បណ្តាញសង្គម

រដ្ឋសភា​កម្ពុជា​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​តំបន់

រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានសម្ដែងការព្រួយបារម្ភ ចំពោះការប្រើប្រាស់គ្រឿងញៀន នៅក្នុងតំបន់ដែលកាន់តែរីកធំឡើង ។

ការព្រួយបារម្ភនេះធ្វើឡើងនៅពេល ប្រតិភូរដ្ឋសភាកម្ពុជាបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) តាមរយៈប្រព័ន្ធ Video Conference កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ។

លោក ហ៊ូ ស្រ៊ី សមាជិកក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា និងជាអនុប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ជាអ្នកដឹកនាំប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំនេះដែលសភាប្រទេសវៀតណាមជាម្ចាស់ផ្ទះ ។

ដ្ឋសភាកម្ពុជាមិនខុសពីសមាជិកដទៃទៀតទេ បានសម្តែងការព្រួយបារម្ភលើនិន្នានៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន ចេះតែរីកធំឡើង ពិសេសការលេចចេញនូវការប្រើប្រាស់ថ្នាំសំយោគ (ATS) ការបង្កើននូវចំនួនកន្លែងផលិតឱសថសំយោគ ។

លោកបន្តថា បានចែករំលែកនូវព័ត៌មានមួយចំនួនពាក់ព័ន្ធគ្រឿងញៀននេះដល់កិច្ចប្រជុំ ។ លោកបានលើកឡើងថា ក្រុមគោលដៅដែលមានហានិភ័យខ្ពស់ពីការជួញដូរគ្រឿងញៀន មានដូចជា ពលករចំណាកស្រុកខុសច្បាប់ ទាំងក្នុង និងក្រៅស្រុក កម្មករសំណង់ អ្នកបើកឡានដឹកទំនិញ អ្នកបោះបង់ចោលសាលារៀន នៅតែមានលទ្ធភាពតិចតួច ក្នុងការទទួលបានសារអំពីការទប់ស្កាត់សំខាន់ៗ ។

លោកបានបញ្ជាក់ថា ចំណុចស្នូលសម្រាប់ការអប់រំផ្សព្វផ្សាយ ជាពិសេសសម្រាប់ក្រុមគោលដៅខាងលើមិនទាន់ត្រូវបានបណ្តុះបណ្តាល និងរៀបចំឱ្យបានពេញលេញនៅឡើយទេ ។

ប្រតិភូរដ្ឋសភាកម្ពុជាបានលើកឡើងបន្ថែមថា អ្នកញៀនថ្នាំខ្លះនៅតែមិនស្ម័គ្រចិត្ត ស្វែងរកសេវាព្យាបាល និងស្តារនីតិសម្បទា ដែលអាចបណ្តាលមកពីការខ្មាស់អៀន និងភ័យខ្លាចការរើសអើង ឬកង្វះការយល់ដឹង អំពីការព្យាបាល និងការស្តារនីតិសម្បទា ក៏ដូចជា កម្មវិធីសមាហរណកម្ម ។

ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតែបន្តកើតមាននៅទីតាំងមួយចំនួន ដូចជា ផ្ទះអ្នកជួលសេវាកម្សាន្ត និងតំបន់ស្មុគស្មាញមួយចំនួន ដែលពិបាកនឹងឈានដល់ការបង្ក្រាប ។

កិច្ចប្រជុំបានទទួលស្គាល់ថា ការបង្ក្រាបការជួញដូរគ្រឿងញៀនជាបញ្ហារួម និងបានលើកឡើងថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជាសកលនេះគេត្រូវអនុវត្តផែនការសកម្មភាពទូលំទូលាយ និងពហុវិជ្ជាសម្រាប់ផ្សព្វផ្សាយ ការបង្ការគ្រឿងញៀន ដល់ស្ថាប័នពាក់ព័ន្ធបានជួយបង្កើនការយល់ដឹងឲ្យកាន់តែច្បាស់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក្នុងចំណោមប្រជាពលរដ្ឋ ។

កិច្ចប្រជុំបានបេ្តជ្ញាចិត្តជំរុញរដ្ឋសមាជិក បង្កើនការយល់ដឹងពីគ្រោះថ្នាក់គ្រឿងញៀន ដល់ពលករ ដែលងាយរងគ្រោះដូចជាពលករចំណាកស្រុក កម្មករស៊ីឈ្នួល និងអ្នកបើកឡានដឹកទំនិញជាដើម ។

ឪ សូមជម្រាបថា សមាជិកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) មានរដ្ឋសភាកម្ពុជា ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ វៀតណាម មីយ៉ាន់ម៉ា ការិយាល័យគ្រឿងញៀនអាស៊ាន

(ASOD=Asean Senior officals on drug ) ការិយាល័យអង្គការសហប្រជាជាតិសម្រាប់គ្រឿងញៀន (United Nation office drugs and crime លេខាធិការដ្ឋានអាយប៉ា។ សភាប្រទេសសិង្ហបូរី ដែលជាសមាជិករបស់អាយប៉ាដែលនោះ មិនបានចូលរួមកិច្ចប្រជុំនេះ៕

ដកស្រង់ពី៖ កោះសន្តិភាព