បណ្តាញសង្គម

អាជីវកម្ម​ទេសចរណ៍​ជិត​៣​ពាន់​ទីតាំង​បិទ​បណ្តោះអាសន្ន និង​ប៉ះពាល់​បុគ្គ​លិក​​ជាង​៤​ម៉ឺន​នាក់

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានអះអាងថា គិតត្រឹមខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទទ្វារបណ្ដោះអាសន្ន ២៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ ៤៥,៤០៥នាក់ បានប៉ះពាល់ដល់ការងារ និងបាត់បង់ប្រាក់ចំណូល បណ្តាលមកពីភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ និងផែនការអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីថ្លែថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ១៩ វានឹងធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកថយ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ។

មានន័យថា បើមិនមានកូវីដ១៩ទេ កម្ពុជា នៅឆ្នាំ២០២០នេះ នឹងទទួលភ្ញៀវទេសចរណ៍ចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ឯណោះ។

លោករដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា កំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយ យើងសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។

បន្ថែមលើនេះ ក្នុងរយៈពេល០៣សប្តាហ៍នៃខែមិថុនានេះ មានភ្ញៀវទេសចរ ជាង៤៥ម៉ឺននាក់ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈពេល០៣សប្តាហ៍នៃខែឧសភា កន្លងមក។

កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម្ល៉េះ។

ដោយឡែកសម្រាប់រាជធានីភ្នំពេញក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥,៧៥០នាក់ ថយចុះ ៤៦.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ដោយមិនឲ្យជួបជុំ ការបិទអាជីវកម្ម ក្លឹបកំសាន្ត ខារ៉ាអូខេមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញក៏បានចុះជួយដល់ប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីបញ្ហានេះផងដែរ ។

ហើយបានបង្កើតក្រុមការងារដើម្បីប្រឆាំងជំងឺកូវីដ១៩ ដោយបង្កើតទីតាំងចក្រតាឡីសក្តិនៅតាមបណ្ដាលទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញ លើកឡើងថា នៅភ្នំពេញមានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៣៦០ទីតាំង ក្នុងចំណោមមូលដ្ឋានអាជីវកម្មចំនួន១៩០០ទីតាំងស្មើនឹង១៨,៩ភាគរយ បានបិទដំណើរការអាជីកម្មទាំងនេះជាបណ្ដោះអាសន្ន ទៅតាមការណែនាំរបស់ក្រសួង និងស្ថាប័នជំនាញ តែដើម្បីរក្សាកំណើនសេដ្ឋកិច្ច

និងរក្សាការងារធ្វើ រដ្ឋាភិបាលបានលើកចិត្ត ការធ្វើទេសចរណ៍នៅក្នុងស្រុក និងការបញ្ចេញថវិកាជាតិជួយដល់កម្មករនិយោជកដែលរងផលប៉ះពាល់ដោយជំងឺនេះ ជាមួយនឹងការគាំពារសង្គមផ្សេងទៀត ដោយរដ្ឋាភិបាលបានចំណាយថវិកាចំនួន២៥លានដុល្លារក្នុងមួយខែ សម្រាប់ប្រជាពលរដ្ឋក្រីក្រ៕

ដកស្រង់ពី៖ កោះសន្តិភាព