បណ្តាញសង្គម

រយៈពេល៨ខែ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ៨៩១.២៦៤នាក់

ព្រះសីហនុ៖ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេល ៨ខែ ដើមឆ្នាំ២០១៤នេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ៨៩១.២៦៤នាក់ មានការកើន ឡើង ២៤.២៤ភាគរយ ធៀបរយៈពេល ៨ខែដូចគ្នា នឹងឆ្នាំ២០១៣ ។

កាលពីឆ្នាំ២០១៣ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ចំនួន ១.០៣៣.៩២៥នាក់ កើនឡើងជាង ឆ្នាំ២០១២ ១៨.៧៧ភាគរយ ក្នុងនោះភ្ញៀវ ទេសចរជាតិ មានចំនួន ៧៣១.៦០៤នាក់ កើន១១.២១ភាគរយ និងភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ៣០២.៣២៥នាក់ កើន ៤២.១៧ភាគរយ ។

លោក ប្រធានមន្ទីរ បានបញ្ជាក់ថា ការកើនឡើងនូវ ចំនួនភ្ញៀវ ទេសចរដោយសារ ខេត្តព្រះសីហនុ មានសក្តានុពល ទេសចរណ៍ដូចជា ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធព្រលាន យន្តហោះ កំពង់ផែអន្តរជាតិ គមនាគមន៍ និងគម្រោង វិនិយោគវិស័យ ទេសចរណ៍ ជាច្រើនទៀត នៅតាមបណ្តា កោះមួយចំនួន ក្នុងខេត្តព្រះសីហនុ ជាកត្តាសំខាន់ ក្នុងការចូលរួម ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍ សំដៅធានា ឲ្យមាននិរន្តរភាព វិស័យទេសចរណ៍ ។

ហើយនៅក្នុង រដូវបុណ្យ ភ្ជុំបិណ្ឌនេះ មន្ទីរបានធ្វើ ការអប់រំដល់ អាជីវករលក់ដូរ ទាំងអស់នៅ តាមឆ្នេរសមុទ្រ ម្ចាស់ផ្ទះ សំណាក់ សណ្ឋាគារ និងអ្នកគ្រប់គ្រង អាជីវកម្ម បំរើឲ្យវិស័យ ទេសចរណ៍ទាំងអស់ ពិសេស រក្សាតម្លៃ ម្ហូបអាហារ សមរម្យសំដៅ ផ្តល់ឱកាសជំនឿ ទុកចិត្ត កក់ក្តៅពី ភ្ញៀវទេសចរ ព្រមទាំងជំរុញ ការថែរក្សា អនាម័យ បរិស្ថាន នៅតាមមូលដ្ឋាន អាជីវកម្ម របស់ខ្លួនឲ្យបាន ស្អាតជាប្រចាំ និងការចូលរួម ប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ សំដៅឲ្យខេត្ត ព្រះសីហនុ ជាគោលដៅ ទេសចរណ៍បៃតង វប្បធម៌ និងធម្មជាតិ ។

ដោយឡែក លោក សេង ហួលាង ប្រធានក្រុមហ៊ុន ទេសចរណ៍ កោះរុងដាយស៊ីនធរ បានឲ្យដឹងថា បច្ចុប្បន្ន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ ទៅលេងកំសាន្ត នៅតាមបណ្តាកោះមួយ ក្នុងសង្កាត់ កោះរុងយ៉ាងច្រើន ជាពិសេស ភ្ញៀវទេសចរ អន្តរជាតិ ពីមួយឆ្នាំ ទៅមួយឆ្នាំ មានការកើនឡើង ទ្វេដង។

នៅរដូវប្រាំង ក្នុងមួយថ្ងៃ មានរហូតដល់ ៥០០នាក់ កាលពី ប៉ុន្មានឆ្នាំមុន មានភ្ញៀវទេសចរ ទៅកំសាន្ត នៅសង្កាត់ កោះរុង ប្រមាណពី ៣០ ទៅ៥០នាក់ ក្នុងមួយថ្ងៃ តែនៅពេល បច្ចុប្បន្ននេះ ភ្ញៀវទេសចរ បរទេសពួក គេកំពុងចាប់អារម្មណ៍ ទៅលេងកំសាន្ត នៅតាមបណ្តាកោះ ក្នុងសង្កាត់កោះ រុង កាន់តែច្រើនឡើង។

លោកសង្ឃឹមថា នៅពេលខាងមុខ សង្កាត់ កោះរុង នឹងក្លាយជាតំបន់ ទាក់ទាញភ្ញៀវ ទេសចរ ទៅលេងកំសាន្ត ជាក់ជាមិន ខាន់ឡើង ព្រោះដោយសារ ពេលនេះ យើងបានបំពាក់ នូវទូកភ្លោះជិះ ទៅមានសុវត្ថិភាព ដល់ភ្ញៀវ និងចំណេញ ពេលវេលា គឺទៅកោះរុង ប្រើពេលតែ ៤០ ទៅ៤៥នាទី ខុសប្លែកកាល មុនយើងជិះទូក ប្រើរយៈពេលពី២ ទៅ៣ម៉ោង ។

លោកប្រធាន ក្រុមហ៊ុនទេសចរណ៍ កោះរុង ដាយស៊ីនធរ បានឲ្យដឹង បន្តទៀតថា នៅលើកោះយើង បានបង្កើត កន្លែងកំសាន្ត កាន់តែច្រើនឡើង មានដូចជាស្ពាន ខ្សែកាប ដែលឆ្លងកាត់ ពីដើមឈើមួយ ទៅដើមឈើមួយ និងមានតំបន់ អភិរក្ស ជាច្រើនកន្លែងទៀត សម្រាប់ភ្ញៀវទេសចរ មកលេងកំសាន្ត៕

ដកស្រង់ពី៖ កម្ពុជាថ្មី