បណ្តាញសង្គម

ព្រ​លាន​យន្តហោះ​ភ្នំពេញ​បច្ចុប្បន្ន​នឹង​មិន​រុះរើ​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជាក់លាក់ថា ព្រលានយន្តហោះពោធិចិនតុង (អា កាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន) រក្សានៅទុកដដែល ទោះបីជាព្រលានយន្តហោះអន្តរជាតិថ្មីសាងសង់ដំណើរការក៏ដោយ ។

ថ្លែងក្នុងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងទឹកដីខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ក្នុងឱកាសនេះខ្ញុំក៏បានឆ្លៀតលើកឡើងចំពោះចង្ងល់មតិមួយចំនួនថា នៅពេលព្រលានយន្តហោះថ្មីធ្វើរួចហើយ បិទព្រលានយន្តហោះចាស់ គឺមិនបិទនោះទេ ។

សម្តេចបញ្ជាក់ថា ៖«ព្រលានយន្តហោះចាស់ត្រូវទុកនៅជាព្រលានយន្តហោះដដែល ប៉ុន្តែមុខងាររបស់វា ទី១.ជាព្រលានយោធាកងទ័ព ទី២.ទុកសម្រាប់ការហោះហើរផ្ទៃក្នុងប្រទេស ។

ទី៣.ប្រើសម្រាប់ដឹកជញ្ជូនសម្ភារៈទំនិញសម្រាប់ផ្លូវអាកាស ទី៤.សម្រាប់ការចុះចតសម្រាប់ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រមុខរដ្ឋជាភ្ញៀវ និងទុកសម្រាប់ជាកន្លែងទុកចតយន្តហោះ ។ អីញ្ចឹងអ្នកខ្លះគេនិយាយពោធ៍ចិនតុងអាចក្លាយជាទីក្រុងរណបថ្មីនោះគឺអត់ទេ» ។

សម្តេចក៏បានលើកឡើងថា នៅពេលខាងមុខក៏នឹងមានការបង្កើតព្រលានយន្តហោះនៅខេត្តបាត់ដំបង រតនគិរី ជាដើម ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាមានជំងឺកូវីដ១៩កំពុងវាយលុបបណ្តាប្រទេសនានាលើសកលលោក ព្រមរួមទាំងប្រទេសកម្ពុជាក្តី អាកាសយានដ្ឋានអន្តរជាតិចំនួន៣ នៅតែសាងសង់ជាធម្មតា ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាកំពុងសាងសង់ ព្រលានយន្តហោះអន្តរជាតិចំនួន៣ ព្រមទាំងទោះបីជាមានជំងឺកូវីដ១៩យ៉ាងណាក្តី ។ ព្រលានយន្តអន្តរជាតិដែលកំពុងសាងសង់នោះមានព្រលានយន្តហោះអន្តរជាតិខេត្តកណ្តាល ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ ។

សម្តេចបន្តថា ទោះបីជាមានមតិមួយចំនួនលើកឡើងថា ហេតុកម្ពុជាចាំបាច់សាងសង់ព្រលានយន្តហោះធ្វើអ្វី បើជំងឺកូវីដ១៩ កំពុងវាយលុកនៅលើបណ្តាប្រទេសជាច្រើនលើសកល រួមទាំងកម្ពុជាផងនោះ ។

ចំណុចនេះសម្តេចបានលើកឡើងថា ការសាងសង់មិនប៉ះពាល់ដល់ក្រុមហ៊ុនដែលសាងសង់នោះទេ ។ ហើយជាទូទៅនៅកម្ពុជាមិនទាន់មានក្រុមហ៊ុនណាមួយបិទ ឬក្ស័យធននោះទេ ជាក់ស្តែងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះចំនួន៣ខាងលើនេះ។

សម្តេចបន្តថា តាមគម្រោងការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកណ្តាលអាចនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ ដោយព្រលានយន្តហោះនេះនឹងអាចឲ្យយន្តហោះខ្នាតធំចុះចូលចតបានដោយមិនចង្អៀតនោះទេ ។

សម្តេចក៏បានបន្តលើកទឹកចិត្តហើយសង្ឃឹមថា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោកអភិបាល ខេត្តកណ្តាល លោកអភិបាលខេត្តតាកែវ អភិបាលភ្នំពេញ ខិតខំដោះស្រាយ ធ្វើយ៉ាងណាឲ្យព្រលានយន្តហោះរួចរាល់ តាមការគ្រោងទុកនៅឆ្នាំ២០២៣ខាងមុខ៕

ដកស្រង់ពី៖ កោះសន្តិភាព