បណ្តាញសង្គម

អភិបាលរាជធានីភ្នំពេញ ប្រាប់ពលរដ្ឋជាង១០០គ្រួសារ សង់លំនៅដ្ឋានរំលោភលើប្រឡាយលូប្រាំ ត្រូវរុះរើចេញដោយខ្លួនឯង មុនអាជ្ញាធរចាត់វិធានការ

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលស្ថានីយ៍បូមទឹកលូប្រាំ ប្រឡាយបង្ហូរទឹកលូប្រាំ និងប្រឡាយបឹងហា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។ ក្នុងនោះរកឃើញថា មានប្រជាពលរដ្ឋមួយចំនួន បានសង់លំនៅដ្ឋានរំលោភដីប្រឡាយ។

លោក ឃួង ស្រេង បានណែនាំមន្ត្រីពាក់ព័ន្ធអាជ្ញាធរដែនដី កំណត់ឲ្យបានច្បាស់ពីដីសាធារណៈរបស់រដ្ឋ និងដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ខណៈដែរប្រឡាយខាងលើ ត្រូវបានប្រជាពលរដ្ឋ មួយចំនួនសង់លំនៅដ្ឋានរំលោភនៅលើប្រឡាយ ជាមួយនឹងការចាក់ដីបំពេញប្រឡាយរំលោភយកជាកម្មសិទ្ធិផងដែរនោះ។

បន្ថែមពីនេះ អភិបាលរាជធានីភ្នំពេញ បានអះអាងថា ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើតឲ្យមានក្រុមការងារមួយ ដែលមានការចូលរួមពីការិយាល័យសូរិយោដីខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីចុះបាញ់ថ្នាំកំណត់ទីតាំងឲ្យបានច្បាស់ និងធ្វើការណែនាំប្រជាពលរដ្ឋ ដែលរំលោភប្រឡាយខាងលើឲ្យរុះរើចេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រឡាយបង្ហូរទឹកមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជនបទ ប្រកបមុខរបរធ្វើស្រែចំការ ប្រឡាយទឹកនេះហើយ ជាអ្នកផ្ដល់ទឹកឲ្យប្រជាពលរដ្ឋស្រោចស្រពស្រែ ចម្កា ផលដំណាំផ្សេងៗ។

សម្រាប់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញវិញ ប្រឡាយបង្ហូរទឹកក៏មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចរំដោះទឹកលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅទីក្រុង បានយ៉ាងប្រសើរ។

បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថា ប្រឡាយលូប្រាំនេះ មានទទឹង៥០ម៉ែត្រ ដោយទុកផ្លូវសងខាង ហើយត្រូវបានប្រជាពលរដ្ឋរំលោភយកចំនួន ជាង១០០គ្រួសារ ដោយក្នុងនោះ នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ចំនួន៣៥គ្រួសារ និងភូមិឫស្សី២ ចំនួន៧៦គ្រួសារ។ ពួកគាត់ទាំងនេះ បានសង់លំនៅដ្ឋានរំលោភ នៅលើតួប្រឡាយតែម្ដង។

គួរបញ្ជាក់ថា ស្ថានីយ៍បូមទឹកលូប្រាំ មានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌដង្កោ។

ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងចេញពីតំបន់ជាច្រើន នៅក្នុងខណ្ឌទាំង៣នេះតែម្តង។

ស្ថានីយ៍បូមទឹកលូប្រាំ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើត ព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀត ពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានទំហំផ្ទៃរងទឹកភ្លៀង រហូតដល់១០២៨ហិកតា។

ស្ថានីយ៍បូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨.៩ម៉ែត្រ ទទឹង១០.៩ម៉ែត្រ បំពាក់បំពង់ បូមទឹក៤គ្រឿង ក្នុងនោះ បំពង់ មុខកាត់៨តឹក ២គ្រឿង និងបំពង់មុខកាត់១ម៉ែត្រ ចំនួន២គ្រឿង ដែលអាចមានសមត្ថភាពបូមទឹកបាន៥ម៉ែត្រគូប ក្នុងមួយវិនាទី ស្មើនឹង២៨,៨០០ម៉ែត្រគូបក្នុង១ម៉ោង។ ប្រឡាយនេះនាំទឹកហូរទៅប្រឡាយម័រ បន្តទៅជើងឯក និងបន្តទៅស្ទឹងជ្រៅ ខេត្តកណ្តាលទើបហូរចូលទន្លេ៕

ដកស្រង់ពី៖ Fresh News