បណ្តាញសង្គម

លោក ជាម ច័ន្ទសោភ័ណ បង្ហាញពីសមិទ្ធផល និងការរីកចម្រើនរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (Video inside)

(ភ្នំពេញ)៖ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញអំពីសមិទ្ធផល និងការរីកចម្រើន ជាបន្ដបន្ទាប់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ»។

*ការងារសន្តិសុខ សណ្តាប់ធ្នាប់៖ ការប្រឡងប្រណាំងភូមិ-ឃុំមានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ គឺប្រភេទលេខ១ មាន ៦១ឃុំ-សង្កាត់, ប្រភេទលេខ២ មាន ៣ឃុំ-សង្កាត់, និងប្រភេទលេខ ៣គ្មាន ព្រមទាំងអនុវត្តបានយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជាច្រើនផងដែរ ក្នុងនោះ បទល្មើសព្រហ្មទណ្ឌ មាន៧៦ករណី/៨៣បើធៀប នឹងឆ្នាំ២០១៨ ថយចុះ០៧ករណី ស្មើនឹង៨%។

ប៉ុន្តែលទ្ធផលបង្រ្កាបបានមាន៧៣ករណី ស្មើនឹង៩៦% ឃាត់ខ្លួនជនសង្ស័យ៨៩នាក់ បទល្មើសគ្រឿងញៀន២៤៤ករណី/២២៨ ឃាត់ខ្លួន៣៦៨នាក់ (ស្រី១៩នាក់), គ្រោះថ្នាក់ចរាចរណ៍៦១លើក/៥៥ កើនឡើង០៦លើក ស្មើនឹង១១% ក្នុងនោះ ស្លាប់៥១នាក់ និងរបួស៨១នាក់។

*ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ផ្ទៃដីធ្វើស្រូវរដូវវស្សានិងស្រូវរដូវប្រាំង ចំនួន ៨៩,៤៦០ហិកតា ទទួលបានបរិមាណផល ចំនួន ៣០៧,២០០តោន ដែលជាមធ្យមទទួលបានចំនួនទិន្នផល ៣,៤៨តោន/ហិចតា បរិមាណស្រូវលើសពីតម្រូវការចំនួន ៧៥,៦០០តោន គិតជាអង្ករ ៤៨,០០០តោន។

ផ្ទៃដីដំណាំកសិឧស្សាហកម្ម និងដំណាំរួមផ្សំ ចំនួន ៨៣,៥០០ហិកតា។ ផ្ទៃដីកៅស៊ូសរុប ៨៣,០០០ហិកតា ក្នុងនោះកៅស៊ូក្រុមហ៊ុន និងវិទ្យាស្ថាន ៣២,០០០ហិកតា និងកៅស៊ូគ្រួសារ ៥១,០០០ហិកតា។

ផ្ទៃដីប្រមូលផល ៥៧,៥០០ហិកតា ទទួលបានបរិមាណផល ៨៦,២៥០តោន/ឆ្នាំ និងកំពុងថែទាំ ២៥,៥០០ហិកតា។

កែច្នៃបឋមក្នុងស្រុកបានប្រមាណ ៣៨,៣៣៥តោន នៅតាមបណ្តារោងចក្រ សិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូ ចំនួន៥៨មូលដ្ឋាន។

*ការងារពាណិជ្ជកម្ម៖ ខេត្ត មានក្រុមហ៊ុនចំនួន១២៧ និងសហគ្រាស ចំនួន១០៤ ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម, បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម ចំនួន១៤១ច្បាប់, ខេត្តមានផ្សារ ចំនួន៧ និងផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលមានស្តង់ចំនួន ៦៨។

ទំហំពាណិជ្ជកម្មរវាងខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាម ឆ្នាំ២០១៩ មានប្រមា

ណ ៣៧៣លានដុល្លារ ក្នុងនោះ ទំនិញនាំចេញមានប្រមាណ ២០២លានដុល្លារ និងទំនិញនាំចូលមានប្រមាណ ១៧១លានដុល្លារ។ ទំហំពាណិជ្ជកម្មឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨ មានការកើនឡើងប្រមាណ ៩៧លានដុល្លារ ស្មើនឹង២៦%។

*ការងារឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៖ ការងារផ្គត់ផ្គង់ទឹកស្អាត ផលិតកម្ម-អាជីវកម្មទឹកស្អាត ឯកជនផ្គត់ផ្គង់ នៅតាមបណ្តាក្រុងស្រុក មានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សរុប០៨មូលដ្ឋាន។

ក្នុងចំណោមភូមិ ៨៧៣ភូមិ ចំនួនភូមិដែលអាជីវកម្ម ទឹកស្អាតឯកជន ទទួលសិទ្ធិផ្គត់ផ្គង់មានចំនួន ៤៩១ភូមិ។ ១៦៨ ភូមិ មានបណ្តាញទឹកស្អាតពីបំពង់រួចរាល់ ស្មើនឹង១៩% និងប្រជាពលរដ្ឋចំនួន ១៣,១៧៤គ្រួសារ មានបណ្តាញទឹកស្អាតពីបំពង់ប្រើប្រាស់។

*ការងារទេសចរណ៍៖ ខេត្តត្បូងឃ្មុំ មានសក្តានុពលក្នុងការអភិវឌ្ឍលើវិស័យទេសចរណ៍ ជាអាទិភាពលើរមណីយដ្ឋាន ធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានកែច្នៃ។ ការអភិវឌ្ឍនេះ សំដៅលើកកម្ពស់គុណភាពវិស័យ ទេសចរណ៍ ក្នុងន័យរួមចំណែក ការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍប្រកបដោយ និរន្តភាព និងការទទួលខុសត្រូវខ្ពស់ ហើយការអភិវឌ្ឍដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ផ្តល់ឱកាសការងារ បង្កើតប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក និងជួយចូលរួមកាត់បន្ថយការបម្រែបំរួលអាកាសធាតុផងដែរ។

ខេត្តត្បូងឃ្មុំ មានរមណីយដ្ឋានដូចជា៖ រមណីយដ្ឋានព្រះធាតុបាស្រី, រមណីយដ្ឋានហ្លួងព្រះស្តេចកន, ចំការកៅស៊ូ, រមណីយដ្ឋានទឹកធ្លាក់ហោង, រមណីយដ្ឋានភូមិអភិវឌ្ឍអន្លង់ជ្រៃ, រមណីយដ្ឋានអូរក្តុង, រមណីយដ្ឋានតាសែដូងក្រអូប, រមណីយដ្ឋានចំការឈូករ័ត្ន, សារមន្ទីរមេមត់, សហគមន៍ទេសចរណ៍, ថ្នាក់បណ្តុះបណ្តាលមូលដ្ឋាន OBT និងមានគោលដៅទេសចរណ៍ជាច្រើនកន្លែងផងដែរ សម្រាប់លំហែរកាយ និងសម្រាកកម្សាន្ត ក្នុងឱកាសបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ។

*វិស័យរ៉ែ និងថាមពល៖ ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយអគ្គិសនី (រដ្ឋ និងឯកជន) ចំនួន១៣ក្រុមហ៊ុន, មានអាជ្ញាប័ណ្ណអគ្គិសនី១៣ ស្មើនិង១៥តំបន់ ភូមិមានអគ្គិសនីចំនួន ៨៤២/៨៧៣ភូមិ ស្មើនឹង៩៦%, និងមានបណ្ដាញអគ្គិសនីគ្របដណ្ដប់លើភូមិ ៨៤២ភូមិ ស្មើនឹង៩៦%។

*ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៖ ខេត្តត្បូងឃ្មុំ មានផ្លូវជាតិធំៗចំនួន០៥ខ្សែ គឺផ្លូវជាតិលេខ៧ លេខ៨ លេខ១១ លេខ៧២ លេខ៧៣ និងផ្លូវសំខាន់ៗ ដែលតភ្ជាប់ពីទីរួមខេត្តទៅក្រុង-ស្រុក ឃុំសង្កាត់ និងភូមិ សរុបប្រវែងប្រមាណ ៧៥១គីឡូម៉ែត្រ ក្នុងនោះផ្លូវចាក់កៅស៊ូ មានប្រវែងប្រមាណ៥២៦គីឡូម៉ែត្រ ផ្លូវបេតុងមានប្រវែង ៥០គីឡូម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម មានប្រវែងប្រមាណ ១៧៥គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ០២ខ្សែ គឺស្ពានមិត្តភាពកម្ពុជាជប៉ុន (គីហ្សូណា) និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ (ដែលនឹងសង់រួចនៅឆ្នាំ២០២១)។

*ធនធានទឹក និងឧតុនិយម៖ ខេត្តត្បូងឃ្មុំ បានទប់ការពារច្រាំងទន្លេប្រវែង ១,៦០០ម៉ែត្រ ស្ដារប្រឡាយប្រវែង៤,២០០ម៉ែត្រ ជួសជុលទំនប់ប្រវែង ២,៦០០ម៉ែត្រ ថែទាំប្រព័ន្ធធារាសាស្រ្តខួប និងប្រចាំចំនួន០៧កន្លែង សាងសង់សំណង់ទំនប់បង្ហៀរចំនួន ០២កន្លែង ថែទាំសំណង់ទ្វារទឹកចំនួន០៥កន្លែង ថែទាំទំនប់ប្រវែង ៧,៥០០ម៉ែត្រ ជួសជុលសំណង់ស្ទាក់ទឹកចំនួន ០៥កន្លែង និងសាងសង់សំណង់ទ្វារទឹក ០២កន្លែង។

*ការងារព្រំដែន៖ ខេត្តត្បូងឃ្មុំ មានព្រំប្រទល់ជាប់នឹងខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមាន មានស្រុកចំនួន២ នៅជាប់តាមបណ្តោយខ្សែបន្ទាត់ព្រំដែន គឺស្រុកពញាក្រែក និងស្រុកមេមត់។ ខេត្តត្បូងឃ្មុំ មានច្រកទ្វារព្រំដែនចំនួន ៧ក្នុងនោះ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងចំនួន០១ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន០២ (ដារ និងទន្លេរចាម) និងច្រកទ្វារតំបន់ព្រំដែនចំនួន ០៤ (ជាំក្រវៀន ដូនរ័ត្ន ចាន់មូល និងទន្លូង)។

រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់សន្តិសុខ និងការអភិវឌ្ឍនៅតំបន់ព្រំដែន ស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល «ប្រែក្លាយតំបន់ព្រំដែន ឲ្យទៅជាទីប្រជុំជន» ដោយសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចតទៅ៖

ទី១៖ បានលុបបំបាត់ច្រករបៀងទាំងស្រុង ហើយការលក់ ឬជួលដីស្រែ ដីចំការ ឬលំនៅឋាននៅតាមព្រំដែន ឲ្យទៅប្រជាពលរដ្ឋ នៃប្រទេសវៀតណាម ក៏ត្រូវបានបញ្ឈប់ទាំងស្រុង រហូតមកដល់បច្ចុប្បន្ន ទី២៖ សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ត្រូវបានត្រួតពិនិត្យតាមដាន និងពង្រឹងយ៉ាងហ្មត់ចត់ តាមរយៈកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត នៅរៀងរាល់ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ។

ទី៣៖ បង្កើតឲ្យមានគណៈកម្មការអភិវឌ្ឍន៍ព្រំដែនខេត្ត ដែលជាយន្តការដឹកនាំ និងអនុវត្តការងារអភិវឌ្ឍន៍ព្រំដែនប្រកបដោយចក្ខុវិស័យច្បាស់លាស់។

*ការងារគ្រប់គ្រងដីធ្លី និងសំណង់៖ ក្នុងឆ្នាំ២០១៩-២០២០ ករណីបណ្ដឹងដីធ្លីដែលរដ្ឋបាលខេត្ត ទទួលបានសរុប ៧៣ករណី ក្នុងនោះ រដ្ឋបាលខេត្ត បានដោះស្រាយបញ្ចប់ ១៣ករណី ដកពាក្យបណ្តឹង ១១ករណី ច្រានចោល ០៧ករណី និងបន្តធ្វើការដោះស្រាយចំនួន ៤២ករណី។

ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដាច់ដោយដុំ បានចំនួន ៣៣៧,៦៧៩ក្បាលដី ត្រឹមឆ្នាំ២០១៩ និងបន្តចុះបញ្ជីមកដល់ខែឧសភា ឆ្នាំ២០២០ អនុវត្តបាន ១៩,១៥៣ ក្បាលដី ស្នើ៣៨% នៃផែនការឆ្នាំ២០២០ចំនួន ៥០,០០០ក្បលដី។

ការងារអនុញាតច្បាប់សំណង់ សរុបឆ្នាំ២០១៩ រួមមាន សមត្ថកិច្ចក្រសួង ០៣ គម្រោងសមត្ថកិច្ចខេត្ត ២៩គម្រោង និងសមត្ថកិច្ចក្រុង ស្រុក ៨០គម្រោង៕

ដកស្រង់ពី៖ Fresh News