បណ្តាញសង្គម

ឯកឧត្តម សម រង្ស៊ី ប្រកាសគាំទ្រ ការទាមទារប្រាក់ខែ ១៧៧ដុល្លារ របស់កម្មករ

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានថ្លែងថា គណបក្សរបស់ ឯកឧត្តម គាំទ្រការទាមទារ ប្រាក់ខែទាបបំផុត ១៧៧ដុល្លារ របស់កម្មករ និយោជិត ក៏ដូចជារបស់ សហជីពនានា។

ជាមួយការ វិលត្រឡប់មកដល់ ប្រទេសកម្ពុជានាព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នាទីស្នាក់ការ គណបក្សរបស់ ខ្លួននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឯកឧត្តម សម រង្ស៊ី បានថ្លែងទៅកាន់ ក្រុមអ្នកគាំទ្រ របស់ខ្លួនថា ការទារ របស់កម្មករ សហជីព គឺជារឿងត្រឹមត្រូវ ស្របទៅនឹងស្ថានភាព ជីវភាពរស់នៅ និងតម្លៃទំនិញ នៅលើទីផ្សារ។

ឯកឧត្តម សម រង្ស៊ី ថ្លែងដូច្នេះថា «ការទាមទារ ប្រាក់ខែគោល ១៧៧ដុល្លារ ជាការទាមទារ ដ៏ត្រឹមត្រូវ ពីព្រោះទំនិញ ឡើងថ្លៃ កម្មករ មិនអាចរស់បាន។ ដូច្នេះទាមទារ ១៧៧ដុល្លារហ្នឹងត្រឹមត្រូវ គណបក្សសង្រ្គោះជាតិ ត្រៀម ដើម្បីគាំទ្រ សំណើរបស់កម្មករ របស់សហជីព ទាំងអស់ហ្នឹង»។

សូមបញ្ជាក់ថា ក្រុមកម្មករ-កម្មការិនី ប្រមាណជា ១ម៉ឺននាក់ ដឹកនាំដោយសហជីព ធំៗនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ម្សិលមិញ បានប្រមូលផ្តុំគ្នាធ្វើកូដកម្មសម្តែង មតិនៅសួនកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េង ស្រេងទាមទារឲ្យ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាម្ចាស់ រោងចក្រនានា ដំឡើងប្រាក់ខែ ជូនកម្មករ និយោជិត ឲ្យបាន ១៧៧ដុល្លារ។

ឆ្លើយតបការទាមទារនេះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានថ្លែងប្រាប់ ក្រុមអ្នកព័ត៌មានថា «ការដំឡើងប្រាក់ឈ្នួល គឺមានហានិភ័យ កាលណាខ្ពស់ពេក ក៏មានហានិភ័យ កាលណាទាប ពេកក៏មានហានិភ័យ កាលណា ខ្ពស់ហានិភ័យ អ្នកវិនិយោគទៅមិនរួច រោងចក្រដួល អីចឹងមាន ហានិភ័យបាត់បង់ ការងារ សម្រាប់ប្រជាពលរដ្ឋ កម្មករ កម្មការីរបស់យើង កាលណា ទាបពេក ក៏មានហានិភ័យដែរ ទាបពេកកម្មករ មិនអាចទទួលយកបាន មិនអាចរស់នៅបាន ផលិតកម្មក៏មិនអាចបង្កើនបានដែរ ប្រាក់ឈ្នួល ត្រូវតែសមស្រប»។

ទោះជាយ៉ាងណា ឯកឧត្តម អ៉ិត សំហេង បានបញ្ជាក់ថា ការដំឡើងប្រាក់ខេនេះ គណៈកម្មការការងារ បានរៀបចំ គោលការណ៍ ៥យ៉ាង និងបានដាក់ទៅជា គោលការណ៍រួមមួយ របស់ជាតិរួចហើយ។ ឯកឧត្តម អ៉ិត សំហេង បាន បញ្ជាក់ថា យន្តការនេះ អាចនឹងដោះស្រាយ ប្រាក់ឈ្នួលបានល្អ ៕