បណ្តាញសង្គម

អាស៊ាន​លើក​ទី​៣៦ នឹង​ផ្តល់​សិទ្ធិ​អំណាច​​ដល់​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថលអាស៊ាន​លើក​ទី​៣៦ នឹង​ផ្តល់​សិទ្ធិ​អំណាច​​ដល់​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថល

ប្រទេសវៀតណាម ៖ យោងតាមសារព័ត៌មាន Viet Nam News ចេញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះបានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ និងកម្មវិធីពិសេសៗ ស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល។

ក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ នាយករដ្ឋមន្ត្រីវៀតណាម នឹងធ្វើជាប្រធាននៃកិច្ចសន្ទនារវាងមេដឹកនាំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) តំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលធុរកិច្ចអាស៊ាន (ASEAN-BAC) ផងដែរ ។

លោកស្រី Nguyen Thi Kim Ngan ដែលជាប្រធានរដ្ឋសភាវៀតណាម នឹងធ្វើជាតំណាងឱ្យប្រទេសវៀតណាម ដើម្បីថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពិសេស ស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល ហើយអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ AIPA នឹងចូលរួមកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង AIPA ។

សារព័ត៌មានដដែលនេះបានបន្តទៀតថា ក្នុងកិច្ចប្រជុំនេះផងដែរ ក៏ត្រូវបានអញ្ជើញចូលរួមពី លោក Pham Binh Minh ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា លោក Pham Binh Minh នឹងធ្វើជាប្រធាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការ កិច្ចប្រជុំលើកទី២៦ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងកិច្ចប្រជុំលើកទី២១ នៃក្រុមប្រឹក្សាសហគមន៍សន្តិសុខនយោបាយអាស៊ាន។

សារព័ត៌មានបានបន្ថែមថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀណាម លោក Tran Tuan Anh នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រី នៃប្រទេសដែលចូលរួម ក្នុងការចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់

(RCEP) ខណៈដែលរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung នឹងធ្វើជាប្រធាននៃកិច្ចប្រជុំលើកទី ២៣ នៃក្រុមប្រឹក្សាសហគមន៍វប្បធម៌-សង្គមអាស៊ាន៕

ដកស្រង់ពី៖ កោះសន្តិភាព