បណ្តាញសង្គម

កម្ពុជា-អូស្រ្តាលី ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីការតាំងទីលំនៅ ជនភៀសខ្លួន នៅកម្ពុជា

ភ្នំពេញ៖ យោងតាមគេហទំព័រ សារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាល អូស្រ្តាលី បានចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នា ជាលក្ខណៈទ្វេភាគី ដែលផ្តល់ការគាំទ្រ និងអនុញ្ញាតឲ្យ ជនភៀសខ្លួន មកតាំងទីលំនៅក្នុង ប្រទេសកម្ពុជា ។

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខា ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Scott Morrison រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែន អូស្រ្តាលី នារសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅភ្នំពេញ ។

ដោយឡែក យោងតាមគេហទំព័រ ដើមអម្ពិល បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជា បានទាត់ចោលនូវ ការរិះគន់នានា ជុំវិញការទទួលយក ជនភៀសខ្លួន ពីប្រទេសអូស្ត្រាលី ឲ្យមកតាំងទីលំ នៅកម្ពុជា ប៉ុន្តែបានចាត់ទុក ការទទួលនេះថា ជាសកម្មភាពមនុស្សធម៌ របស់កម្ពុជា និងស្របតាម ហត្ថលេខីនៃអនុសញ្ញា ស្តីពីជនភៀសខ្លួន ឆ្នាំ១៩៥១ និង ឆ្នាំ១៩៦៧ប៉ុណ្ណោះ។

សេចក្តីប្រកាសព័ត៌មានរួម ដែលបានចែកជូនដល់ អ្នកសារព័ត៌មាន បន្ទាប់ពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង និងឯកឧត្តម Scott Morrison រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែន អូស្ត្រាលី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤នេះ បានឱ្យដឹងថា កម្ពុជាសម្រេចទទួល យកជនភៀសខ្លួនពី ប្រទេសអូស្ត្រាលីនេះ គឺជាសកម្មភាព មនុស្សធម៌ ហើយក៏ជា ការជួយដល់ពួកគេ ឲ្យចាប់ផ្តើមកសាង ជីវិតថ្មីផងដែរ។

 

នៅក្នុងសេចក្តីប្រកាសរូមនោះដែរ ឯកឧត្តម Scott Morrison បានថ្លែងថា វាជាការល្អបំផុត របស់កម្ពុជា ដែលបានសម្រេច ទទួលយកជនភៀស ខ្លួនទាំងនេះ ស្របទៅតាមអនុសញ្ញា ជនភៀសខ្លួន ដែលកម្ពុជាបាន ចុះហត្ថលេខា កាលពីកន្លងទៅ។ តែយ៉ាងណាក្តីភាគី ទាំងពីរមិនបាន បញ្ជាក់ថា ជនភៀសខ្លួនទាំងនោះ នឹងត្រូវមកកម្ពុជា ប៉ុន្មាននាក់ នឹងមកដល់កម្ពុជា នាពេលណានោះឡើយ។

 

ឯកឧត្តម Scott Morrison បានបញ្ជាក់ថា ក្នុងនាមជាភាគី នៃអនុសញ្ញា ជនភៀសខ្លួន នៅពេលកំពុងខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ក្រោយសង្រ្គាម ស៊ីវិលកម្ពុជា កំពុងបង្ហាញលទ្ធភាព និងឆន្ទៈរបស់ខ្លួន ដើម្បីរួមចំណែក ជាវិជ្ជមានដល់ បញ្ហាសិទ្ធិមនុស្ស ហើយថាអូស្ត្រាលី នឹងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ខ្លួន ដើម្បីជួយដល់កម្ពុជា ក្នុងការពង្រឹង ការគាំទ្រផ្តល់ទីលំនៅ ដល់ជនភៀសខ្លួន នៅប្រទេសកម្ពុជា”។ ហើយមួយវិញទៀត អូស្ត្រាលី នឹងទទួលរ៉ាប់រងផ្ទាល់ លើថ្លៃចំណាយ ក្នុងការបញ្ជូន ជនភៀសខ្លួនរួមទំាង ការគាំទ្រចាំបាច់ ដល់ជនភៀសខ្លួន និងការកសាង សមត្ថភាពរបស់ប្រទេស ដើម្បីធានាថាកម្ពុជា មានធនធានគ្រប់គ្រាន់ ក្នុងការទទូល និងសមាហរ័ណកម្មជនភៀស ខ្លួនដោយជោគជ័យ។

 

រដ្ឋាភិបាលកម្ពុជា បានទទួលការរិះគន់ យ៉ាងខ្លាំងពី អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងគណបក្សប្រឆាំង ផងដែរ ដោយពួកគេ លើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនគួរយកជនភៀសខ្លួន ទាំងនោះមកឡើយ ពីព្រោះកម្ពុជា ជាប្រទេសក្រីក្រ ហើយមួយវិញទៀត ជនភៀសខ្លួនទាំងនោះ ក៏មិនមែនជា បញ្ញវ័នផងដែរ។

 

នៅថ្ងៃជាមួយគ្នានោះដែរ តំណាងសហគមន៍នានា ប្រមាណជិតមួយរយនាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំង នៅពីមុខស្ថាន ទូតអូស្ត្រាលី ក្នុងគោលបំណង ស្នើដល់ភាគីអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា ឲ្យពន្យារពេល ចំពោះកិច្ចសន្យានេះ តែយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាទាំងនេះ មិនបានសម្រេច នោះឡើយ ផ្ទុយទៅវិញភាគីកម្ពុជា និងអូស្ត្រាលី បានសម្តេចចុះ ហត្ថលេខាជាស្ថាពរ និងព្រមព្រៀងគ្នា នឹងចាប់ផ្តើម កសាងទីលំនៅ បន្តិចម្តងៗ សម្រាប់ពួកទាំង នោះផងដែរ។

 

ទាក់ទងនឹងបញ្ហា ការបញ្ជូនជនភៀសខ្លួន នេះដែរ រដ្ឋាភិបាល សហរដ្ឋអាម៉េរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បានសម្តែងការគាំទ្រ ចំពោះកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ប៉ុន្តែអាម៉េរិកអំពាវនាវ ឲ្យកិច្ចព្រមព្រៀងនេះ ស្របតាមបទដ្ឋាន អន្តរជាតិជា ពិសេសអង្គការ សហប្រជាជាតិ។

 

អ្នកនាំពាក្យស្ថានទូត អាម៉េរិកប្រចាំ នៅកម្ពុជា ឯកឧត្តម Jay Raman បានថ្លែងប្រាប់ តាមរយៈសារអេឡិចត្រូនិច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤នេះថា សហរដ្ឋអាម៉េរិក រីករាយចំពោះប្រទេស ដែលប្រកាន់យកនូវច្បាប់ ដែលស្របទៅតាម កិច្ចព្រមព្រៀង រវាងអង្គការ សហប្រជាជាតិ ជាមួយនឹងប្រទេស ដែលជាសមាជិក ទាក់ទងនឹងបញ្ហាជន ដែលសុំការជ្រកកោន តែយ៉ាងណាក្តី ប្រទេសទាំងនោះ ត្រូវតែអនុវត្តន៍ ឲ្យបានត្រឹមត្រូវ ចំពោះកិច្ចព្រមព្រៀង ទាំងនោះ។

 

ឯកឧត្តម Jay Raman បានបញ្ជាក់ថា យើងលើកទឹកចិត្ត ដល់ប្រទេសទាំងអស់ ធ្វើសហប្រតិបត្តិការ ជាមួយឧត្តមស្នងការ ជាន់ខ្ពស់ ទទួលបន្ទុក ជនភៀសខ្លួនរបស់ អង្គការសហប្រជាជាតិ ក្នុងការស្វែងរកដំណោះស្រាយ ជាក់ស្តែង និងយូរអង្វែង ដល់ជនភៀសខ្លួន និងអ្នកសុំសិទ្ធិ ជ្រកកោន ដោយអនុលោម ទៅតាមបទដ្ឋានអន្តរជាតិ ។ ប្រទេសទាំងអស់ គួរប្រកាន់យក និងអនុវត្តនូវ កាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញា ឆ្នាំ១៩៥១ ស្តីពីស្ថានភាព ជនភៀសខ្លួន និងពិធីសារឆ្នាំ១៩៦៧។

សូមបញ្ជាក់ថា ជនភៀសខ្លួន ដែលរដ្ឋាភិបាលអូស្ត្រាលី បានស្នើឲ្យកម្ពុជា ទទួលយកនោះ មានជនជាតិឥណ្ឌូនេស៊ី ស្រីលង្កា និងជនជាតិ មួយចំនួនទៀត ដែលនៅក្នុង តំបន់អាស៊ីអាគ្នេយ៍។