បណ្តាញសង្គម

ទូតកម្ពុជាប្រាប់ពលរដ្ឋខ្មែរកំពុងនៅម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះនៅថ្ងៃទី៣ ខែកក្កដា នឹងមានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះថានឹងមានជើងហោះហើរពីម៉ាឡេស៉ី មកកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

ជើងហោះហើរនោះមានលេខ MH754 ដែលជាយន្តហោះពាណិជ្ជកម្ម Malaysian Airlines ហើយនេះគឺជាជើងយន្តហោះពាណិជ្ជកម្មធម្មតា មិនមែនជាជើងយន្តហោះពាណិជ្ជកម្មពិសេសដូចកន្លងមកទេ។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ទូតខ្មែរនៅម៉ាឡេស៉ី បានផ្តាំថា មុននឹងទិញសំបុត្រ ឬបានទិញរួចហើយ ត្រូវតែប្រាកដលក្ខខណ្ឌ២ រួមមាន៖ * ១៖ ត្រូវមានលិខិតឆ្លងដែនមានសុពលភាព។

បើលិខិតឆ្លងអស់សុពលភាព (passport ងាប់) ត្រូវទាក់ទង ឬមកស្ថានទូត ដើម្បីទទួលបានការពន្យល់ណែនាំ។

* ២៖ លិខិតឆ្លងដែនត្រូវមានទិដ្ឋាការ (visa) ត្រឹមត្រូវ ឬទិដ្ឋាការនោះអស់សុពលភាព (visa ងាប់) គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

ប្រសិនបើ visa អស់សុពលភាពមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រូវទៅដោះស្រាយជាមួយអន្តោប្រវេសន៍ម៉ាឡេស៉ី ឲ្យបានរួចរាល់ជាមុនសិន។

ក្នុងករណីមានគ្រប់លក្ខខណ្ឌខាងលើសូមទិញសំបុត្រ Online ដោយផ្ទាល់នៅលើគេហទំព័ររបស់ក្រុមហ៊ុន Malaysian Airlines ហើយអាចសាកសួរព័ត៌មានបន្ថែមដោយ What sApp ទៅកាន់លេខទូរសព្ទ +60122605359។

ស្ថានទូតគូសបញ្ជាក់ថា៖ «សូមកុំជឿតាមការឃោសនារបស់ពួកមេខ្យល់ ដែលធានាទិញសំបុត្រឱ្យបងប្អូនត្រឡប់ទៅវិញ ប្រសិនបើមិនមានគ្រប់លក្ខខណ្ឌខាងលើ ពីព្រោះកន្លងមកមានបងប្អូនខ្លះបានចាញ់បោកមេខ្យល់ ខាតបង់លុយកាក់ជាច្រើន ប៉ុន្តែពុំអាចត្រឡប់ទៅវិញបាន»។

គួររំលឹកថា គិតចាប់ពីផ្ទុះជំងឺកូវីដ១៩ មានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា ទើបតែបាន ២លើកប៉ុណ្ណោះ រួមមាន៖

* លើកទី១៖ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន២០៤នាក់។

* លើកទី២៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១៥៨នាក់៕

ដកស្រង់ពី៖ Fresh News