បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរអន្តោប្រវេសន៍ប្រកបដោយសុវត្ថិភាព និងស្របច្បាប់

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពី កតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរអន្តោប្រវេសន៍ ប្រកបដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់។

សិក្ខាសាលានេះ ប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នព័ន្ធ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត ព្រមទាំងមានការតអញ្ជើញចូលរួមពីសំណាក់លោកស្រីប្រធានបេសកម្មនៃអង្គការ IOM និងជាតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។

បើតាមសុន្ទរកថារបស់លោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរអន្តោប្រវេសន៍ប្រចាំកម្ពុជា បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ បានធ្វើឱ្យពលករទេសន្តរអន្តោប្រវេសន៍ជាង ១០០,០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមីនា ឆ្នាំ២០២០។

នៅពេលត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញ ពលករដែលបានវិញត្រឡប់មកទាំងនោះ អាចកាន់តែប្រឈមនឹងភាពងាយរងគ្រោះជាងមុន ដោយសារតែកង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំងហានិភ័យនៃការជួញដូរមនុស្ស និងកេងប្រវ័ញ្ចកើនឡើង។

លោកស្រី គ្រីស្ទីន ផាកូ បានបន្តថា កតិការសញ្ញានេះ ជាឱកាសមួយសម្រាប់អនុវត្តការងារ បន្តទាក់ទងនឹងបញ្ហាសំខាន់ៗ នៃទេសន្តរអន្តោប្រវេសន៍ ដែលមាននៅក្នុងរបៀបវារៈឆ្នាំ២០៣០ នៃការអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងធានាថា ជនទេសន្តរប្រវេសន៍នឹងមិនត្រូវបោះបង់ចោលទេ៕

ដកស្រង់ពី៖ Fresh news