បណ្តាញសង្គម

ទេសរដ្ឋមន្រ្តី លី ធុជ៖ វិស័យមីននៅកម្ពុជា បានឈានដល់របត់មួយនៃការគ្រប់គ្រងព័ត៌មាន តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាថ្មី នាសតវត្សទី២១

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) តំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងអង្គការ Mine Advisory Group (MAG) តំណាងដោយ លោក Shathel Fahs បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា

ស្តីពីប្រសិទ្ធិភាពនៃការគ្រប់គ្រងព័ត៌មានប្រតិបត្តិការនៅទីវាល ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយ កម្មវិធីអភិវឌ្ឍន៍និងស្រាវជ្រាវការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា បានឈានដល់របត់មួយនៃការគ្រប់គ្រងព័ត៌មាន តាមរយៈការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មី ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការគ្រប់គ្រងទិន្នន័យវិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងសតវត្សទី២១នេះ។

លោកបានលើកឡើងថា អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្នែកវិស័យសកម្មភាពមីន នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីធានាឲ្យការរៀបចំផែនការសកម្មភាពមីនទទួលបានជោគជ័យ និងស្របតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥។

លោក ទេសរដ្ឋមន្រ្តី បន្តទៀតថា ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិស័យមីននៅទូទាំងប្រទេស គឺជាកត្តាចាំបាច់មួយ ដែលយើងទាំងអស់ត្រូវយកចិត្តទុកដាក់ និងគិតគូឲ្យទាន់ពេលវេលា ដើម្បីឆ្លើយតបនូវតម្រូវការរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយអាចទាញយក និងប្រើប្រាស់ព័ត៌មាន ប្រកបដោយគុណភាព និងសុក្រឹតភាព ស្របតាមទំនើបនីយកម្មនៃបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្ន។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការរួមចំណែកលើកដំបូងរបស់កម្មវិធី HDR & D របស់សហរដ្ឋអាមេរិក តាមរយៈអង្គការ MAG នេះ នឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រី-បុគ្គលិកនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់អាជ្ញាធរមីនទូទាំង ២៥ រាជធានី-ខេត្ត ដោយអាចប្រមូលនូវទិន្នន័យបានលឿនជាងមុន និងអាចរាយការណ៍មកអាជ្ញាធរមីន បានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះ លោក ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ HDR & D និងអង្គការ MAG តំណាងដោយ លោក Shathel Fahs ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះផ្ទៃដី និងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ

ឲ្យរួចផុតពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយនាថ្ងៃនេះ អង្គការ MAG បាននាំមកនូវកម្មវិធី HDR & D

ចូលរួមឧបត្ថម្ភគាំទ្រការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិស័យមីននៅទូទាំងប្រទេស ផងដែរ។ ជាមួយគ្នានេះ លោក Shathel Fahs មានសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ទេសរដ្ឋមន្រ្តី លី ធុជ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការអនុញ្ញាតឲ្យ HDR&D និងអង្គការ MAG

ចូលរួមក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងផ្តល់ការគាំទ្រការគ្រប់គ្រងព័ត៌មានប្រតិបត្តិការនៅទីវាល ហើយលោក Shathel Fahs មានសង្ឃឹមថា តាមរយៈបច្ចេកវិទ្យាថ្មីនេះ វិស័យមីននៅកម្ពុជា

នឹងទទួលបានជោគជ័យ ផ្តល់លទ្ធភាពងាយស្រួលប្រើប្រាស់ និងទាន់ពេលវេលាទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ដកស្រង់ពី៖ Fresh News