បណ្តាញសង្គម

ព្រះមហាក្សត្រ បង្គាប់ឲ្យ លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ឧត្តមមន្រ្តី ថ្នាក់លេខ១ ចូលនិវត្តន៍

ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ បង្គាប់ឲ្យលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឧត្តមមន្រ្តីថ្នាក់ លេខ១ ចូលនិវត្តន៍ និងមន្រ្តី២រូបផ្សេងទៀត នៅក្រសួងសាធារណការ ។

ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចេញផ្សាយកាល ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា លោកជំទាវ ម៉ែន សំអន ត្រូវបានប្រកាស ឲ្យចូលនិវត្តន៍ តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ចំណែក ឯកឧត្តម រស់ សូផាន មន្រ្តីបម្រើការងារ នៅក្រសួងមុខងារសាធាណៈ ឧត្តមមន្រ្តី ថ្នាក់លេខ១ ចូលនិវត្តន៍ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ដោយឡែក ឯកឧត្តម ថោ មូលប៊ុនថាត ឧត្តមមន្រ្តី ថ្នាក់លេខ៥ ចូលនិវត្តន៍តាំងពីថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

ព្រះរាជក្រឹត្យ បានឲ្យដឹងទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ត្រូវទទួលបន្ទុក អនុវត្ត ព្រះរាជក្រឹត្យនេះ តទៅចាប់តាំងពីថ្ងៃ ឡាយព្រះហស្ថលេខា ។

សូមបញ្ជាក់ថា លោកជំទាវ ម៉ែន សំអន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើង ឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ ផ្កាយមាស ៤ នៅខែកញ្ញា ឆ្នាំ២០០៨ ៕

ដកស្រង់ពី៖ ដើមអម្ពិល