បណ្តាញសង្គម

សមាសភាព តួនាទី និងរចនាសម្ពន្ធ័របស់ គ.ជ.ប ថ្មី នឹងត្រូវអនុម័ត នៅថ្ងៃពុធស្អែក

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេនោះ តាមគម្រោង នៅថ្ងៃពុធទី០១ ខែតុលា ឆ្នាំ២០១៤ រដ្ឋសភា នឹងអនុម័ត សេចក្តីស្នើ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា ៧៦ និងមាត្រា ទាំងឡាយ ពីជំពូកទី ១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធស្ថាប័នជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាការអនុលោម តាមកិច្ចព្រមព្រៀង នយោបាយ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក។

យោងតាម សេចក្ដីព្រាងច្បាប់ រដ្ឋធម្មនុញ្ញស្ដីពី វិសោធនកម្មមាត្រា៧៦ និងការបង្កើតជំពូកថ្មី ទាក់ទងនឹង អង្គការរៀបចំ ការបោះឆ្នោត ដែលបានផ្សព្វផ្សាយ នាពេលកន្លងមក បង្ហាញថា មាត្រា៧៦ថ្មី រដ្ឋសភាមានសមាជិក តំណាងរាស្ត្រ យ៉ាងតិច ១២០រូប, តំណាងរាស្ត្រត្រូវជ្រើស តាំងដោយ ការបោះឆ្នោត ជាសកល ដោយសេរី ស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើស ឆ្នោតជាសម្ងាត់, អ្នកដែលមាន សិទ្ធឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ គឺប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ ដែលមានអាយុ យ៉ាងតិច២៥ ឆ្នាំមានសញ្ជាតិ ជាខ្មែរតាំងពីកំណើត, បែបបទនិង ការប្រព្រឹត្តទៅ នៃការបោះឆ្នោតត្រូវ កំណត់ក្នុងច្បាប់ បោះឆ្នោត។

ជំពូកទី១៥ថ្មី អំពីអង្គការរៀបចំ ការបោះឆ្នោត មាត្រា១៥០ថ្មី បានបញ្ញត្តិថា គណៈកម្មាធិការ រៀបចំការបោះឆ្នោត គឺជាអង្គការឯករាជ្យ និង អព្យាក្រឹត ដែល មានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រង ការបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា ការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងការបោះឆ្នោត ផ្សេងទៀត តាមការកំណត់នៃច្បាប់។ សមាជិកទាំងឡាយ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានសិទ្ធពេញលេញ ក្នុងការបំពេញតួនាទី របស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានា ឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមគោលការណ៍ នៃលិទ្ធប្រជាធិបតេយ្យសេរី ពហុបក្សនិង ធានាការពារសិទ្ធបោះ ឆ្នោតរបស់ ប្រជាពលរដ្ឋគ្រប់រូប។

មាត្រា១៥១ថ្មី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានសមាជិកចំនួន ៩រូប ដែលមានអាណត្តិ៥ឆ្នាំ ៤រូបជ្រើសរើស ដោយគណបក្ស ដឹកនាំរាជរដ្ឋាភិបាល, ៤រូបជ្រើសរើស ដោយគណបក្ស ក្រៅរាជរដ្ឋាភិបាល ដែលមានអាសនៈ នៅក្នុងរដ្ឋសភា,១រូបទៀត គឺត្រូវជ្រើសរើស ដោយមាន ការព្រមព្រៀង រវាងគណបក្ស ដែលមានអាសនៈ ក្នុងរដ្ឋសភា។ ក្នុងនោះគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ត្រូវដំណើរការរៀប ចំនីតិវិធីដោយ បើកចំហនិងតម្លាភាព នូវបេក្ខជន សមាជិក គ.ជ.ប មុនដាក់បញ្ជីបេក្ខជន ជូនរដ្ឋសភា ដើម្បី បោះឆ្នោតទុកចិត្ត ដោយសំឡេ ងភាគច្រើនដាច់ខាត នៃចំនួន សមាជិករដ្ឋសភា ទាំងមូល។

មាត្រា១៥២ថ្មី សមាជិក គ.ជ.ប ត្រូវជ្រើសរើស ក្នុងចំណោម ឥស្សរជនដែលមាន សញ្ជាតិជាខ្មែរ ពី កំណើត មានសញ្ញាបត្រ កម្រិតឧត្តមសិក្សា ឡើងទៅហើយមាន ពិសោធន៍ ច្រើនក្នុងការងារបម្រើ សង្គម, សមាជិកគ.ជ.ប មានអភ័យឯកសិទ្ធ ដូចតំណាងរាស្ត្រ ក្នុងការបំពេញតួនាទី របស់ខ្លួន, ការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប នឹងត្រូវកំណត់ ក្នុងច្បាប់មួយ។

មាត្រា១៥៣ថ្មី គ.ជ.ប មានស្វ័យភាពក្នុងការរៀបចំ និងការចាត់ចែងការងារ របស់ខ្លួនព្រមទាំងមាន ថវិកាស្វ័យភាព ដើម្បីបំពេញ សមត្ថកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋសភា បានឲ្យដឹងថា ការពិភាក្សា និងអនុម័តសេចក្តីស្នើ ច្បាប់ ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា ៧៦ និងមាត្រា ទាំងឡាយ ពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃ រដ្ឋធម្មនុញ្ញ គឺជារបៀបវារៈទី៣ ក្នុងចំណោមរបៀបវារៈ ចំនួន៦ ដែលសភា នឹងបើកសម័យប្រជុំ លើកទី៣ នីតិកាលទី៥ នៅ ម៉ោង ៨ ព្រឹក ក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ៕