បណ្តាញសង្គម

តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទាក់​ទាញ​​ទេសចរ​ក្នុងស្រុក​ខ្លាំង​ខណៈ​តំបន់​វប្បធម៌​មានការ​ធ្លាក់​ចុះ

រាជធានីភ្នំពេញ៖អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍និងជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាសង្កេតឃើញថាតំបន់រមណីយដ្ឋានធម្មជាតិបាននឹងកំពុងទទួលទេសចរក្នុងស្រុកទៅទស្សនៈកម្សាន្តមានការកើនឡើងកាន់តែច្រើន ខណៈតំបន់ទេសចរបែបវប្បធម៌មានការថមថយនូវចំនួនភ្ញៀវទេសចរ។

 

លោក ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមានប្រសាសន៍ថា តាមសង្កេតយើងឃើញថាភ្ញៀវទេសចរក្នុងស្រុកមានការកើនឡើងនាពេលថ្មីៗនេះគឺមាននៅតាមតំបន់រមណីយដ្ឋានធម្មជាតិ មិនមែននៅតាមតំបន់វប្បធម៌នោះទេ ។

យើងឃើញថាមានការកើនឡើងមែន ដោយប្រជាពលរដ្ឋសព្វថ្ងៃ ចូលចិត្តទៅកន្លែលវាលៗ មានទេសភាពស្អាតៗ តំបន់ថ្មី ជាតំបន់ភ្នំ កន្លែងមានទឹកធ្លាក់ជាដើម»។

លោកជំទាវ «បន្តថាតំបន់រមណីយដ្ឋានធម្មជាតិ យើងឃើញមាននៅខេត្តកំពង់ស្ពឺនិងខាងភូមិភាគឦសាន្ត។នៅខេត្តកំពង់ស្ពឺឃើញមានរមណីយដ្ឋានភ្នំខ្នងផ្សារ ប្រជាពលរដ្ឋសម្រុកទៅច្រើនដោយសារមានទេសភាពទាក់ទាញ តំបន់សមុទ្រ ដោយឡែកនៅតាមតំបន់វប្បធម៌អត់សូវមានប្រជាពលរដ្ឋទៅកម្សាន្តទេ»។

លោកជំទាវ លើកឡើងថា ស្ថិតក្នុងកាលៈទេសៈសព្វថ្ងៃនេះ បើយើងយកតំបន់ទេសចរណ៍ធម្មជាតិយកមករៀបចំឱ្យមានផ្លូវថ្នល់ចូលទៅដល់ មានសហគមន៍នៅចាំផ្តល់សេវាផ្សេងៗ អាចនឹងអាចទាក់ទាញបានភ្ញៀវទេសចរបានច្រើនថែមទៀត។ឥលូវនេះប្រជាពលរដ្ឋគាត់កំពុងសម្លឹងហើយថាគាត់ត្រូវទៅកម្សាន្តកន្លែងណា ព្រោះគាត់ចេញទៅខាងក្រៅអត់កើតនោះទេ អីចឹងអ្វីដែលគាត់អាចធ្វើបានគឺនាំក្រុមគ្រួសារទៅមើលឬទៅកម្សាន្តនៅតំបន់មានសក្តានុពលទេសចរនៅកម្ពុជា។

ពាក់ព័ន្ធវិស័យទេសចរណ៍ឬភ្ញៀវទេសចរក្នុងស្រុកនេះ បើតាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ក្នុងខែកក្កដា ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ម៉ឺននាក់ កើនឡើង១៥% បើប្រៀបធៀបនិងខែមិថុនា ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា« សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%»។

បើតាមលោករដ្ឋមន្ត្រី ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃក្នុងមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃ ខណៈដែលអាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ។

ប៉ុន្តែចំនួនភ្ញៀវហាក់មានភាពថមថយនៅសប្តាហ៍ចុងក្រោយនៃខែកក្កដានេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ព្រមជាមួយពត៌មាននៃការផ្ទុះឡើងវិញមួយចំនួននៃជំងឺកូវីដ១៩ នៅប្រទេសជិតខាង។

នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានការយកចិត្តទុកដាក់ខិតខំជំរុញការអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការចុះណែនាំ និងតាមដានការអនុវត្តជាប្រចាំពីគណៈអភិបាលខេត្ត និងមន្ទីរជំនាញ៕

ដកស្រង់ពី៖ កោះសន្តិភាព