បណ្តាញសង្គម

ក្រសួងសុខាភិបាល៖ អ្នកដំណើរមកពីក្រៅប្រទេសជិត១.៦ម៉ឺននាក់ បានធ្វើតេស្ដរកកូវីដ១៩ គិតចាប់ពីអនុញ្ញាតឱ្យជនបរទេសអាចចូលមកកម្ពុជាវិញ

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងថា អ្នកដំណើរពីក្រៅប្រទេសចំនួន១៥,៨០០នាក់ ដែលបានត្រឡប់ចូលមកកម្ពុជា និងបានធ្វើតេស្ដរកមេរោគកូវីដ១៩ទាំងអស់ គិតចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសតំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាំយកថ វិកា និងសម្ភារមួយចំនួន របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនស្ដ្រីជាជនជាតិខ្មែរម្នាក់ ដែលសម្រាលកូនមិនគ្រប់ខែដោយការវះកាត់ ប្រកបដោយសុវត្ថិភាពនៅមន្ទីរពេទ្យគាំពារមាតា និងទារក។

ស្ដ្រីរូបនេះ កំពុងស្ថិតនៅក្នុងអំឡុងធ្វើចត្ដាឡីស័ក ដោយធ្វើដំណើរត្រលប់មកពីប្រទេស ម៉ាឡេស៊ី កាលពីចុងខែមិថុនានេះ ។ លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកដំណើរពីក្រៅប្រទេសគ្រប់ជាតិសាសន៍ទាំងអស់ សរុបចំនួន ១៥,៨០០នាក់ហើយ ដែលបានធ្វើដំណើរចូលមកកម្ពុជា និងត្រូវបានធ្វើតេស្ដរកមេរោគកូវីដ១៩រួចរាល់អស់ហើយ ក្នុងចំណោមជាង១ម៉ឺននាក់ គឺរកឃើញកូវីដវិជ្ជមាន ចំនួន១៨ករណី»។

លោកស្រីថ្លែងបន្ដថា «ទោះបីជាមានអ្នកដំណើរពីក្រៅប្រទេស ចូលមកកម្ពុជាកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ និងមានជើងហោះហើរពេលយប់ក្ដី ក្រុមមន្ដ្រីសុខាភិបាលរបស់យើង នៅតែបន្ដធ្វើការងារធ្វើតេស្ដនេះ ពេញ២៤ម៉ោង ដោយមិនរួញរាឡើយ។

ជាក់ស្ដែងកាល ម្សិលមិញនេះ ជើងហោះហើរពីក្រៅប្រទេសផ្សេងៗគ្នាសរុបចំនួន១១ជើងហោះហើរ ដែលមានអ្នកដំណើរសរុបប្រមាណជិត ៩០០នាក់ យើងបានធ្វើការបែងចែងសម្រាប់កន្លែងស្នាក់នៅ បន្ទាប់ពីធ្វើតេស្ដរកកូវីដ១៩រួច មិនថាថ្ងៃឬយប់កណ្ដាលអាធាត្រនោះទេ គឺត្រូវធ្វើឱ្យហើយ និងយកចិត្ដទុកដាក់ខ្ពស់ ដើម្បីការពារទប់ស្កាត់រីករាលដាលកូវីដ១៩»។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា «យើងសង្ឃឹមថា ជំងឺកូវីដ១៩ មិនមានការឆ្លងចូលមកកម្ពុជាមានចំនួនច្រើននោះទេ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់

រួមទាំងអ្នកដំណើរចូលមកកម្ពុជា សូមកុំភ្លេចមេរោគកូវីដ១៩ វានៅតែជាករណីផុយស្រួយនៅឡើយ បើយើងមិនអនុវត្ដនូវវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជារក្សាគម្លាតបុគ្គល និងសង្គម, ការអនាម័យដៃ និងខ្លួនប្រាណស្អាត, ការពាក់ម៉ាស និងការអនុវត្ដវិធានការផ្សេងទៀតៗដូចជាចត្ដាឡីស័កជាដើម។

ពិសេសអំឡុងចត្ដាឡីស័ក សូមកុំដើរចេញទៅក្រៅផ្ទះ ឬជួបជុំបងប្អូន និងអ្នកជិតខាង រហូតដល់១៤ថ្ងៃ ហើយថ្ងៃទី១៣ នៃចត្ដាឡីស័ក សូមទៅពិនិត្យរកមេរោគកូវីដ១៩ម្ដងទៀត ដើម្បីប្រាកដប្រជាថាគ្មានមេរោគកូវីដ»។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,៧៩២,៩៧២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥១៨,០៤១នាក់ និងជាសះស្បើយឡើងវិញ ៥,៩៣០,០១៣នាក់។

សម្រាប់នៅកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។

ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕

ដកស្រង់ពី៖ Fresh News