Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាកូវីដ១៩ធ្វើប្រទេសភាគច្រើនបំផុតលើលោកប៉ះពាល់សេដ្ឋកិច្ច ប្រទេសខ្លះរហូតដល់សញ្ញាដក ខណៈសេដ្ឋកិច្ចកម្ពុជាក៏ធ្លាក់ចុះដែរ ជារឿងមិនធ្លាប់មានរយៈពេលជាង២០ឆ្នាំ (Video inside)

  • បោះពុម្ព

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះប្រមាណ-១.៩ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ដែលធ្លាប់តែកើនឡើងជាមធ្យម៧ភាគរយក្នុង១ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២០នេះ ប្រទេសភាគតិចណាស់ដែលអាចមានសេដ្ឋកិច្ចវិជ្ជមាន ពោលប្រទេសភាគច្រើនបំផុតនឹងទទួលបានភាពអវិជ្ជមាន សម្រាប់សេដ្ឋកិច្ច ខណៈប្រទេសខ្លះបានប្រកាសទុកជាមុន ដូចជាសិង្ហបុរីថាសេដ្ឋកិច្ចរបស់ខ្លួននឹង -៧% ឯណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កូវីដដាក់យើងឲ្យយើងស្ថិតនៅក្នុងស្ថានភាពមួយមិនច្បាស់លាស់ និងប៉ះទង្គិចទៅលើបញ្ហាជាច្រើន ពិសេសវិបត្តិសេដ្ឋកិច្ចពិភពលោក និងវិបត្តិសេដ្ឋកិច្ចតាមប្រទេសនីមួយៗ ដែលឆ្នាំនេះប្រហែលជាមានប្រទេសតិចតួចណាស់ ដែលមានសេដ្ឋកិច្ចវិជ្ជមាន ប៉ុន្តែភាគច្រើន គឺធ្លាក់ បានសេចក្តីថាដក [អវិជ្ជមាន] ។

ប្រទេសខ្លះបានប្រកាសទុកជាមុនហើយ ដូចជាសិង្ហបុរីថាសេដ្ឋកិច្ចរបស់ខ្លួននឹង -៧% ឯណោះ ប្រទេសខ្លះថា -១០% ប៉ុន្តែកម្ពុជាតាមការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ចរបស់យើង របស់ធនាគារអភិវឌ្ឍន៍អាស៊ី របស់ IMF និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ក្នុងរង្វង់ -១.៥% ទៅ -២.៩% ប៉ុន្តែសម្រាប់យើង វាយតម្លៃថា ភាពប្រាកដប្រជាអាចនឹង -១.៩% នៅឆ្នាំនេះ ដែលនេះគឺជាស្ថានភាពមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំ»។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ មិនកម្ពុជាធ្លាប់ជួបនោះទេ។ សម្តេចបានថ្លែងថា ឆ្នាំ២០០៥ កម្ពុជាសម្រេកំណើន១៣.៣% ជាអត្រាខ្ពស់បំផុត, នៅឆ្នាំ២០០៦ កំណើន១២% នៅឆ្នាំ២០០៧ កើនឡើង១១%, ឆ្នាំ២០០៨ មកនៅត្រឹម៦.៩%, ឆ្នាំ២០០៩ មកនៅត្រឹម ០.៥% ដែលមិនបានធ្វើឲ្យស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជារអិលធ្លាក់ ទៅការបាត់បង់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនោះឡើយ។

ឆ្លើយតបនឹងការលើកឡើងថា តើគួរតែមានការសាងសង់ព្រលានយន្តហោះទេ បើស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩នោះ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅបច្ចុប្បន្ននេះក្រុមហ៊ុននៅកម្ពុជា មិនទាន់មានក្រុមហ៊ុនណាមួយប្រកាសក្ស័យធុននៅឡើយទេ ហើយក៏មិនមានការប្រកាសអាសន្ននៃការខ្វះទុន លើការវិនិយោគនោះដែរ។

សូមជម្រាប ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២.៩%។

ធនាគារពិភពលោក បានប្តេជ្ញាចិត្តថា នឹងជួយកម្ពុជា ក្នុងការជួយដោះស្រាយឲ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ច ឲ្យឆាប់ងើបឡើងវិញ និងមានភាពធន់នាពេលអនាគត។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាលើកដំបូង ក្នុងពេលវិបត្តិកូវីដ១៩ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា ថយចុះដល់-១.៩% ដែលជាអត្រាមិនធ្លាប់មានកន្លងមក។

ទោះយ៉ាងនេះក្ដី តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថា អាចនឹងងើបឡើងវិញ មកក្នុងអត្រាកំណើន៣.៥% ដោយសារការរំពឹងទុក នៃការងើបឡើងវិញយឺត នៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសការកើនឡើង ក្នុងកម្រិតទាបនៃតម្រូវការខាងក្រៅ និងទំនុកចិត្តទីផ្សារក្នុងស្រុក៕

ដកស្រង់ពី៖ Fresh News