បណ្តាញសង្គម

រដ្ឋមន្ត្រី ថោង ខុន៖ ខែមិថុនានេះមានភ្ញៀវទេសចរដើរទស្សនាជាង ៦៤ម៉ឺននាក់ ខណៈវិធានសុវត្ថិភាពទេសចរណ៍ត្រូវបានពង្រឹង

(ភ្នំពេញ)៖ សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនសរុប ៦៤២,២២៦នាក់ កើនឡើង ០.៨៧% ធៀបនឹងខែឧសភា ឆ្នាំ២០២០ ក្នុងនោមានភ្ញៀវជាតិ ៦២៦,៩៦១នាក់ កើនឡើង ០.៤១% និងភ្ញៀវបរទេសមាន ១៥,២៦៥នាក់ កើនឡើង ២៤.៣%។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ជាការកត់សម្គាល់ ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅបន្តជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន ក្នុងរង្វង់ ៥០% នៃទេសចរផ្ទៃក្នុងសរុប។

ក្រៅពីនោះ តំបន់ពាយព្យ (បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ) បានទាក់ទាញភ្ញៀវទេសចរប្រមាណ ២០% នៃទេសចរផ្ទៃក្នុងសរុប។

រីឯតំបន់ឦសាន្ត (ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី) ទទួលបានភ្ញៀវទេសចរ ៧.៤១% នៃទេសចរផ្ទៃក្នុងសរុប។

ចំពោះការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងី Covid 19 ក្រុមការងារបានសង្កេតឃើញថា រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ភោជនិយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ភាគច្រើន បានកំពុងប្រឹងប្រែងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលបានដាក់ចេញ។

ដកស្រង់ពី៖ Fresh News