ដោយសារតែការនាំចេញបន្លែស្រស់ សហគមន៍អឺរ៉ុបចេញកាតលឿងព្រមាន ហើយចេញកាតក្រហម គឺមិនឲ្យនាំបន្លែស្រស់ ចូលទៅក្នុងទឹកដីសហគមន៍អឺរ៉ុប តាំងពី១០ឆ្នាំមុន។ អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងទៀតថា សហគមន៍អឺរ៉ុបបញ្ជូនភ្នាក់ងារអធិការកិច្ច ចំនួនប្រមាណ៧-៨នាក់ មកសិក្សាក្នុងប្រទេសកម្ពុជា។

ដោយសារតែអ្នកនាំចេញ និងអ្នកដាំដុះមួយចំនួន មិនមានភាពស្មោះត្រង់ និងមិនមានក្រមសីលធម៌វិជ្ជាជីវៈ។

លោកបន្ដថា អ្នកនាំចេញ និងអ្នកដាំដុះមួយចំនួនបានប្រាប់គេថា បន្លែមិនប្រើសារធាតុគីមី ប៉ុន្ដែលួចបាញ់ថ្នាំគីមី ហើយបន្លែដាំមិនគ្រប់ លួចយកបន្លែខាងក្រៅ មកដាក់បញ្ចូល ដើម្បីឲ្យបានគ្រប់ ដូច្នេះសហគមន៍អឺរ៉ុបគេធ្វើតេស្ដ រកឃើញសំណល់ថ្នាំកសិកម្ម ហើយនឹងសត្វមួយចំនួន បានគេចេញកាតលឿងព្រមាន។

ជាមួយគ្នានោះ លោក ងិន ឆាយ ចង់ឃើញថា ឲ្យតែគេឃើញកសិផលពីកម្ពុជា គឺគេលើកមេដៃសរសើរ កុំឲ្យគេឃើញកសិផលកម្ពុជា គេទម្លាក់មេដៃចុះ ដែលនាំឲ្យយើងនឹងខូចកេរ្ដិ៍ឈ្មោះ។

លោកថា ឥឡូវនេះកម្ពុជាល្បីល្បាញ ដែលបន្លែទាំងអស់ សុទ្ធធម្មជាតិដោយមិនប្រើគីមី ខណៈការនាំចេញរាប់ម៉ឺនតោន។

ហើយវាក៏ជាដំណឹងល្អមួយ សម្រាប់ប្រជាកសិករកម្ពុជា ក៏ដូចជាអ្នកវិនិយោគ ដែលចង់ដាំបន្លែ នាំទៅសហគមន៍អឺរ៉ុប កម្ពុជាអាចនាំចេញទៅបានផងដែរ៕

 

ដកស្រង់ពី៖ Fresh News