Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការកិច្ចការសង្គមសាលា ACE ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អំពីកម្មវិធីសប្បុរសធម៌

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មការកិច្ចការសង្គមរបស់មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល (សាលា ACE) ដែលដឹកនាំដោយលោក ម៉ៅ ស្រេង អគ្គនាយកស្ថាប័ន IDP និងសាលា ACE បានជួបសំណេះសំណាលជាមួយ លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី ដើម្បីពិភាក្សាពីគំរោងប្រារព្ធកម្មវិធីរត់ដើម្បីបរិស្ថាន (ACE Annual Fun Run for the Environment) នៅខេត្តមណ្ឌលគិរី នៅចុងខែធ្នូ ឆ្នាំ២០២០នេះ។

កម្មវិធីដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះ សង្ឃឹមថាអាចនឹងធ្វើទៅបានដោយជោគជ័យ ដោយមានវិធានការទាក់ទងនឹងការការពារជំងឺកូវីដ អាស្រ័យទៅលើស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ១៩នៅពេលនោះ តាមការណែនាំរបស់មន្ទីរសុខាភិបាលខេត្តក៏ដូចជាក្រសួងសុខាភិបាល។

នៅក្នុងការសំណេះសំណាល ដែលធ្វើឡើងកាលពីចុងខែមិថុនានេះ ក៏មានវត្តមាន និងការចូលរួមយោបល់សំដៅជំរុញឱ្យកម្មវិធីសប្បុរសធម៌នេះ ទទួលបានជោគជ័យដូចឆ្នាំមុនៗពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធដូចជា មន្ទីរបរិស្ថាន សុខាភិបាល ទេសចរណ៍ រដ្ឋបាលព្រៃឈើ មន្ទីរអប់រំ យុវជន និង កីឡា និង សាលាក្រុងសែនមនោរម្យ។

គួរបញ្ជាក់ផងដែរថា សាលា ACE ត្រូវបានបង្កើតឡើងដោយ ស្ថាប័ន IDP Education និង ផ្តល់នូវការបណ្តុះបណ្តាលភាសាអង់គ្លេសដែលមានគុណភាពក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២។

ស្ថាប័ន IDP Education ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអូស្ត្រាលីនៅឆ្នាំ ១៩៦៩ ហើយបច្ចុប្បន្នមានការិយាល័យជាង១០០ នៅក្នុងជាង៣០ប្រទេសទូទាំងពិភពលោក។

ជារៀងរាល់ឆ្នាំ សិស្ស និសិត្ស អាណាព្យាបាល និង បុគ្គលិកសាលា ACE រៀបចំកម្មវិធីសប្បុរសធម៌នានា ដែលជាផ្នែកមួយនៃកិច្ចការសង្គមរបស់សាលាដោយផ្តោតលើវិស័យអប់រំ សុខាភិបាល និង អនាម័យ បរិស្ថាន និងគ្រោះមហន្តរាយ។

ចាប់តាំងពីឆ្នាំ២០១៦មក កម្មវិធី រត់ដើម្បីបរិស្ថាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយគណៈកម្មការកិច្ចការសង្គមសាលា ACE ដោយមានការគាំទ្រ និងចូលរួមរៀបចំពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តក្រុង និងស្ថាប័នពាក់ព័ន្ធដោយមានអ្នកចូលរួមប្រហែល ២០០០នាក់ក្នុងមួយឆ្នាំៗ ចូលរួមគ្នាបង្កើនចំណេះដឹង និង សារៈសំខាន់នៃអនាម័យផ្ទាល់ខ្លួន កីឡា និងបរិស្ថាន។

ថវិកាដែលទទួលបានពីការចូលរួមគឺយកទៅប្រើប្រាស់ទាំងស្រុង ក្នុងកិច្ចការសប្បុរសធម៌នានា ដូចជាការបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា អង្គការដើម្បីភាពញញឹមនៃកុមារ ការបរិច្ចាគធុងសម្រាម និងការសង់បង្គន់អនាម័យជូនសាលាតាមបណ្តាខេត្ត។

តាំងនាមឱ្យគណៈអភិបាលខេត្តមណ្ឌលគិរី លោកអភិបាលរង ឈឹម កាន បានសំដែងក្តីសោមនស្ស និងការគាំទ្រខណៈកម្មវិធីដ៏សំខាន់នេះកាន់តែជួយជំរុញអោយមានការស្រលាញ់ និងថែរក្សាបរិស្ថានក្នុងស្រទាប់យុវវ័យ និងប្រជាពលរដ្ឋទូទៅ។

លោកក៏បានស្តាប់នូវយោបល់នានាក្នុងអង្គប្រជុំ និងផ្តាំផ្ញើដល់មន្ទីរ និងស្ថាប័ននានាចំនុះអោយខេត្តបន្តពិភាក្សាលើការរៀបចំកម្មវិធីនេះជាមួយក្រុមការងារសាលា ACEជាបន្តទៀត។

លោក ម៉ៅ ស្រេង បានថ្លែងអំណរគុណចំពោះការគាំទ្រ និងចូលរួម របស់អាជ្ញាធរខេត្ត ហើយលោកសង្ឃឹមថាកម្មវិធីនេះ ក៏នឹងជួយឱ្យមានអ្នកទេសចរណ៌កាន់តែច្រើនចាប់អារម្មណ៍ ទៅកំសាន្តនៅខេត្តមណ្ឌលគិរី ដែលមានទេសភាព អាកាសធាតុ និងធម្មជាតិដ៏ស្រស់ត្រកាលនេះផងដែរ។

លោកស្រី ជា ចិន្តាមុនី និងកញ្ញា ម៉ម ជូលីណា ដែលតំណាងឱ្យគណៈកម្មការកិច្ចការសង្គមបានលើកឡើងថា «ពួកយើងរំពឹងទុកនូវការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាជនដូចពីឆ្នាំមុនៗដែរ ហើយសង្ឃឹមថាស្ថានភាពជំងឺកូវីដ នឹងមានភាពប្រសើរឡើងតាមរយៈវិធានការដ៏មានប្រសិទ្ធភាពទាំងឡាយរបស់រាជរដ្ឋាភិបាល និងការការពារខ្លួនដោយខ្ជាប់ខ្ជួនរបស់យើងគ្រប់ៗគ្នា»៕

សម្រាប់ព័ត៌មានថ្មីៗអំពីកម្មវិធីសប្បុរសធម៌របស់សាលា ACE៖ www.facebook.com/acecharitycambodia/

ដកស្រង់ពី៖ Fresh News