Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងរដ្ឋមន្រ្តី២រូបទៀត បន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី

  • បោះពុម្ព

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន បានប្រជុំផ្សព្វផ្សាយ និងអនុវត្តផែនការចុះបញ្ជីដី, ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

តាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួងមានចំនួនសរុបប្រមាណ ៥៥០ នាក់ ក្នុងនោះក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ ៣០០ នាក់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥០ នាក់ និងក្រសួងបរិស្ថាន ប្រមាណ ២០០ នាក់។

ដោយប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ក្នុងការវាស់វែងតាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប ក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការវាស់វែងនិងចុះបញ្ជីដីរដ្ឋដែលនៅសេសសល់តាមការចង្អុលបង្ហាញព្រំដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ,

វាស់វែងនិងប្រមូលទិន្នន័យដីដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែងក្នុងទីតាំងដីរដ្ឋ, ចុះបញ្ជីដីប្រជាពលរដ្ឋដែលកាន់កាប់និងអាស្រ័យផលយូរមកហើយ ដែលនៅសេសសល់នៅតាមភូមិ និងដីសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដី។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅក្រសួងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។

ទន្ទឹមនឹងការបញ្ជាឱ្យរៀបចំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីលក្ខខណ្ឌត្រូវអនុវតមួយចំនួនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។

សម្តេចបានបន្ថែមថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។

នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានយកដីរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា កន្លងមកសម្តេចបានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចឱ្យទៅកាប់រុករានទន្ទ្រានយកដីឱ្យខ្លួន។

រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី ១០ ទៅ២០ ក៏សម្តេចបានដឹង និងកំណត់អត្តសញ្ញាណ និងមុខសញ្ញារួចអស់ហើយដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់ជនដែលធ្វើសកម្មភាពទាំងនេះ បើរកឃើញថាបានប្រព្រឹត្តិមែននោះ នឹងត្រូវចាប់ខ្លួន៕

ដកស្រង់់ពី៖Fresh news