បណ្តាញសង្គម

រដ្ឋមន្រ្ដីក្រសួងកសិកម្ម៖ ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន នឹងជួយលើកស្ទួយ វិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន នឹងជួយលើកស្ទួយ វិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរ។

ការលើកឡើងរបស់លោក វេង សាខុន ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី ចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី «ការទិញ លក់ ចែកចាយផលិតផលកសិកម្ម» រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែកចាយផលិត ផលកសិកម្ម និងបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្ម ក្នុងរោងចក្រផលិតរបស់ក្រុមហ៊ុន ដែលមានទីតាំងនៅសង្កាត់កាកាប រាជធានីភ្នំពេញ។

លោកបានបន្ដថា «ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន ប្រាកដបានជួយលើកស្ទួយ វិស័យកសិកម្ម តាមរយៈការបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ដែលនឹងជួយបង្កើនតម្លៃបន្ថែម លើកសិផលរក្សានិរន្តរភាពនៃ ការផលិត ការផ្គត់ផ្គង់ និងបន្តចូលរួមបង្កើនចំណូលដល់គ្រួសារ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញ សរុបនៅឆ្នាំ២០២៥ និងជាពិសេសស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣»។

លោកបានបញ្ជាក់ថា កិច្ចសន្យាផលិតកម្មកសិកម្ម បានជួយជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើម ចេញពីផលិតផលកសិកម្មដែលកំពុងមានសក្តានុពល ឱ្យបានកាន់តែច្រើនឡើង ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ក្នុងទិសដៅចំបងគឺលើកកម្ពស់ផលិតភាព ផលិតកម្មកសិកម្ម ប្រើប្រាស់វត្ថុធាតុដើម ឱ្យអស់លទ្ធភាពកាត់បន្ថយការនាំចូលផ្តល់ឱកាស ដល់ប្រជាកសិករដែលជាអ្នក ផលិតវត្ថុធាតុដើម និងបង្កើតការងារ។

លោកបានបន្ថែមថា ក្នុងពេលដែលកម្ពុជាកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ និងដើម្បីចូលរួមដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ដំណើរការ របស់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈពង្រឹងបរិយាកាសវិនិយោគឱ្យបានល្អប្រសើរ ដើម្បីស្រូបយកកំលាំងពលកម្ម ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្ម។

ជាក់ស្តែង ការប្រើប្រាស់ផលិតផលកសិកម្ម បាននិងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នូវឥរិយាបទផលិតពីការផលិត ដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឱ្យបាន នូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះប្រាកដជានឹងចូល រួមធ្វើឱ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវារនុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅ សម្រេចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នាឆ្នាំ២០២៣-២០៥០។

លោករដ្ឋមន្រ្ដីក៏បានផ្ដល់នូវវិធានការផ្សេងជាច្រើន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ដោយត្រូវសហការ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា ក្រុមហ៊ុន រោងចក្រ សហគ្រាសកែច្នៃផលិតផលកសិកម្ម ទាំងនេះដើម្បីពង្រឹង និងពង្រីកយន្តការផលិតកម្មកសិកម្ម ធានាឱ្យបានទាំងបរិមាណ គុណភាព ស្តង់ដារផលិតដោយអនុវត្តបច្ចេកវិទ្យាចុងក្រោយ

និងនវានុវត្តន៍ថ្មី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងបរិបទបច្ចុប្បន្ននេះ និងជាពិសេសនោះ ចូលរួមជំរុញអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃ ការរាលដាលជំងឺឆ្លងកូវីដ១៩នេះ ដោយត្រូវ

«ធ្វើការបណ្តុះ បណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុន និងអ្នកចិញ្ចឹមសត្វ ដាំដំណាំក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅ ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល»។

លោករដ្ឋមន្ត្រីវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន រហូតទទួលបានជោគជ័យនាថ្ងៃនេះ ហើយភាពជោគជ័យនេះមិនអាចកាត់ផ្តាច់បានពី ការចូលរួមសហការពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានឡើយ។

លោកស្រីឧកញ៉ា ជា មុំ នាយកក្រុមហ៊ុន បានរាយការណ៍ជូនអង្គពិធីពីប្រវត្តិក្រុមហ៊ុន ខ្សែច្រវាក់ផលិតកម្ម ស្តង់ដារផលិតកម្ម កិច្ចសហប្រតិបត្តិការ ការប្រើប្រាស់វត្ថុធាតុដើម និងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិចំនួន១៣ប្រទេស ហើយថ្មីៗនេះ ដោយសារអង្ករកម្ពុជា ជាប់លំដាប់ថ្នាក់លេខ១

បានទាក់ទាញក្រុមហ៊ុនជប៉ុន «ខាមេដា» មកចូលរួមសហការវិនិយោគផលិតនំស្រួយ ដោយប្រើអង្ករខ្មែរ រួចធ្វើការនាំចេញទៅកាន់ ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់។

លោកស្រីឧកញ៉ាបន្ដថា រៀងរាល់ឆ្នាំក្រុមហ៊ុន បានប្រើប្រាស់វត្ថុធាតុដើមជា អង្ករ ពោត និងដំឡូងមីសរុបចំនួន៤,០០០តោន ដោយឡែកក្រុមហ៊ុន លីលីខាមេដា ប្រើអង្ករ៣,០០០តោន៕

ដកស្រង់ពី៖ Fresh news