បណ្តាញសង្គម

សេដ្ឋីផ្នែកហិរញ្ញវត្ថុមួយរូបផ្តាំសហគ្រិនជំនាន់ក្រោយ បើចង់ជោគជ័យ «តោងកុំធ្វើជំនួញតាមគ្នា»

រាជធានីភ្នំពេញ៖ «អ្វីដែលជាកត់សម្គាល់របស់ខ្ញុំ គឺអ្នកជំនួញ ឬសហគ្រិនជំនាន់ក្រោយគឺច្រើនតែរកស៊ីតាមគ្នា ។ ដូច្នេះអ្វីដែលធ្វើតាមគ្នានៅស្រុកយើងគឺមានច្រើន។

គាត់អត់បានគិតខ្លូនឯងទេថាគួរធ្វើជំនួញបែបណា និយាយរួមគឺគាត់ឃើញគេធ្វើចំនេញ គាត់ក៏ធ្វើដែរ ដែលប្រការនេះគឺមានហានិភ័យខ្ពស់នៃការដួលរលំ» ។

នេះជាការលើកឡើងរបស់លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប ដែលជាសេដ្ឋីប្រាក់ពាន់លានមួយរូបនៅកម្ពុជាដែលកំពុងក្តោបកាប់វិស័យហិរញ្ញវត្ថុ អចនទ្រព្យ ហាងបញ្ចាំ ហាងរថយន្តនិងវិស័យ កសិ-ឧស្សាហកម្ម និងវិស័យធានារ៉ាប់រងនៅកម្ពុជា ។

ក្នុងនាមជាសហគ្រិនលេចធ្លោដែលគ្រប់មុខជំនួញទាំងអស់កំពុងទទួលបានជោគជ័យត្រចះត្រចង់នោះ លោកឧកញ៉ាលី ហួរ បានថ្លែងប្រាប់សហការីនៃសារព័ត៌មានកោះសន្តិភាពយ៉ាងដូច្នេះថា «ចំណុចនេះខ្ញុំចង់បញ្ជាក់បន្តិចដែរសម្រាប់ប្អូនៗជំនាន់ក្រោយ ពួកគាត់មានលទ្ធភាពច្រើនបើប្រៀបធៀបជំនាន់ពួកខ្ញុំ ព្រោះសម័យនេះជាសម័យទំនើបនិងជឿនលឿន ហើយពួកនិសិត្សជំនាន់ក្រោយសុទ្ធតែបានរៀនសូត្រខ្ពស់ៗនិងសិក្សានៅក្រៅប្រទេសទៀតផង » ។

លោកឧកញ៉ា លី ហួរ បានបន្ថែមថា «ក៏ប៉ុន្តែអ្វីជាការកត់សម្គាល់របស់ខ្ញុំគឺថាពួកគាត់ នៅខ្វះបទពិសោធន៍។ ធ្វើមុខជំនួញបើកក្រុមហ៊ុនមួយ ខ្ញុំឧទាហរណ៍ គាត់នៅប្រទេសក្រៅ ទៅសិក្សារៀនសូត្រនៅក្រៅ គាត់ឃើញគេបើកហាងកាហ្វេមួយលក់ដាច់ណាស់ ចំនេញច្រើន។

ដល់ពេល គាត់យកតាមគេទាំងស្រុងយកមកដាក់នៅស្រុកខ្មែរ បើកបានតែ ពីរ ឬ ៣ ខែបិទទៅវិញហើយ។ សំណួរគឺថា តើដោយសារអី ? ទាំងអស់នេះ គឺមកពីមកពីគាត់ខ្វះបទពិសោធន៍។

សហគ្រិនដ៏ជោគជ័យរូបនេះបានបញ្ជាក់ថា «អ្វីដែលធ្វើតាមគ្នានៅស្រុកយើងគឺមានច្រើន។ គាត់អត់បានគិតខ្លូនឯងទេ គាត់ឃើញគេធ្វើចំនេញ គាត់ក៏ធ្វើដែរ ដល់អញ្ចឹងម្នាក់ទៀតឃើញគេធ្វើចំនេញក៏ចាប់ផ្តើមមុខរបរធ្វើដូចគេដែរ ។

ដល់ធ្វើចុងក្រោយ ធ្វើមានចំនួនកាន់តែច្រើនទៅៗ មានចំនួនច្រើនពេកទៅអត់ទីផ្សារ ដល់ពេលដួល គឺដូលអាជីវកម្មនោះទាំងអស់គ្នា ។

អញ្ចឹងប្អូនៗជំនាន់ក្រោយ គឺត្រូវគិតអញ្ចេះ យើងមិនទាត់ចោលទាំងស្រុងទេនូវបទពិសោធន៍ពីក្រៅប្រទេស ប៉ុន្តែមុននឹងបើកយើងត្រូវគិតថា តើតំបន់នេះ ឧទាហរណ៍ទីក្រុងភ្នំពេញ ហើយយើងទៅធៀបទីក្រុងមួយនៅប្រទេសគេ ។

អ្វីដែលជាទាំងវប្បធម៌ ប្រពៃណីយ៍ ទាំងសេដ្ឋកិច្ច ទាំងភូមិសាស្ត្រនិងទីផ្សារខុសគ្នា អញ្ចឹងយើងត្រូវគិតពីចំនុចនេះ។ ឧទាហរណ៍កាហ្វេមួយកែវ នៅស្រុកគេ គេលក់ ២ ដុល្លារក្នុងមួយកែវ តែនៅស្រុកខ្មែរខុសគ្នា គឺកាហ្វេធម្មតាតម្លៃតែ ២០០០ រៀលទេក្នុងមួយកែវ អញ្ចឹងតើគេផឹកកាហ្វេតម្លៃ ២ ដុល្លារ ឬក៏២០០០ រៀលក្នុងមួយកែវ ។

ការពិតទៅគឺវាខុសគ្នាត្រង់មួយប្រែន និងមួយទៀតជាកាហ្វេសាមញ្ញ មិនមែនប្រែនល្បី។ អញ្ចឹងមួយផ្នែកទៀត បើយកកាហ្វេប្រែននោះមកលក់ស្រុកខ្មែរតែ ១ ដុល្លារ តែបើធៀបជាមួយបរទេស គឺខុសគ្នា ១ ដុល្លារបាត់បើធៀបនឹងតម្លៃលក់នៅបរទេស។

ចំនុចមួយទៀត បើយកលក់ក្នុងតម្លៃ ១ ដុល្លារក្នុងមួយកែវ តើចំនួនអតិថិជនដែលនឹងមានលទ្ធភាពផឹកកាហ្វេតម្លៃ ១ដុល្លារនឹងមានចំនួនប៉ុន្មាន នេះគឺជាចំណុចដែលត្រូវគិតគូ ។

លោកបានបន្តថា «ប្រាកដណាស់នៅស្រុកគេ គេផឹកទាំងអស់គ្នា តែស្រុកយើងតើមានប៉ុន្មានាក់ផឹកកាហ្វេមួយកែវតម្លៃ១ ដុល្លារនេះ ។

បើយើងមិនសិក្សាអំពីតំបន់និងភូមិសាស្ត្រ គម្លាតគ្នាពីសេដ្ឋកិច្ច ពីការទំនើបកម្មនៃតំបន់ អញ្ចឹងយើងសិក្សាតែមួយជ្រុងពីស្រុកក្រៅគេលក់ដាច់ យើងក៏ធ្វើអាហ្នឹងតាម ប្រែនល្អ តែពេលយកមកដាក់ស្រុកយើងគឺដួលបាត់ ជាក់ស្តែងយើងបានឃើញច្រើនណាស់ តាំងពី Chat Time ជាដើម គឺបាត់អស់រលីង។ អញ្ចឹងហើយទាំងអស់នេះគឺសុទ្ធតែទាក់ទងទៅនឹងបទពិសោធន៍ ។

អចលទ្រព្យក៏ដូចគ្នាដែរ ឃើញគេធ្វើបាននិងជោគជ័យ យើងគិតថាយើងនឹងអាចធ្វើបានដែរនោះ។

យើងអត់បានសិក្សាពីបទពិសោធន៍ភូមិសាស្ត្រ តំបន់រស់នៅកន្លែងនឹង យើងលក់តម្លៃនេះបានទេអញ្ចឹងត្រូវគិតគ្រប់ជ្រុងជ្រោយទាំងអស់។ ជាចុងក្រោយលោកឧកញ៉ា លី ហួរ បានផ្តាំផ្ញើទៅកាន់សហគ្រិនជំនាន់ក្រោយៗ «អញ្ចឹង ប្អូនៗ ខ្ញុំចង់ឲ្យប្អូនៗជំនាន់ក្រោយ ធ្វើម៉េចក៏ដោយដើម្បីជោគជ័យទៅបានគឺត្រូវសិក្សាលម្អិត ។

ទី១ សំខាន់បំផុត គឺត្រូវសិក្សាអំពីភូមិសាស្ត្រ និងតំបន់ ទី២ សិក្សាអំពីដៃគូប្រកួតប្រជែងនៅលើទីផ្សារ ទី៣ សិក្សាអំពីខ្លួនឯង ថាយើងធ្វើបានឬអត់ ? បើយើងសិក្សាគ្រប់ជ្រុងជ្រោយហើយវាមិនងាយនឹងបរាជ័យទេ ។

ដូច្នេះអ្វីក៏ដោយកុំគិតថា យើងឃើញគេចំនេញ គេលក់ដាច់ ហើយយើងទៅធ្វើដែរ ខ្លាចវាមិនដូចគ្នា អញ្ចឹងហើយបានជាខ្ញុំនិយាយដដែលជាដដែលថាគឺត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ » ៕

ដកស្រង់ពី៖ កោះសន្តិភាព